សហរដ្ឋអាម៉េរិកដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុង ហើយចោទចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនៅថ្ងៃពុធនេះបានដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុងនៅក្រោមច្បាប់របស់ខ្លួន ដើម្បីឆ្ពោះរកការលុបចោលវិញនូវសិទ្ធិពិសេស សម្រាប់ធ្វើពាណិជ្ជកម្មរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ ក្រោយសហរដ្ឋអាម៉េរិកចោទប្រកាន់ចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។

បច្ចុប្បន្នសហរដ្ឋអាម៉េរិកបានផ្តល់ឲ្យទីក្រុងហុងកុង នូវឋានៈពិសេសជាជាមជ្ឈ មណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មសកល ក្រោមច្បាប់របស់សហរដ្ឋអាម៉េរិកផ្ទាល់ តាំងពីដែនដីនេះស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស ។ ប៉ុន្តែកាលពីឆ្នាំមុន ឋានៈពិសេសនេះ ត្រូវបានសហរដ្ឋអាម៉េរិកកំណត់លក្ខខណ្ឌថែមពីលើ គឺទាល់តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ទីក្រុងហុងកុងនៅតែរក្សាស្វ័យ ភាពក្នុងកម្រិតខ្ពស់គ្រប់គ្រាន់ពីប្រទេសចិន ទើបអាចបន្តទទួលបានសិទ្ធិពិសេសមួយនេះពីសហរដ្ឋអាម៉េរិក ។

សូមជម្រាបថា ការដកហូតឋានៈខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រមុខការទូតអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសជាផ្លូវការថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យភាពពីចិនដីគោកទៀតហើយ បន្ទាប់ទីក្រុងប៉េកាំងបោះជំហានទៅរកការអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីអនុវត្តលើទីក្រុងហុងកុង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner