ពន្លកសិល្បៈចម្រៀង ឈយ ពស៊ាង ក្រៅពីទេពកោសល្យធម្មជាតិ ការហ្វឹកហាត់ជំនាញបន្ថែមនឹងក្លាយជាអ្នកចម្រៀងអាជីព

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ យុវជន ឈយ ពស៊ាង ជាអ្នកចម្រៀង Original Song ក្នុងស្រទាប់យុវវ័យ និងជាម្ចាស់បទ “រាស្រ្តសាមញ្ញ” កំពុង​ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន តាមរយៈសមត្ថភាពច្រៀង​និងលេងតន្ត្រីបានយ៉ាងស្ទាត់ជំនាញ។ អ្នកចម្រៀងស្រករក្រោយរូបនេះ បានឱ្យដឹងថា ទេពកោសល្យពីធម្មជាតិតែមួយមុខមិនគ្រប់គ្រាន់ទេក្នុងការបង្កើតស្នាដៃចម្រៀងថ្មីៗ​ ដើម្បីទាក់ទាញចិត្តអ្នកគាំទ្រ ប៉ុន្តែត្រូវហ្វឹកហាត់សិក្សានិងរៀនចំណេះដឹងថ្មីបន្ថែមទៀត ទើបគោលដៅជីវិតក្លាយជាអ្នកចម្រៀងអាជីពសម្រេចបានពិតប្រាកដ។

មានក្ដីស្រមៃតាំងពីតូចចង់ក្លាយជាអ្នកចម្រៀង ឈយ ពស៊ាង បានចាប់ផ្ដើមរៀនច្រៀងតាំងពីអាយុប្រាំបីឆ្នាំ រហូតទទួលបានអាហារូបករណ៍សិក្សានៅសាលាតន្រ្តីមួយនៅរាជធានីភ្នំពេញ។ ស្របពេលកំពុងសិក្សា ពស៊ាង ចាប់ផ្ដើមហ្វឹកហាត់សរសេរចម្រៀង ដោយយកសាច់រឿងផ្ទាល់ខ្លួនបញ្ចូលមនោសញ្ចេតនាទៅក្នុងបទភ្លេងរបស់អ្នកចម្រៀងផ្សេងៗ។ “កាលដើមឡើយ ខ្ញុំមិនទាន់ចេះនិពន្ធបទភ្លេងដោយខ្លួនឯងនៅឡើយ តែដោយការស្រលាញ់ចម្រៀង ខ្ញុំបានយកបទចម្រៀងមួយដែលខ្ញុំស្រឡាញ់ មកច្រៀងដោយតែទំនុកច្រៀងដោយខ្លួនឯង”។ 

យុវជន ឈយ ពស៊ាង បានបន្តថា បទ “ថែខ្លួនណា” ជាបទចម្រៀងយកសាច់ភ្លេងដើមពីអ្នកចម្រៀងថៃម្នាក់ ច្រៀងឡើងវិញជាភាសាខ្មែរ​។ ពស៊ាង ៖ “ខ្ញុំអត់បានរំពឹងថានឹងទទួលបានការគាំទ្រច្រើនបែបនេះទេ ព្រោះខ្ញុំច្រៀងបទនេះដោយសារតែស្រឡាញ់ តែការគាំទ្រទាំងអស់នោះហើយជាកម្លាំងចិត្តដែលជំរុញឱ្យខ្ញុំខិតខំប្រឹងពង្រឹងសមត្ថភាព ហើយនិពន្ធបទចម្រៀងដោយខ្លួនតែម្ដង”។

ពេលទំនេរពីការសិក្សា ពស៊ាង តែងមើលវីដេអូតែងនិពន្ធ សុំមតិយោបល់ណែនាំពីអ្នកមានអាជីពដូចគ្នា​ លោកគ្រូអ្នកគ្រូ និងចូលរួមសិក្ខាសាលាផ្សេងៗ ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែម។ យុវជន​មានដើមកំណើតក្នុងទឹកដីអង្គរ ខេត្តសៀមរាបរូបនេះ បានលើកឡើងថា “សមត្ថភាពធ្វើអ្វីមួយពីកំណើតមិនគ្រប់គ្រាន់នោះទេ មនុស្សត្រូវតាំងចិត្ត និងអភិវឌ្ឍន៍ចំណេះដឹងបន្ថែមជានិច្ច”។

ដើម្បីសម្រេចក្ដីសុបិនក្លាយជាអ្នកចម្រៀងអាជីពម្នាក់នៅថ្ងៃអនាគត ពន្លកអ្នកសិល្បៈចម្រៀងរូបនេះ ​បានចូលខ្លួនប្រកួតសមត្ថភាពច្រៀងក្នុងកម្មវីធី Cambodian idol និង X Factor Cambodia ក្នុងទូរទស្សន៍មួយ ដោយយកបទចម្រៀងនិពន្ធខ្លួនឯងផ្ទាល់។ ពេលនេះ ពស៊ាង បាននិពន្ធបទចម្រៀង និងច្រៀងដោយខ្លួនឯងបានបទចម្រៀងប្រាំមួយបទ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវវ័យ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner