ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានណែនាំ ដល់ក្រុមងារបក្ស ត្រូវបន្តពង្រឹង សាមគ្គីភាព ផ្ទៃក្នុងបក្ស ចុះជួយមូលដ្ឋានតាមមុខសញ្ញា, ពង្រឹងបរិមាណសមាជិកបក្សដោយឈរលើ ទស្សនៈ “ពង្រឹងចាស់ បង្កើតថ្មី”
កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៏ស្តីពីសភាពការណ៏ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅបន្តឆ្នាំ ២០២១ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានរៀបចំធ្វើនៅសួនគ្រញូងនគរបាជ័យ ខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ មករា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ណេង អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ។
ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្ត បានឡើងអានរបាយការណ៏ ស្តីពីរបាយការណ៏ស្តីពីសភាពការណ៏ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅបន្តឆ្នាំ២០២១ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្ត ពាក់ព័ន្ឋនឹងការងារប្រយុទ្ឋប្រឆាំងជម្ងឺកូវីដ១៩, ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម, គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៏ និងជីវភាពរស់នៅរបស់ប្រជាជន និងការពង្រឹកពង្រីកសមាជិកបក្សនៅក្នុងខេត្តកំពង់ចាម។ ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ថា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានឡើងអានរបាយការណ៏ ការងារគណបក្សឆ្នាំ២០២០ និងទិសដៅបន្តឆ្នាំ២០២១ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានស្ថានការណ៏នយោបាយជាតិ អន្តរជាតិ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៃមហាអំណាច ស្ថានភាពរាតត្បាតនៃជម្ងឺកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ និងពិភពលោក, កិច្ចសហប្រតិបតិ្តការក្នុងមហាអនុតំបន់ទន្លេមេគង្គ និងភាពតានតឹងនៅតំបន់អាហ្វ្រិច មជ្ឈឹមបូព៌ា។ល។ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៏ថា អនុលោមតាមសភាពការណ៏ជាក់ស្តែងរបស់ប្រទេសជាតិ និងប្រកាន់ខ្ជាប់ទង់បង្រួបបង្រួមជាតិ រក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៏លើគ្រប់វិស័យ, គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវបាវចនា២ គឺ “កែទម្រង់ពីខាងក្នុង និងបង្កើនមិត្តពីខាងក្រៅ ព្រមទាំងឈរលើស្មារតី និងអភិក្រម ៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់”។ ឯកឧត្តមបញ្ជាក់ថា ក្នុងឆ្នាំ២០២០, កម្ពុជា បានឆ្លងកាត់ព្រឹត្តិការណ៏ជាច្រើន ទាំងភាពអនុគ្រោះផង និងស្មុគស្មាញផង ប៉ុន្តែយើងនៅតែសម្រេចបានភារកិច្ច និងទិសដៅការងារលើវិស័យជាច្រើន ពិសេសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ទោះបីជាមានព្រឹត្តិការណ៏ ៣វិច្ចិការ និង២៨វិច្ចិកា ឆ្នាំ២០២០ ដែលជាការឆ្លងចូលដល់កម្រិតសហគមន៏ក៏ដោយ។ ជាមួយនោះ យើងនៅតែបន្តរក្សាបាននូវលំនឹងអាជីវកម្ម ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ការជួយទំនប់បំរុងដល់ជនដែលងាយរងគ្រោះដោយជម្ងឺកូវីដ១៩ ធានាបាននូវជីវភាពរស់នៅមានស្ថិរភាព ហើយសកម្មភាពសេដ្ឋកិច្ចសង្គមនៅតែបន្តនិរន្តរភាព។ ដើម្បីជាទុនក្នុងការអនុវត្តទិសដៅការងារគណបក្សខេត្តកំពងចាម ក្នុងឆ្នាំ២០២១, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវការណែនាំមួយចំនួន រួមមាន៖ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្ស ចុះជួយមូលដ្ឋានតាមមុខសញ្ញា, ពង្រឹងបរិមាណសមាជិកបក្សដោយឈរលើទស្សនៈ “ពង្រឹងចាស់ បង្កើតថ្មី” និងពង្រឹងការចិញ្ចឹមចលនា, ចុះធ្វើវេទិកាសាធារណៈ, លើកកម្ពស់ការចូលរួមរបស់យុវជនន, បន្តកសាង និងពង្រឹងគណបក្សគ្រប់ថ្នាក់ដោយឈរលើទស្សនៈ សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ, បន្តកសាង និងពង្រីកអង្គការចាត់តាំងគណបក្សនៅតាមមូលដ្ឋាន និងផ្សព្វផ្សាយឲ្យប្រជាជនបានដឹងពីសមិទ្ឋផលរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន, ។ ក្រុមការងារគណបក្សចុះជួយខេត្ត ក្រុង ស្រុក ឃុំ ត្រូវយល់ឲ្យច្បាស់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចរាជរដ្ឋាភិបាល ពិសេសត្រូវចាំនូវអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងធ្វើឲ្យជីវភាពប្រជាពលកាន់តែប្រសើរឡើង៕ ជា សេឌី