គំនិតច្នៃប្រឌិតជាជំនាញទន់ប្រើប្រាស់ចំាបាច់ក្នុងការរស់នៅប្រចាំថ្ងៃ
ការអប់រំ ៖ គំនិតច្នៃប្រឌិត ឬជាភាសាអង់គ្លេសហៅថា Creative Idea ជាសមត្ថភាពកើតចេញពីចរឹតលក្ខណៈផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ គ្រប់គ្នាសុទ្ធតែមានគំនិតច្នៃប្រឌិត អាចតិចឬច្រើនអាស្រ័យលើទេពកោសល្យនិងសមត្ថភាពរបស់ខ្លួន។ គំនិតច្នៃប្រឌិតប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហា និងប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ព្រមទាំងពង្រឹងលទ្ធភាពការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ និយាយឱ្យសាមញ្ញការគិតស្រមើស្រមៃដើម្បីបង្កើតអ្វីមួយថ្មីដែលពុំធ្លាប់មាន ឱ្យលេចចេញជាប្រយោជន៍អ្វីមួយ ក៏អាចចាត់ទុកជាគំនិតច្នៃប្រឌិតដែរ។
តាមបទពិសោធធ្វើការក្នុងវិស័យថតរូប និងផលិតវីដេអូ យុវជន សុង សៀកឡេង បានឱ្យដឹងថា គំនិតច្នៃប្រឌិតកើតឡើងពីអ្វីៗដែលមាននៅជុំវិញខ្លួន រាប់ទាំងការប្រើប្រាស់បណ្ដាញសង្គម ទទួលព័ត៌មានផ្សេងៗ មើលកម្មវិធីច្នៃប្រឌិត Pinterest, Instagram និង YouTube ជាដើម។
សៀកឡេង បានបន្តថា “ពេលខ្លះគំនិតច្នៃប្រឌិតរបស់ខ្ញុំបានមកពីមើលភាពយន្ត ! ខ្ញុំបានចំណាយពេលមើលភាពយន្ត និងស្ដាប់ចម្រៀង ជាពិសេសមើលវីដេអូណាដែលមានគំនិតច្នៃប្រឌិតប្លែកៗស្រាប់ អាចជួយឱ្យខ្ញុំរកនឹកឃើញគំនិតថ្មីៗបាន”។
គំនិតច្នៃប្រឌិតទាមទារឱ្យមនុស្សចេះពិចារណាស៊ីជម្រៅ ឬបង្កើតជាសិល្បៈដោះស្រាយថ្មីៗដែលឆ្លើយតបនឹងបញ្ហាអ្វីមួយជាក់លាក់។ សម្រាប់យុវជន ឈយ ពស៊ាង ជាតន្រ្តីករ និងអ្នកនិពន្ធចម្រៀងម្នាក់ យល់ថា គំនិតច្នៃប្រឌិតក្នុងស្នាដៃសិល្បៈអាចទាក់ទាញចិត្តអ្នកគាំទ្រលឿនរហ័សបំផុត។ ពស៊ាង បានប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន គួបផ្សំចំណង់ចំណូលចិត្តមានពីធម្មជាតិ បង្កើតស្នាដៃចម្រៀងក្នុងទម្រង់ចម្រៀងផលិតដោយខ្លួនឯង (Original songs) មានដូចជាបទរាស្រ្តសាមញ្ញ និងបទអង្វរតេជគុណ ជាចម្រៀងសាច់រឿងបែបបុរាណ។
“គំនិតច្នៃប្រឌិតមិនគិតចំពោះតែគំនិតដែលថ្មីអស្ចារ្យពុំធ្លាប់មាននោះទេ តែវាជាការប្រឌិតឡើងនូវអ្វីដែលមានស្រាប់ ការកែច្នៃគំនិតចាស់ ឬគំនិតច្រើនចូលគ្នាបង្កើតជាអ្វីមួយដែលប្លែក ដែលគួរឱ្យចាប់ចិត្ត… ពេលដែលធ្វើអ្វីមួយដែលយើងស្រឡាញ់ នោះយើងនឹងព្យាយាមគិតរិះរកគ្រប់មធ្យោបាយល្អៗ ដើម្បីកែច្នៃអ្វីដែលធ្វើនោះឳ្យកាន់តែល្អជាងមុន” ឈយ ពស៊ាង។
តាមការស្រាវជ្រាវបង្ហាញថា ការស្រមើស្រមៃដាច់តែឯង ការធ្វើការងារជាក្រុម ជាគន្លឹះគោលនៃការស្វែងរកនិងបង្កើតគំនិតច្នៃប្រឌិត។ គំនិតថ្មីៗជាច្រើនកើតឡើងនៅពេលដែលអ្នកបង្កើតមានគំនិតបញ្ចូលគ្នា។ ជានិស្សិតឆ្នាំទីពីរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវជន ថុន គឹមហេង ក៏យល់ឃើញដែរថា គំនិតច្នៃប្រឌិត មិនត្រឹមតែជួយដល់ការសិក្សាប៉ុណ្ណោះទេ តែថែមទាំងប្រើប្រាស់បានគ្រប់កាលៈទេសៈក្នុងការរស់នៅប្រចាំថ្ងៃ។
គំនិតច្នៃប្រឌិតមាននៅគ្រប់ទីកន្លែង ប៉ុន្តែវាមិនអាចកើតឡើងស្រួលពេកនោះទេ ប្រសិនបើមនុស្សមិនមានមូលដ្ឋានក្នុងការគិតពិចារណា។ ប្រសិនបើសិស្ស-និស្សិតយកចិត្តទុកដាក់ផ្ដោតទៅលើការសិក្សាតែមួយមុខ នោះគំនិតច្នៃប្រឌិតជាច្រើននឹងកើតមានជួយដល់ការសិក្សារបស់ពួកគេ។ ជាក់ស្ដែងដូចជា ការរៀនភាសាបរទេស តម្រូវឱ្យសិស្សទៅរៀននៅសាលា តែបើគាត់មានភាពច្នៃប្រឌិត គាត់អាចរៀនដោយខ្លួនឯង ដូចជាតាមរយៈការមើលវីដេអូ ស្ដាប់ចម្រៀង មើលភាពយន្ត ឬស្តាប់ការសន្ទនាជាភាសាបរទេសនោះជាដើម៕