អាជ្ញាធររាជធានី គ្រោងនឹងកសាងស្ថានីយបូមទឹកថ្មីមួយកន្លែងទៀតនៅទួលពង្រ ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុង ទំហំទទឹង៨ម៉ែត្រ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងកសាងស្ថានីយបូមទឹកថ្មីមួយកន្លែងទៀតនៅទួលពង្រ ដែលមានឈ្មោះថា“ស្ថានីយបូមទឹកទួលពង្រ” ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឱ្យបានទំហំទទឹង៨ម៉ែត្រ ដើម្បីរំដោះទឹកនៅតំបន់ជាយក្រុងពិសេស នៅខណ្ឌដង្កោ ខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យ។ គម្រោងខាងលើនេះបានលើកឡើង នៅក្នុងអង្គប្រជុំពិភាក្សាមួយ ដើម្បីរំដោះទឹកនៅរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង៣ និងមន្ត្រីជំនាញកាលពីរសៀលថ្ងៃទី០២ កុម្ភៈនេះ នៅសាលារាជធានី ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋបានបញ្ជាក់ថា ជាគម្រោងដែលយើងបានសិក្សារួច គឺរដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវស្ថានីយបូមទឹកថ្មីមួយកន្លែងទៀតនៅទួលពង្រ ដែលមានឈ្មោះថា ស្ថានីយបូមទឹកទួលពង្រ ជាមួយនិងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឱ្យបានទំហំទទឹង៨ម៉ែត្រនៅទីតាំងចាំបាច់។
លោកបន្តថា ស្ថានីយបូមទឹកទួលពង្រ នេះមានម៉ាស៊ីនបូមទឹក ចំនួន៣គ្រឿង ដែលអាចរំដោះទឹកបាន នៅតំបន់ទួលពង្រ ត្រពាំងថ្លឹង និងតំបន់ជុំវិញ។ គម្រោងនេះនឹងបើកការដ្ឋាននៅចុងខែ កុម្ភៈនេះ ហើយគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២១ បើសិនយើងមានថវិកាគ្រប់គ្រាន់និងមានការឯកភាពពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្រៅពីគម្រោងកសាងស្ថានីយបូមទឹកទួលពង្រ ជាការងារចំពោះមុខ យើងត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុង ឲ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ។
ឯកឧត្តម ឃួង ស្រេងបានបញ្ជាក់ឲ្យដឹងថា ចំពោះការងារ ពាក់ព័ន្ធនិងការងាររំដោះទឹក យើងត្រូវតែធ្វើហើយ ទាំងការស្តារប្រឡាយអោយបានធំរហូតដល់៨ម៉ែត្រ និងការងារស្ថាបនាស្ថានីយបូមទឹកទួលពង្រជាដើម។ អ្វីដែលសំខាន់នោះគឺបញ្ហាថវិកា ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងត្រូវតែប្រឹងប្រែង ជាមួយនិងការគៀងគរពីបងប្អូនប្រជាពលរដ្ឋពិសេសម្ចាស់បុរីធំៗអោយចូលរួម ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ដើម្បីអោយការងារខាងលើនេះដំណើរការទៅដោយរលូននិងលឿនទាន់ពេលវេលានោះ នៅថ្ងៃសៅរ៍នាចុងសប្តាហ៍នេះ ឯឧនឹងអញ្ចឹញចុះទៅពិនិត្យប្រឡាយនិងទីតាំងខាងលើដោយផ្ទាល់តែម្តង ដើម្បីជម្រុញការងារនេះអោយបានលឿនទាន់រដូវប្រាំងងាយស្រួលធ្វើការ ដើម្បីបញ្ចៀសនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នារដូវវស្សាខាងមុខ៕ សម្បត្តិ