ឯកឧត្ត សំ សារ៉ាត បញ្ជាក់ថា ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យ ទាមទារការឆ្លើយតបពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់
សិក្ខាសាលាស្តីពី “បណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា និងការប្រគល់ពានរង្វាន់ជូនក្រុមហ៊ុន Danish Care Food (DCF) ត្រូវបានរៀបចំធ្វើនៅសណ្ឋាគារភ្នំពេញ នៅព្រឹកថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទលោកស្រី Claire Conan តំណាង និងជានាយិកាកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា, ។
លោកស្រី Claire Conan មានប្រសាសន៏ថា បណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភ គឺជាចង្កោមនៃចលនាធុរកិច្ច និងជាការផ្តួចផ្តើមរបស់វិស័យឯកជនឈានមុខលើពិភពលោកដែលផ្តោតលើអាហារូបត្ថម្ភ ជាមួយទស្សនៈវិស័យ “ សកម្មភាព និងដំណោះស្រាយទីផ្សាផ្តោតសំខាន់លើការកាត់បន្ថយកង្វះអាហារូបត្ថម្ភ។ សមាជិកបណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភ ប្តេជ្ញាធ្វើសកម្មភាព, វិនិយោគ និងច្នៃ ប្រឌិតដើម្បីកែលម្អរអាហារូបត្ថម្ភ។ តាមរបាយការណ៏របស់គណៈកម្មការអភិវឌ្បន៏ប្រកបដោយចិរភាព និងធុរកិច្ច បានបង្ហាញថា ទុនវិនិយោគប្រចាំឆ្នាំរបស់វិស័យឯកជនលើផ្នែកកសិកម្ម និងអាហារ មានចំនួន៣២០ ពាន់លានដុល្លា ហើយអាចកើនដល់២.៣ ពាន់ពាន់លានដុល្លា នៅឆ្នាំ២០៣០។
ឯកឧត្តម សំ សារ៉ាត មានប្រសាសន៏ថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺ៖ ទី១.ដើម្បីពិភាក្សាពិគ្រោះយោបល់ជាមួយវិស័យឯកជនដើម្បីប្រមូលធាតុចូលធ្វើជាមូលដ្ឋានក្នុងការរៀបចំបង្កើត បណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា និងការត្រៀមរៀបចំយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំនៃចលនានេះ, ទី២.ដើម្បីអបអរដល់ជោគជ័យដ៏ត្រចះត្រចង់របស់ក្រុមហ៊ុន Danish Care Foods របស់កម្ពុជាដែលបានឈ្នះជើងឯករង (លេខ២)ក្នុងកម្មវិធីប្រកួតប្រប្រជែងជាលក្ខណៈអន្តរជាតិដែលរៀបចំដោយ បណ្តាញ ធុរកិច្ចនៃចលនាអាហារូបត្ថម្ភពិភពលោក នៅប្រទេសសឹង្ហបុរី កាលពីពេលថ្មីៗនេះ។ យើងជឿជាក់យ៉ាងមុតមាំថា ជោគជ័យនេះ នឹងជួយជំរុញលើកទឹកចិត្តដល់វិស័យឯកជនក្នុងការលើកកម្ពស់ការអភិវឌ្ឍ ការច្នៃប្រឌិតផលិតផលថ្មីៗដែលមានតម្លៃសមរម្យ មានសុវត្ថិភាព មានអាហារូបត្ថម្ភល្អ និងជំរុញការលើកកម្ពស់អាហារូបត្ថម្ភនៅប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតាមសំណើរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដោយចូលជាសមាជិកទី៥៣ របស់ចលនាបង្កើនអាហារូបត្ថម្ភពិភពលោក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ ។
ឯកឧត្តមបញ្ជាក់ថា ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យ ទាមទារការឆ្លើយតបពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលត្រូវការនូវយន្តការសម្របសម្រួល , ហិរញ្ញវត្ថុសមស្រប , ធនធានមនុស្សគ្រប់គ្រាន់ , ឯកសារគោលនយោបាយ‑យុទ្ធសាស្រ្តនានាច្បាស់លាស់ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា ដើម្បីធានាឱ្យមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់អនុវត្តផែនការសកម្មភាពនៃចលនាបង្កើនអាហារូបត្ថម្ភពិភពលោក ដ៏សំខាន់នេះ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាខិតខំសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងការ “បញ្ចប់ភាពអត់ឃ្លាន,សម្រេចបានសន្តិសុខស្បៀង និងកែលម្អអាហារូបត្ថម្ភ និងលើកកម្ពស់វិស័យកសិកម្មឲ្យមាននិរន្តរភាព” តាមរយៈផែនការសកម្មភាពជាតិ ស្តីពីគំនិតផ្តួចផ្តើមសម្រាប់កាត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យនៅកម្ពុជា ២០១៦ ‑២០២៥ យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ និងដាក់ចេញនូវវិធានការគោលនយោបាយ សកម្មភាព អាទិភាពនានាមួយចំនួនទៀត ដើម្បីបង្កើនល្បឿននៃកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា៕ ជា សេឌី
![](https://asset.ams.com.kh/central/media/2021/02/photo_2021-02-04_17-12-05-1024x577.jpg)