រដ្ឋលេខាធិការក្រសួងកសិកម្៖ ដើម្បី​សម្រេច​បាននូវទស្សនវិស័យជលផល និងកំណែទម្រង់​ស៊ីជម្រៅវិស័យ​នេះ ការងារអភិរក្សធនធាន​ជលផល ជាកិច្ចការបន្ទាន់ចាំបាច់ត្រូវតែ​អនុវត្តផងដែរ ​

អត្ថបទដោយ៖
ជា សេឌី

នៅរដ្ឋបាលជលផល ព្រឹកថ្ងៃទី០៤ ខែកុម្ភះ ឆ្នំា២០២១ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងវិស័យជលផល ឆ្នំា២០២០ និងទិសដៅវិធានការឆ្នំា២០២១ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ  តំណាងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានលើកឡើងថា ជារៀងរាល់ឆ្នាំរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែអនុញ្ញតឲ្យរដ្ឋបាលជលផលរៀបចំប្រជុំបូកសរុបសភាពការណ៍វិស័យជលផល ដែលបានអនុវត្តក្នុងឆ្នាំកន្លងមក និងទិសដៅអនុវត្តបន្ត ដោយផ្អែកលើលទ្ធផលដែលទទួលបាន នឹងឆ្លុះបញ្ចាំងនូវចំណុចខ្វះខាតក្នុងឆ្នាំកន្លងមក។ ឯកឧត្តមបន្តថា កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ ក្នុងពិធីសំណេះសំណាលជាមួយវារីវប្បករ និងកសិកម្ម នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានមានប្រសាសន៍ពាក់ព័ន្ធនឹងការជំរុញកំណើនផលិតកម្មនារីវប្បកម្ម លើការចិញ្ចឹម គន្ធាយ កង្កែប ត្រីទីឡាប់យ៉ា ត្រីអណ្ដែង ហើយរដ្ឋបាលជលផលត្រូវផ្ដល់បច្ចេកទេសវារីវប្បកម្ម និងជួយសម្របសម្រួលរកទីផ្សារ។   ទន្ទឹមនេះ រៀងរាល់ពេលប្រារព្ធទិវាមច្ឆាជាតិ ១កក្កដា សម្ដេចតេជោ បានផ្ដល់អនុសាសន៍ដ៏ថ្លៃថ្លាពាក់ព័ន្ធការគ្រប់គ្រងអភិវឌ្ឍវិស័យជលផលដែលទាក់ទងដល់ការបង្ក្រាបបទល្មើសជលផល ការប្រើប្រាស់ឧបករណ៍នេសាទ ស្បៃមុង  ឧបករណ៍ឆក់ត្រីការគ្រប់គ្រងកន្លែងអភិរក្សធនធានជលផល  ការរៀបចំនិងគ្រប់គ្រងពង្រឹងសហគមន៍នេសាទ   ការជំរុញការអភិវឌ្ឍវារីវប្បកម្ម  ការថែរក្សាការពារព្រៃលិចទឹក និងព្រៃកោងកាង។

ឯកឧត្តមហាស់ សារ៉េត បានឲ្យសកម្មភាពនេះនៅតែបន្តជារៀងរហូត ហើយជាប្រចាំ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងមានវិធានការធ្វើយ៉ាងណាឱ្យចំនួនបទល្មើសនេសាទត្រូវថយចុះជាអតិបរមា និងស្របតាមទស្សនវិស័យ សម្រាប់វិស័យជលផល ដែលបានចែងច្បាស់ថា៖ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ  ការរីកចម្រើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍប្រទេសជាតិ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍ វិស័យជលផលឆ្នាំ ២០១៥-២០២៥ ។ ឯកឧត្តមបន្តថា ដើម្បីសម្រេចបាននូវទស្សនវិស័យជលផល និងកំណែទម្រង់ស៊ីជម្រៅវិស័យជលផលខាងលើ ការងារអភិរក្សធនធានជលផល ក៏ជាកិច្ចការបន្ទាន់ចាំបាច់ត្រូវអនុវត្តផងដែរ ក្នុងនោះមានការអភិរក្សអន្លង់ត្រីមេពូជនៅតំបន់ទន្លេមេគង្គលើ  តំបន់បឹងទន្លេសាប តំបន់     សមុទ្រ និងកន្លែងផ្សេងៗទៀត។ ម្យ៉ាងទៀតកន្លងមកមានចលនាកាប់ទន្ទ្រានព្រៃលិចទឹក និងព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិបានកើតឡើងដែលធ្វើឲ្យវិនាសអន្តរាយត្រី ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានជលផលធម្មជាតិផងដែរ។ ហេតុដូចនេះសូមឱ្យឯកឧត្តម លោក លោកស្រី យកចិត្តទុកដាក់ពិភាក្សាឱ្យបានល្អិតល្អន់ដើម្បីដាក់ចេញនូវវិធានការជាបន្ទាន់សំដៅបង្ក្រាបឲ្យខានតែបាន និងមានប្រសិទ្ធភាពខ្ពស់។ សរុបសេចក្តីមក ដើម្បីការធានាការគ្រប់គ្រងវិស័យជលផលមាននិរន្តរភាព  យើងនៅមានកិច្ចការជាច្រើនទៀតត្រូវបន្តធ្វើ  ហើយក៏នឹងមានការលំបាកជាច្រើនទៀតដែលត្រូវប្រឈមមុខ នឹងខិតខំដោះស្រាយ។ ដូច្នេះការជួបប្រជុំគ្នានាពេលនេះគឺជាឱកាសដ៏ល្អបំផុត ដើម្បីពិភាក្សារកដំណោះស្រាយដោយរៀនសូត្រយកបទពិសោធន៍ពីគ្នាទៅវិញ ទៅមកសម្រាប់យកទៅអនុវត្តន៍ដោយទទួលបានប្រសិទ្ធភាពខ្ពស់៕ ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner