លោកជំទាវម៉ែន សំអន ប្រារព្ធពិធីបួងសួងថ្វាយគ្រឿងសក្ការៈ នៅពុទ្ធគីរីកម្ពុជាសុំសេចក្តីសុខចូលមានដល់ប្រជាពលរដ្ឋទូទាំងប្រទេសបញ្ជៀសជម្ងឺកូវិត១៩
តាកែវ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានប្រារព្ធពិធីបួងសួងអុជធូបថ្វាយគ្រឿងសក្ការៈ ដើម្បីសុំសេចក្តីសុខសប្បាយចូលមានដល់ប្រជាជនទទាំងប្រទេស និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលពិធីប្រារព្ធឡើងនៅពុទ្ធគីរីកម្ពុជា ដែលមានបារមីនៃព្រះសម្មាសម្ពុទ្ធ ៨៤០០០អង្គស្ថិត នៅ ក្នុង ឃុំ ត្រពាំងក្រញ៉ូងស្រុកត្រាំងកក់ខេត្តតាកែវនារសៀលថ្ងៃ ទី២៣ ខែឧសភាឆ្នាំ២០២០ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកស្រីម៉ែន ភក្តីហុកឡង់ឌី និងសហការីអមដំណើរបានបួងសួងដល់បារមីនៃព្រះសម្មាសមពុទ្ធ ៨៤០០០អង្គនៅពុទ្ធគីរីកម្ពុជាជួយបណ្តេញជម្ងឺកូវីដ ១៩ ឲ្យចេញអស់ពីកម្ពុជា និងពិភពលោកពិសេសថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកស្រីម៉ែន ភក្តីហុកឡង់ឌី បានបួងសួងសូមឲ្យប្រទេសជាតិរួចផុតពី ជម្ងឺដង្កាត់ ជម្ងឺកូវីដ-១៩ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្តរ៍សម្រាប់ប្រទេសកម្ពុជាទាំងមូល។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរដល់លោកតាជី លោកយាយជី ពុទ្ធបរិស័ទជិតឆ្ងាយត្រូវចេះថែរក្សាអនាម័យ ថែរក្សាសុខភាព និងអនាម័យផ្ទាល់ខ្លួនស្របពេលដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនូវជម្ងឺកូវីដ ១៩ ជាពិសេស ត្រូវអនុវត្តន៍ឲ្យបាននូវការដាក់ខ្លួនដោយឡែក ១៤ថ្ងៃ នៅពេលដែលមានបងប្អូនត្រលប់មកពីធ្វើការក្រៅប្រទេស និងត្រូវចេះរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ដែលជាមរតកក្នុងតំបន់ពុទ្ធគីរីកម្ពុជាឲ្យបានគង់វង្សសម្រាប់ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិចូលរួមគោរពប្រតិបត្តិជាទីសក្ការៈបូជា ជានិច្ចនិរន្តរ៍តរៀងទៅ៕ធ.ដ