សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព”

 

សៀមរាប៖ លេខាធិការដ្ឋាន នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំ សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) លោក លោកស្រី តំណាងអគ្គនាយកដ្ឋានកសិកម្ម តំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការ នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)  អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ក្នុងខេត្តសៀមរាប សរុបចំនួនជាង១០០នាក់។

 

       ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានលេខាធិការដ្ឋានប្រព័ន្ធស្បៀងបំរុងកម្ពុជា លើកឡើងថា ការអនុវត្តគម្រោងនេះ គឺជាទស្សនវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដល់ការលើកទឹកចិត្តនិងជម្រុញចលនាបង្កើនការដាំដុះក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីប្រទេសជាតិខាង ដែលជាពិសេសនោះគឺផ្តោតទៅលើការយកចិត្តទុកដាក់ជាសំខាន់ជួយដល់ប្រជាកសិករគោលដៅជាអាទិភាព ដែលកំពុងប្រឈមនិងជីវភាពខ្វះខាត ឲ្យមានលទ្ធភាពរកប្រាក់ចំណូលគ្រួសារ តាមរយៈនៃការដាំដុះផលដំណាំ បន្ថែមពីលើការងារបង្កបង្កើនផលស្រូវស្រែនោះ។   ក៏ជាចំណុចសំខាន់ផងដែរ ការអនុវត្តគំរោងប្រព័ន្ធស្បៀងបំរុងនេះ គឺឆ្ពោះទៅរកការបង្កបង្កើនផលដំណាំសុវត្ថិភាព ដែលជាគោលការណ៍ដើម្បីសុខភាព តាមរយៈនៃការបរិភោគចំណីអាហារដែលគ្មានជាតិគីមី។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថពុំមែនជាស្ថាប័នជំនាញកសិកម្មនោះទេ ក៏ប៉ុន្តែជាស្ថាប័នដែលមានទំនួលខុសត្រូវ លើការចាត់ចែងនិងផ្តល់លទ្ធភាព ដើម្បីឲ្យកិច្ចការទាំងនេះ មានដំណើរការល្អនៅថ្នាក់ក្រោមជាតិ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញកសិកម្ម។

 

       ឯកឧត្តមបញ្ចាក់ថា នៅចំពោះមុខនេះសម្រាប់ខេត្តសៀមរាប គំរោងត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថានភាពនៃវិបត្តិកូវិត១៩ ដែលកម្មករកសិករកំពុងជួបបញ្ងាប្រឈមជីវភាពខ្វះខាត ដោយសារតែវិស័យទេសចរណ៍ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង។ តាមរយៈនៃអង្គសិក្ខាសាលានេះ ឯកឧត្តមសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន អ្នកពាក់ព័ន្ធទាំងអស់នឹងកំណត់គោលដៅបានច្បាស់លាស់ និងប្រមូលទិន្នន័យបានលឿនរហ័ស ដើម្បីគម្រោងបានចាប់ផ្តើមដំណើរការទាន់ពេលវេលា ក្រោមប្រធានបទ ការផ្គត់ផ្គង់គ្រាប់ពូជបន្លែដោយដោយឥតគិតថ្លៃដល់កសិករកម្មករ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីត១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព។

 

ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បង្ហាញថា៖ ខេត្តទទួលបានការអនុវត្ត កម្មវិធីរបស់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចំនួនពីរលើករួចមកហើយដោយ លើកទី១ កាលពីចុង ឆ្នាំ២០១៣  ធ្វើការបែងចែកពូជស្រូវ និងពូជដំណាំបន្លែដល់កសិករ ដែលរងគ្រោះដោយសារទឹកជំនន់ឆ្នាំ២០១៣ ដោយធ្វើការបែងចែកទៅតាមមូលដ្ឋានចំនួន ០៩កន្លែង រួមមាន៖ ក្រុងសៀមរាប ស្រុកក្រឡាញ់ វ៉ារិន ពួក ជីក្រែង ស្រីស្នំ សូទ្រនិគម ប្រាសាទបាគង និងស្រុកអង្គរជុំ ស្មើនឹង៤៦៦គ្រួសារ និង លើកទី២ ចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ២០១៨ បានធ្វើការបែងចែកពូជដំណាំបន្លែដល់កសិករ ដែលមានបំណងចង់ដាំចុះដំណាំបន្លែបន្ថែម  តាមមូលដ្ឋានចំនួន ០៩ ក្រុង-ស្រុក ស្មើនឹង ៧៦ឃុំ-សង្កាត់សរុបចំនួន ២៩,៤៧៦គ្រួសារ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner