កម្ពុជា ថៃ និងវៀតណាមមានសមត្ថភាពក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ខណៈ ការគ្រប់គ្រងជំងឺនេះនៅមីយ៉ាន់ម៉ាអាចនឹងមានការប៉ះពាល់ ដោយសារការប្រែប្រួលនយោបាយផ្ទៃក្នុង (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

វាគ្មិន៖ បណ្ឌិត​ ងួន គឹមលី នាយកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យ​អាស៊ី (AVI) ​ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យជាតិអូស្រ្តាលី (ANU) និងថ្នាក់អនុបណ្ឌិតផ្នែកការសិក្សាអាស៊ីអាគ្នេយ៍ពី
សាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ។

ទស្សនាវដ្តី Mekong Connect របស់ AVI ស្តីពីឥទ្ធិពល និងការឆ្លើយតបនៅក្នុងតំបន់មេគង្គទៅលើជំងឺរាតត្បាតកូវីដ-១៩ បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកសិក្សាស្រាវជ្រាវ ដោយហេតុថា
ទស្សនាវដ្ដីនេះបានសរសេរតាំងពីចុងឆ្នាំ២០២០ ហើយបានរៀបរាប់ពីចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ប្រទេសចំនួន០៤ នៅក្នុងតំបន់មេគង្គ (កម្ពុជា​ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនៅក្នុងសហគមន៍
ប៉ុន្តែអ្នកនិពន្ធអត្ថបទនីមួយៗហាក់ដូចជាបានដឹងមុនថានឹងមានអ្វីកើតឡើងនៅដើមឆ្នាំ២០២១នេះ ជាក់ស្តែងដូចជាករណីរបស់ប្រទេសមីយ៉ាន់ម៉ាជាដើម។​ តើអ្វីទៅជាចំណុចលេចធ្លោរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ពីការរីករាលដាលនៅក្នុងសហគមន៍?

វាគ្មិន៖   ទាក់ទងនឹងកម្ពុជា គិតត្រឹមដើមឆ្នាំ២០២១ បើតាមតួលេខរបស់ក្រសួងសុខាភិបាល កម្ពុជាមានអ្នកឆ្លងចំនួន៤៦៧ករណី​ ជាសះស្បើយសរុបមាន៤៥១ករណី និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។ បើយើងក្រលេកមើលលើការគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជាវិញ ធៀបទៅនឹងប្រទេសផ្សេងៗនៅជុំវិញពិភពលោក កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលអាចគ្រប់គ្រងនូវស្ថានការណ៍ជំងឺកូវីដនេះបាន។ សូម្បីតែ ប្រទេសអភិវឌ្ឍន៍ ឬប្រទេសអ្នកមាន ដែលមានភាពសំបូរបែប ក៏នៅមានផលលំបាកក្នុងការគ្រប់គ្រងជំងឺនេះដែរ។ នេះជាចំណុចលេចធ្លោរបស់ប្រទេសតូចដូចកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ កម្ពុជាមានសមត្ថភាព អាចគ្រប់គ្រងជំងឺនេះបាន ពិតជាមិនមែនជារឿងធម្មតាទេ ដែលវាកើតចេញពីកត្តាសំខាន់ៗ ចំនួន០៣។ កត្តាចម្បងទី១​ គឺកត្តារដ្ឋាភិបាល ពោលគឺថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព និងភាពច្បាស់លាស់ ក្នុងការសម្របសម្រួលធ្វើយុទ្ធនាការប្រមែប្រមូលគ្រប់ស្ថាប័នរដ្ឋទាំងអស់ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ក៏ដូចជាការផ្ដល់បច្ចុប្បន្នភាពព័ត៌មានបានយ៉ាងល្អ និងឆាប់រហ័ស ពោលគឺមានព័ត៌មានជារៀងរាល់ថ្ងៃជូនទៅដល់ផ្នែកទាក់ ទងទាំងឡាយក្នុងការធ្វើផែនការដោះស្រាយជាមួយជំងឺកូវីដនេះ។ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំរដ្ឋាភិបាល ទាំងអស់ មានការវាយតម្លៃបានយ៉ាងល្អ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ ដែលអនុញ្ញាតឱ្យអ្នកអនុវត្តគ្រប់ជំនាញពាក់ព័ន្ធ អាចចាត់វិធានការបានត្រឹមត្រូវ និងទាន់ពេលវេលា។ កត្តាចម្បងទី២គឺ កត្តាមិត្តភក្តិបរទេស ដែលបានផ្ដល់ជាគ្រឿងបរិក្ខារ ក៏ដូចជាជំនួយជាហិរញ្ញវត្ថុ និងបច្ចេកទេស និងវិទ្យាស្ថានពាក់ព័ន្ធមួយចំនួនដូចជា វិទ្យាស្ថានជាតិប៉ាស្ទ័រ និងមន្ទីរសុខាភិបាល ដទៃទៀត បានធ្វើការយ៉ាងស្វិតស្វាញក្នុងការពិនិត្យ ស្វែងរក និងព្យាបាលអ្នកដែលឆ្លងទាំងថ្ងៃទាំងយប់ (នេះជាអ្វីដែលយើងសូមកោតសសើរផងដែរ)។ កត្តាចុងក្រោយនោះគឺ កត្តាប្រជាពលរដ្ឋ។ សូមបញ្ជាក់ផងដែរថា​ ប្រសិនជាមិនមានការចូលរួមពីប្រជាពលរដ្ឋទេ បើទោះបីជារដ្ឋាភិបាល មានវិធានការល្អច្រើនយ៉ាងណា ក៏ពិបាកនឹងទប់ស្កាត់ការរីករាលដាលនេះដែរ។ ប្រជាពលរដ្ឋយើងមានការសហការយ៉ាងស្អិតរមួត និងបានអនុវត្តតាមវិធានការផ្សេងៗដែលរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានដាក់ចេញក្នុងអំឡុងពេលដែលមានការផ្ទុះជំងឺនេះជាលើកដំបូងៗ ក៏ដូចជាបន្តបន្ទាប់ៗ។ ជារួម ប្រជាពលរដ្ឋមិនត្រឹមតែបានចូលរួមសហការទេ ថែមទាំងបានចូលរួមផ្ដល់ជាថវិការទៅដល់មូលនិធិរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ និងមូលនិធិសម្រាប់ការបញ្ជាទិញវ៉ាក់សាំង ផងដែរ។

តើកម្ពុជាមានចំណុចខ្វះខាតអ្វីខ្លះ ដែលគួរតែពង្រឹង?

វាគ្មិន៖   កម្ពុជាគួររក្សាឱ្យបាននូវយន្តការ ក៏ដូចជាគោលនយោបាយដែលយើងបានអនុវត្តកន្លងមកឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត។ យើងមិនត្រូវធ្វេសប្រហែស ​ ជាពិសេសយើងគួរផ្ដោតការយកចិត្តទុកដាក់លើវិធានការធ្វើចត្តាឡីស័ក។ ករណីឆ្លងភាគច្រើនសុទ្ធសឹងតែជាករណីនាំចូល។ បើយើងក្រលេកទៅមើលមេរៀននៃការឆ្លងរាតត្បាតជាសហគមន៍នៅទូទាំងពិភពលោក​ យើងឃើញ ថាដំបូងឡើយ វាកើតចេញពីការធ្វេសប្រហែស ឬចន្លោះប្រហោងក្នុងការធ្វើចត្តាឡីស័ក។ ជាក់ស្ដែង យើងក៏បានដឹងពីព្រឹត្តិការណ៍ធំៗ០២ នៅកម្ពុជាយើងផងដែរ គឺនៅខែវិច្ឆិកា​ ករណីឆ្លងគឺការនាំចូលមកពីខាងក្រៅ។ ព្រឹត្តិការណ៍ធំៗពីរនេះបានកើត ដោយសារតែមានចន្លោះប្រហោង
ខ្លះៗនៅក្នុងការធ្វើចត្តាឡីស័ក ប៉ុន្តែរដ្ឋាភិបាលយើងបានធ្វើសកម្មភាពយ៉ាងទាន់ពេលវេលាក្នុងការគ្រប់គ្រងស្ថានការណ៍នេះ ហើយយើងក៏អាចគ្រប់គ្រងបាន។ ក្នុងការគ្រប់គ្រងស្ថានការណ៍នេះ​ គឺចាប់ផ្ដើមឡើងពីការធ្វើចត្តាឡីស័ក ប្រសិនបើយើងអនុវត្តបានល្អ យើងអាចគ្រប់គ្រងការនាំចូលជំងឺកូវីដនេះ បានគ្រប់ជ្រុងជ្រោយ។

ដោយឡែក យើងឃើញថាប្រទេសថៃ និងប្រទេសវៀតណាម ក៏បានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងល្អដែរ ដោយប្រទេសទាំង២ បានប្រឈមនឹងរលកទី១ និងរលកទី២ ហើយឥលូវកំពុងប្រឈមនឹងរលកវីរ៉ុសកូវីដ១៩ប្រភេទថ្មី តែចំនួនអ្នកឆ្លង និងអ្នកស្លាប់ គឺស្ថិតនៅក្នុងកម្រិតទាបនៅឡើយ។ តើមូលហេតុចំបងៗណាខ្លះ ដែលធ្វើឱ្យប្រទេសថៃ​ និងវៀតណាមអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អបែបនេះ? ពិសេសប្រទេសទាំងពីរនៅតែអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ច ខណៈប្រទេសដទៃទៀតកំពុងជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំង?

វាគ្មិន៖   ចំពោះប្រទេសថៃ គិតត្រឹមថ្ងៃទី០៥ កុម្ភ: ឆ្នាំ២០២១នេះ តាមរយ:ការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃនៅក្នុងកាសែត Bangkok Post ប្រទេសថៃមានករណីឆ្លងសរុបមានចំនួន ២២,០៥៨នាក់ ហើយអ្នកជាសះស្បើយមានចំនួន ១៤,៧៩៨ នាក់ ហើយអ្នកស្លាប់ចំនួន ៧៩ នាក់។ ចំណែកនៅប្រទេសវៀតណាមវិញ គិតត្រឹមថ្ងៃ០៤ កុម្ភ: ២០២១ ចំនួនអ្នកឆ្លងសរុប ១,៩៤៨នាក់ ចំនួនអ្នកជាសរុប១,៤៦១នាក់ និងចំនួនអ្នកស្លាប់ ៣៥ នាក់។ មូលហេតុចម្បងៗដែលជួយថៃ និង
វៀតណាមឱ្យមានភាពជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដនេះ គឺពួកគាត់បានអនុវត្តនូវវិធានការសុខាភិបាលបានយ៉ាងតឹងតែង។ វិធានការសុខាភិបាលនេះមានដូចជា (១)​ ការតាមដានយកសំណាកពីអ្នកដែលសង្ស័យថាឆ្លង ហើយចំពោះអ្នកដែលឆ្លង អ្នកឆ្លងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាល (២) ការអនុវត្តនូវការធ្វើចត្តាឡីស័កបានយ៉ាងតឹងរឹង (៣) ការបិទសាលារៀន ក៏ដូចជាកន្លែងសប្បាយមួយចំនួនរួមមាន ក្លិប រង្គសាល ភោជនីយដ្ឋានផ្សេងៗក្នុងអំឡុងពេលផ្ទុះខ្លាំងម្ដងៗ និង (៤) ការតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ និងអនុវត្តនូវអនាម័យលាងដៃជាដើម។ វិធានការទាំងអស់នេះត្រូវបានអនុវត្តបានយ៉ាងល្អ ក៏ដូចជាវិធានការដទៃទៀត ត្រូវបានផ្សព្វផ្សាយ និងជូនដំណឹងបានយ៉ាងច្បាស់លាស់ និងទាន់ពេលវេលា។ ការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ មានការសម្របសម្រួល និងផ្ដល់អំណាចទៅដល់ក្រសួងសុខាលភិបាល និងអ្នកជំនាញខាងពេទ្យ ឱ្យដឹកនាំសម្របសម្រួលក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ និងការដឹកនាំរបស់ប្រមុខនយោបាយនៃប្រទេសទាំងពីរនោះ តាមរយៈការផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងទៅលើអ្នកជំនាញវិស័យសុខាភិបាលក្នុងការធ្វើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។ ចុងក្រោយនោះគឺ ប្រទេសទាំងពីរបានអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលនេះជារឿងដ៏សំខាន់ក្នុងករណីប្រទេសមានអាសន្ន ឬវិបិត្តដូចជាជំងឺកូវីដនេះជាដើម។ ប្រសិនបើយើងអនុញ្ញាតឱ្យ​ព័ត៌មានក្លែងក្លាយ ឬព័ត៌មានបោកប្រាស់ រីករាលដាលក្នុងសង្គម នោះប្រាកដជាបង្កឱ្យមានហានិភ័យ ច្របូកច្របល់ និងអសន្តិសុខ។ នោះរដ្ឋាភិបាល និងអ្នកជំនាញប្រាកដជាមានផលលំបាកក្នុងការធ្វើការងាររបស់ខ្លួន។ ដូច្នេះ ថៃ និងវៀតណាមមានការតឹងរឹងក្នុងការមិនអនុញ្ញាតឱ្យមានព័ត៌មានក្លែងក្លាយ ដែលបង្កឱ្យមានភាពចលាចលនៅក្នុងសង្គម។

ទាក់ទងនឹងសេដ្ឋកិច្ច ប្រទេសទាំងពីរអាចទាញផលប្រយោជន៍ពីសេដ្ឋកិច្ច ក្នុងខណ:ពេលដែលប្រទេសដទៃទៀតកំពុងជួបប្រទះនឹងវិបិត្តសេដ្ឋកិច្ចខ្លាំងក្នុងអំឡុងពេលកូវីដនេះ។ យើងឃើញថា
វៀតណាម និងថៃ ជារួម មិនសូវរងផលប៉ះពាល់ខ្លាំងខាងផ្នែកសេដ្ឋកិច្ច ដោយសារជំងឺកូវីដនេះទេ ដោយប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនៅតែមានភាពរឹងមាំ។ ទោះបីជាថៃពឹងពាក់យ៉ាងខ្លាំងលើវិស័យទេសចរណ៍បរទេស ហើយវិស័យនេះមានការធ្លាក់ចុះនូវចំនួនទេសចរណ៍បរទេសយ៉ាងខ្លាំង ក្នុងអំឡុងពេលកូវីដនេះ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យបដិសណ្ឋាកិច្ច និងទេសចរណ៍ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃនៅតែមានភាពរឹងមាំខាងសេដ្ឋកិច្ច ដោយសារថៃមានមូលដ្ឋានសេដ្ឋកិច្ចធំទូលំទូលាយ ដែលអាចអាស្រ័យផលពីវិស័យដទៃទៀត ជាពិសេសខាងផ្នែកឧស្សាហកម្មចំណីអាហារ។ ថៃជាប្រទេសដែលនាំចេញនូវផលិតផលកសិកម្ម និងចំណីអាហារកែច្នៃយ៉ាងច្រើនទៅដល់ទីផ្សារពិភពលោក បានយ៉ាងទូលំទូលាយ។ សូម្បីការនាំចេញចំណីអាហារគ្រឿង
សមុទ្រ ក្នុងមួយឆ្នាំៗថៃបាននាំចេញទៅទីផ្សារពិភពលោកដែលទទួលបានទឹកប្រាក់ប្រមាណ
៥ពាន់លានដុល្លារ (នេះគ្រាន់តែគ្រឿងសមុទ្រមួយផ្នែកប៉ុណ្ណោះ)។ ក្នុងវិបត្តិកូវីដ-១៩ យើងឃើញថា មានការបិទទីក្រុង ការដាក់ឱ្យប្រជាជនរស់នៅដាច់ដោយឡែក ឬការរាំងស្ទះផ្សេងៗ  តែមនុស្សនៅតែត្រូវការបរិភោគ ដូច្នេះប្រទេសដែលផលិត ឬផ្គត់ផ្គង់ចំណីអាហារទៅដល់ទីផ្សារពិភពលោកបាន គឺមានភាពជោគជ័យខ្ពស់ ដែលអាចជួយសេដ្ឋកិច្ចឱ្យនៅរក្សាលំនឹងបានយ៉ាងល្អ។ ចំណែកវៀតណាមវិញ វៀតណាមអាចទាញយកផលប្រយោជន៍សេដកិច្ចបានច្រើនពីវិបត្តិកូវីដនេះ ដោយវៀតណាមក៏ជាប្រទេសនាំចេញម្ហូបអាហារ ដូចជា​អង្គរ បន្លែ គ្រឿងសមុទ្រ និង
ផ្លែឈើ ផងដែរ។ វៀតណាមក៏ជាប្រទេសមានមូលដ្ឋានផលិតកម្មដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ដីគោកនេះ។ កន្លងមក ចិន និងអាមេរិកមានជម្លោះពាណិជ្ជកម្ម ក្រុមហ៊ុនធំៗបរទេសបានប្ដូរទីតាំងពីចិន មកវៀតណាម ដែលធ្វើឱ្យវៀតណាមចំនេញច្រើនលើផ្នែកសេដ្ឋកិច្ច។ ហើយនៅក្នុងអំឡុងពេលកូវីដនេះ វៀតណាមបានបង្កើនផលិតកម្មផ្នែកសុខាភិបាលដូចជា ម៉ាស់ ក៏ដូចជាបរិក្ខារពេទ្យដទៃទៀត ដែលបម្រើទៅដល់ការប្រើប្រាស់ក្នុងការដោះស្រាយជំងឺកូវីដ។ វៀតណាមក៏បាននាំចេញយ៉ាងទូលំទូលាយទៅទូទាំងពិភពលោក ដែលប្រទេសរីកចម្រើនមួយចំនួននៅអឺរ៉ុប និងអាមេរិកមានការខ្វះខាត ដូចជាសំលៀកបំពាក់ពេទ្យ។ តាមរយៈនេះ វៀតណាមអាច
ផលិត និងនាំចេញបានច្រើន ដែលអាចទាញយកចំណូលចូលជាតិបានច្រើន ហើយយកចំណូលទាំងនោះមកទ្រទ្រង់សេដ្ឋកិច្ចខ្លួនវិញ។

ងាកមកមើលប្រទេសមីយ៉ាន់ម៉ាវិញម្តង មីយ៉ាន់ម៉ាហាក់ដូចជាមិនមានវិធានការតឹងរឹងក្នុងការទប់ស្កាត់នឹងជំងឺរាតត្បាតកូវីដ-១៩ នោះទេ។ កាលពីដើមឆមាសទី១ ឆ្នាំ២០២០ ចំនួនអ្នកឆ្លងនៅប្រទេសមីយ៉ាន់ម៉ា គឺមានកម្រិតទាបជាងគេបំផុតនៅក្នុងអាស៊ាន តែនៅចុងឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ចំនួនអ្នកឆ្លងនៅក្នុងប្រទេសនេះ បានកើនឡើងខ្ពស់យ៉ាងគំហុក។ តើនេះបណ្តាលមកពីកត្តាអ្វីខ្លះដែរ?

វាគ្មិន៖   នៅក្នុងរលកទីមួយនៃជំងឺកូវីដនេះ មីយ៉ាន់ម៉ាមានការគ្រប់គ្រងបានយ៉ាងល្អ ដោយឡែកនៅពេលរលកទី២បានចូលមកដល់ មីយ៉ាន់ម៉ាមានភាពលំបាកខ្លាំង ហាក់បីដូចជាមិនអាចគ្រប់គ្រង
ស្ថានការណ៍បាន។ ចំនួនអ្នកឆ្លង និងអ្នកស្លាប់បានកើនឡើងយ៉ាងគំហុក។ ក្នុងចំណោមប្រទេសនៅតំបន់មេគង្គ ដែលរួមមានកម្ពុជា វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា ប្រទេសនេះមានភាពយ៉ាប់យឿនក្នុងការគ្រប់គ្រងស្ថានភាពកូវីដ។ មីយ៉ាន់ម៉ាមានកត្តាជាច្រើនដែលមិនអាចគ្រប់គ្រងស្ថានភាពកូវីដក្នុងរលកទី២នេះបាន។ ការផ្ទុះចេញនូវរលកទី២នេះ ដំបូងបណ្តាលមកពីចន្លោះប្រហោងក្នុងការធ្វើចត្តាឡីស័ក។ ដូចប្រទេសផ្សេងៗក្នុងតំបន់ដែរ ករណីឆ្លងជំងឺកូវីដនេះជាករណីនាំចូល។ មីយ៉ាន់ម៉ាមិនអាចគ្រប់គ្រងការធ្វើចត្តាឡីស័កបានល្អ ដែលអាចនាំឱ្យមានការ
ចំលងទៅដល់ក្នុងសហគមន៍។ ប៉ុន្តែ ផ្ដើមចេញពីចន្លោះប្រហោងនៃការធ្វើចត្តាឡីស័ក ហើយឆ្លងចូលសហគមន៍នេះ មានកត្តាជាច្រើនទៀតដែលធ្វើឱ្យប្រទេសនេះមានផលពិបាកក្នុងការគ្រប់
គ្រង។ កម្ពុជា ថៃ និងវៀតណាមមានការរីករាលដាល ប៉ុន្តែយើងមានយន្តការ ឬសកម្មភាពទាន់ពេលវេលា ទើបអាចគ្រប់គ្រងស្ថានការណ៍បានវិញ។ ប៉ុន្តែ មីយ៉ាន់ម៉ាពុំមានយន្តការ ឬការអនុវត្តបានទាន់ពេលវេលានោះទេ ពោលគឺដោយសារ នៅពេលជំងឺនេះចាប់ផ្ដើមរាតត្បាត រដ្ឋាភិបាល
មីយ៉ាន់ម៉ាមានភាពយឺតយ៉ាវក្នុងការឆ្លើយតប និងមិនមានយន្តការសម្របសម្រួលបានច្បាស់ លាស់ និងទាន់ពេលវេលា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំង ហើយការរីករាលដាលនៃរលកទី២នេះ បានកើតឡើងចំពេលដែលមីយ៉ាន់ម៉ាកំពុងរៀបចំយុទ្ធនាការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ។ យុទ្ធនាការបោះឆ្នោត និងការបោះឆ្នោតមានភាពច្របូកច្របល់ ដូចជាជម្លោះនយោបាយទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត និងជម្លោះជាតិសាសន៍ផ្សេងៗ។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យការសម្របសម្រួល ការដឹកនាំ និងការបញ្ចូនព័ត៌មានផ្សេងៗ មិនមានប្រសិទ្ធិភាព បើប្រៀបទៅនឹងកម្ពុជា វៀតណាម ឬក៏ថៃ។ វិស័យសុខាភិបាលរបស់ប្រទេសនេះ ក៏នៅមានភាពទន់ខ្សោយ មិនអាចដោះស្រាយបានទាន់ពេល។

ចំពោះករណីការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា តើវាអាចបង្កឱ្យមានជាជនភៀសខ្លួនដែរឬទេ? ហើយបើអាច តើវាអាចនឹងប៉ះពាល់ដល់ការរីករាលដាលជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំថ្នាក់តំបន់ដែរឬទេ?

វាគ្មិន៖   ក្រុមយោធានៅមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃ០១ ខែកុម្ភ: ឆ្នាំ២០២១ កន្លងមកនេះ ដោយបានចាប់យកអំណាចធ្វើជារដ្ឋាភិបាលគ្រប់គ្រងប្រទេសនាពេលបច្ចុប្បន្ន និងទម្លាក់
រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី Aung San Suu Kyi ដែលបានជាប់ឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ការធ្វើរដ្ឋប្រហារនេះ អាចប៉ះពាល់ដល់ការរីករាលដាលជំងឺកូវីដ-១៩។ ការគ្រប់គ្រង និងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដនេះ ត្រូវការការឯកភាពផ្ទៃក្នុង និងយន្តការជាលក្ខណ:ប្រព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺប្រកបដោយប្រសិទ្ធិភាព​ រហ័ស និងអាចឆ្លើយតបទាន់ពេលវេលាទៅនឹងស្ថានការណ៍ជាក់ស្តែង។ ពោលគឺត្រូវការស្ថិរភាពនយោបាយ និរន្តភាពរបស់រដ្ឋ ភាពច្បាស់លាស់នៃក្បាលម៉ាស៊ីនដឹកនាំ និងការសម្របសម្រួលច្បាស់លាស់ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ វាអាស្រ័យលើរដ្ឋាភិបាលយោធាថ្មីនេះ ថាតើអាចរក្សាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសបានដែរឬទេ? ប្រសិនជារដ្ឋាភិបាលយោធាអាចរក្សាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសបាន គឺវាមិនមានផលប៉ះពាល់ខ្លាំងក្លាចំពោះការរីករាលដាលជំងឺកូវីដនៅក្នុងប្រទេសមីយ៉ាន់ម៉ាទេ។ តែប្រសិនបើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចប្រែជាអស្ថិរភាព ពិសេសមានការផ្ទុះជាអំពើហិង្សាទ្រង់ទ្រាយធំ នោះនឹងអាចធ្វើឱ្យមានការលំបាកកាន់តែខ្លាំងក្នុងការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺនេះនៅក្នុងផ្ទៃប្រទេស។ ពោលគឺ ប្រាកដជាមានជនភៀសខ្លួនមីយ៉ាន់ម៉ាជាច្រើនភៀសខ្លួនទៅប្រទេសជិតខាង ដូចជាប្រទេសថៃជាដើម។ ប្រសិនបើមានជនភៀសខ្លួនជាលក្ខណៈទ្រង់ទ្រាយធំ នោះនឹងមានវិបិត្តមួយដ៏ធំកើតឡើង។ ការកើតមានជនភៀសខ្លួនទ្រង់ទ្រាយធំ ក្នុងករណីមិនមានការឆ្លងជំងឺកូវីដក្នុងចំណោមជនទាំងនោះ ជាការពិបាកមួយរួចទៅហើយ។ ចុះទម្រាំតែមានករណីឆ្លងទៀត? ស្ថានភាពគឺប្រាកដជាលំបាកខ្លាំងជាងស្ថានភាពដែលមិនមានកូវីដហើយ។ យ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏ដូចជាក្រុមនយោបាយផ្សេងៗរបស់ប្រទេសនេះ នឹងយល់អំពីផលប៉ះពាល់នៃវិបត្តិផ្សេងៗដែលអាចកើតមានឡើង ហើយត្រលប់មកផ្សះផ្សាគ្នា និងរក្សានូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចឡើងវិញ ដើម្បីចៀសវាងនូវអំពើហិង្សា និងជនភៀសខ្លួនជាលក្ខណ:ទ្រង់ទ្រាយធំ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner