បុគ្គលិកអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យកុមារជាតិ

លោកខ្វៃ អាទិត្យា អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បានដឹកនាំបុគ្គលិក ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកខ្វៃ អាទិត្យា អគ្គនាយកការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយការស្ម័គ្រចិត្ដ គឺជាកាតព្វកិច្ច និងអនុវត្ដវិធានការសុខាភិបាល ដើម្បីចូលរួមការពារមេរោគកូវីដ១៩ ដោយពុំមានការបង្ខិតបង្ខំ ដែលការស្ម័គ្រចិត្ដ និងកាតព្វកិច្ច ត្រូវទៅជាមួយគ្នា ព្រោះវាសំខាន់ណាស់ ដែលត្រូវតែយកចិត្ដទុកដាក់ ហើយត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់ បើការពារខ្លួនមិនឆ្លង វាមានន័យថា ការពារគ្រួសារយើង និងសហគមន៍យើង មិនឱ្យឆ្លង។ លោកបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋកម្ពុជា និងបានផ្តល់អាទិភាពចំពោះអ្នកសារព័ត៌មានសំរាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។ លោកខ្វៃ អាទិត្យា បានសូមពរដល់ប្រជាពលរដ្ឋទាំងអស់ និងអ្នកកំពុងធ្វើចត្តាឡីស័ក័ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩សារជាថ្មីនៅក្នុងប្រទេសកម្ពុជាផងដែរ។

បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាលោកចាន់ វិចិត្រ អោយដឹងថា មុនពេលចាក់វ៉ាក់សាំងកូវីដ១៩នេះ ត្រូវបានគ្រូពេទ្យពិនិត្យសុខភាព​ និងសួរព័ត៌មានអំពីសុខភាពរបស់យើងផងដែរ។ លោកបានបង្ហាញចំណាប់អារម្មណ៍បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ថា លោកពិតជាមានមោទនភាពដែលបានចាក់វ៉ាក់សាំងកូវីដ១៩នេះ លោកសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជានឹងទទួលបាននូវការចាក់វ៉ាក់សាំងកូវីដ១៩ទាំងអស់គ្នា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន។​ លោកបានថ្លែងបន្តថា ក្រោមម្លប់សន្តិភាព ប្រជាជនទួលបានការអភិវឌ្ឍន៍ រីកចំរើន រស់នៅសុខដុមរមនាបន្តទៀត និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកញឹម អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ថា ប្រទេសជាច្រើនបានចាក់វ៉ាក់សាំង ស៊ីណូផាម (Sinopharm)​នេះ​មុខកម្ពុជាទៀត ប៉ុន្តែមិនទាន់មានបញ្ហាអ្វីកើតឡើងនោះទេ កម្ពុជាក៏ដូចគ្នា​គឺថាការចាក់វ៉ាក់សាំងតាំងពីថ្ងៃ១០ ខែកុម្ភៈ ឆ្នា២០២១មកម្លេះ ទាំងមន្រ្តីរាជការ ទាហាន អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ មិនទាន់មាននរណាម្នាក់មានបញ្ហានោះទេ។ លោកញឹម អង្គារបុស្ស បានថ្លែងបន្តថា ការចាក់វ៉ាក់សំាងសរុបមានចំនួនពីរដងក្នុងមួយដូសដែលការចាក់ពីរដងនេះ មានចន្លោះពេលវេលាយ៉ាងតិច១៤ថ្ងៃ ។ ចំពោះបុគ្គលដែលមិនទាន់អាចចាក់វ៉ាក់សំាងបាន មានដូចខាងក្រោម៖

(១). មានអាយុក្រោម១៨ឆ្នំា

(២). មានអាការៈក្តៅខ្លួន

(៣). មានជម្ងឺផ្លូវដង្ហើម (acute respiratory disease) និងជម្ងឺហឺត (asthma)

(៤). មានជម្ងឺរំារ៉ៃធ្ងន់ធ្ងរ ឬមានជម្ងឺរំារ៉ៃដែលឧស្សាហ៍ធ្វើទុក

(៥). មានជម្ងឺអាទ្បាក់ស៊ី (Allergic) ដូចជា៖ ប្រតិកម្មអាទ្បាក់ស៊ី ជម្ងឺប្រទាលត្រអាក (Urticaria)

ជម្ងឺត្រអក (Eczema) ពិបាកដកដង្ហើម ហើមឬរលាកសរសៃឈាម (Angioedema) ។

(៦.) មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សំាង៖ តាមការឲ្យដឹងថា វ៉ាក់សំាងកូវីដ-១៩នេះ មានសារធាតុផ្សំ

(វីរុស កូវីដ-១៩ ដែលមានសម្លាប់រួច WIV04 និងសារធាតុផ្សំ៖ សូដ្យូមអុកស៊ីត “Aluminium Hydrogen”) ដូចនេះអ្នកដែលមានប្រវត្តិប្រតិកម្ម ជាមួយវ៉ាក់សំាង ឬបុគ្គលដែលមានប្រតិកម្មធ្ងន់ធ្ងរពេលចាក់ម្ជុលលើកទីមួយ ឬបុគ្គលមានចេញអាការៈប្រតិកម្មផ្នែកប្រព័ន្ធប្រសាទ មិនត្រូវចាក់វ៉ាក់សំាងម្តងទៀតនោះទេ ។

(៧.) អ្នកមានជម្ងឺថ្លើម និងតម្រងនោមធ្ងន់ធ្ងរ អ្នកមានជម្ងឺលើសឈាម ដែលប្រើថ្នំាគ្រប់គ្រងលែងបាន អ្នកមានជម្ងឺទឹកនោមផ្អែម និងអ្នកមានជម្ងឺដុះសាច់មហារីក ។

(៨.) ស្ត្រីមានផ្ទៃពោះ និងស្ត្រីក្នុងរយៈពេលបំបៅដោះ ឬស្ត្រីមានផែនការពរពោះ ក្នុងរយៈពេល៣ខែ ។

(៩.) អ្នកមានជម្ងឺប្រកាច់ (កន្ត្រាក់) មានជម្ងឺឆ្កួតជ្រូក (ស្កន់) មានជម្ងឺសរសៃប្រសាទ ឬជម្ងឺរលាកស្រោមខួរ ឬមានជម្ងឺដំណរពូជ និងអ្នកជម្ងឺស្កន់ ដែលមិនអាចគ្រប់គ្រងបាន ឬអ្នកដែលមានបញ្ហាប្រព័ន្ធសរសៃប្រសាទ ឬមានប្រវត្តិជម្ងឺសរសៃប្រសាទ “Guillain-Barre Syndrome” ជាដើម ។

(១០.) អ្នកដែលពិនិត្យឃើញ មានជម្ងឺកង្វះភាពផ្សំាពីកំណើត (Immune deficiency) អ្នកជម្ងឺឆ្លង HIV អ្នកមានជម្ងឺមហារីកកូនកណ្តុរ (Lymphome) អ្នកមានជម្ងឺឈាមស ឬមានជម្ងឺភាពសុំា (Autoimmune)។

(១១.) អ្នកដែលប្រើប្រាស់ថ្នំាសម្រួលភាពសុំា ប្រឆំាងនឹងជម្ងឺមហារីកដុះសាច់ (ថ្នំាគីមី បញ្ចំាងកំារស្មី…) ។

(១២.) អ្នកមានប្រវត្តិឆ្លងជម្ងឺកូវីដ-១៩។

(១៣.) អ្នកដែលត្រូវបានគ្រួពេទ្យព្យាបាល ឬបុគ្គលិកចាក់វ៉ាក់សំាង បញ្ជាក់ថា មិនគួរចាក់វ៉ាក់សំាង ។

(១៤.) បុគ្គលដែលមិនស័្មគ្រចិត្តចាក់វ៉ាក់សំាង ។

កម្មវិធីចាក់វ៉ាក់សាំង ស៊ីណូផាម (Sinopharm) សម្រាប់បង្ការជំងឺកូវីដ១៩ ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ ចាប់តាំងពីថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យចំនួន០៤នៅរាជធានីភ្នំពេញ រួមមានមន្ទីរពេទ្យកាល់ សំរាប់ឥស្សរជនជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។ មន្ទីរពេទ្យព្រះអង្គឌួង សំរាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត សំរាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងមន្ទីរពេទ្យកុមារជាតិ សំរាប់អ្នកសារព័ត៌មាន៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner