អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីយាងបំណែកព្រះពុទ្ធបដិមា ចេញពីរណ្តៅកំណាយមកសិក្សាជួសជុលបន្ត

អត្ថបទដោយ៖
Kien Sereyvuth

ពិធីយាងបំណែកព្រះពុទ្ធបដិមាក្នុងរណ្តៅកំណាយមុខថែវព្រះរយព្រះពាន់នៅប្រាសាទអង្គរវត្ត ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារកំណាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។ ការយាងបំណែកព្រះពុទ្ធបដិមាទាំងអស់ចេញពីរណ្តៅកំណាយ គឺដើម្បីសិក្សាផ្គុំរូបរាង ជួសជុលអភិរក្ស និងលើកតម្លៃវត្ថុបុរាណ ព្រមទាំងទុកលទ្ធភាពឲ្យអ្នកជំនាញកំណាយស្រាវជ្រាវបុរាណវិទ្យាបញ្ចប់ការងារកំណាយ។

តាមការបញ្ជាក់របស់ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាថា៖ បដិមា១អង្គដែលមានរូបរាងពេញលេញជាងគេ នឹងត្រូវជួសជុលសម្អាត ហើយដាក់សំណើសុំអនុសាសន៍ពីគណៈកម្មការអាយស៊ីស៊ី-អង្គរ ដើម្បីយកទៅដាក់នៅទីតាំងដើម ព្រោះគេបានស្គាល់ច្បាស់ថា បំណែកព្រះពុទ្ធបដិមាទាំងអស់មានប្រភពនៅថែវព្រះរយព្រះពាន់ ដែលមានកាលបរិច្ឆេទប្រហែលស្ថិតក្នុងសម័យកណ្តាល ។ បំណែកព្រះពុទ្ធបដិមាដែលបានរកឃើញមានចំនួន១០៥ ក្នុងនោះពុទ្ធបដិមាមានរូបមិនពេញលេញមាន៣៥អង្គ និង១អង្គមានរូបរាងពេញលេញជាងគេ សន្លឹកសីមា១ រួមនឹងបំណែកតូចៗចំនួន១៨០ផងដែរ  ៕ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner