ប្រជាពលរដ្ឋ៩៩គ្រួសារ ក្នុងចំណោម១០៤៥គ្រួសារ រស់នៅភូមិធម្មជាតិសម្តេចតេជោ ស្រុកជាំក្សាន្ត បានចូលចាប់ឆ្នោតទទួលយកដីកសិកម្មជំហ៊ានដំបូង ពីអាជ្ញាធរខេត្តព្រះវិហារ
ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតទទួលយកលេខដីឡូតិ៍កសិកម្ម ជូនប្រជាពលរដ្ឋចំនួន៩៩គ្រួសារ ក្នុងចំណោម១០៤៥គ្រួសារ រស់នៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាដីសម្បទានសង្គមកិច្ច រាជរដ្ឋាភិបាលបានប្រគល់ជូន តាមរយៈអាជ្ញាធរខេត្តព្រះវិហារ។
ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថា ដីឡូតិ៍កសិកម្មដែលប្រគល់ ជូនប្រជាពលរដ្ឋនេះ គឺផ្តើមចេញពីអនុក្រឹត្យលេខ០២ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការកំណត់តំបន់សហគមន៍ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លើផ្ទៃដីចំនួន ៥,០០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្ត។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ខេត្តព្រះវិហារទទួលបានអនុក្រឹត្យកំណត់តំបន់សហគមន៍ក្នុងឆ្នាំ២០១៦ ក្នុងអាណត្តិអភិបាលខេត្តមុនៗ។
ដោយឡែកក្នុងឆ្នាំ២០២០ ក្នុងអាណត្តិ របស់ឯកឧត្តមជាអភិបាលខេត្ត បានចាត់តាំងក្រុមការងារគណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីខេត្ត រៀបចំផ្តល់ដីសម្បទានសង្គមកិច្ច (ដីកសិកម្ម) ជូនប្រជាពលរដ្ឋ ចំនួន១០៤៥គ្រួសារ ដែលបានទទួលដីលំនៅដ្ឋានក្នុងភូមិធម្មជាតិរួចហើយ។
ឯកឧត្តម ប្រាក់ សុវណ្ណ បានឱ្យដឹងទៀតថា ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋ នឹងទទួលបាននូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លីរបស់ខ្លួន ហើយបាតុភាពរំលោភបំពាន លើដីធ្លី ដែលធ្លាប់ជួបប្រទះនៅពេលមុនៗ នឹងត្រូវបានបញ្ចប់ជាស្ថាពរ។ ទន្ទឹមនេះប្រជាពលរដ្ឋដែលទទួលបានដីកសិកម្ម២ហិកតានេះ មានសិទ្ធប្រើប្រាស់អាស្រ័យផលផ្តាច់មុខ និងទូលំទូលាយដោយកុំឱ្យយកដីនេះ ទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់ហាមឃាត់ ហើយត្រូវប្រើប្រាស់ដីនេះដាំដំណាំផ្សេងៗ ជាបន្តបន្ទាប់ឱ្យគ្រប់រយៈពេល៥ឆ្នាំទើបអាចមានសិទ្ធយកដីនេះទៅលក់ដូរ ជួល ផ្ទេរ ឫបញ្ចាំធានាគារបាន។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តន៍តាមច្បាប់ លិខិតបទដ្ឋានគតិយុទ្ធជាធរមាន ព្រមទាំងបទបញ្ជា របស់រាជ រដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងមានមនសិការទទួលខុសត្រូវខ្ពស់ ការពារកុំឱ្យមានការចូលកាន់កាប់ទន្ទ្រានដីរដ្ឋ។ ឯកឧត្ត បានក៏បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារនៃគណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីខេត្ត ដែលបានខិតខំអស់កម្លាំងកាយចិត្ត ប្រកបដោយស្មាតីលះបង់ខ្ពស់ ក្នុងការរៀបចំកិច្ចដំណើរការ នៃការអនុវត្តន៍កម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ទៅតាមជំហ៊ានការងាររបស់ខ្លួន៕ សួន លីណា