សម្ដេចប្រធានរដ្ឋសភាផ្តល់អគាសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ ១២បន្ទប់ ជូនវិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ

អត្ថបទដោយ៖
Kien Sereyvuth

ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការសិក្សារបស់សិស្ស សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន បានសម្រេចផ្តល់ អគារសិក្សាថ្មី១ខ្នងបន្ថែមទៀត ដែលមានកម្ពស់២ជាន់ ស្មើ១២បន្ទប់ ជូនវិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយនៅព្រឹកថ្ងៃទី១៩ កុម្ភៈនេះ សម្តេចប្រធានរដ្ឋសភាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សាថ្មីនេះ ហើយឆ្លៀតយកឱកាសនេះសម្តេចបានដាស់តឿនក្មួយៗសិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ និងដាស់តឿនបងប្អូនប្រជាពលរដ្ឋទូទៅឱ្យបន្តយកចិត្តទុកដាក់ក្នុងការ បន្តការការពារចំពោះជម្ងឺកូវីដ១៩។

ពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សាថ្មីវិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ បានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីបើកការសាងសង់តាំងពីដំបូងរហូត ដល់ទីបញ្ចប់ឱ្យប្រកបដោយសុខសុវត្ថិភាព ដែលតាមគម្រោងការសាងសង់នេះត្រូវប្រើពេល ១៥ខែ។ ការដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្ម វិសុទ្ធវង្សា សៅទី ហេងសំរិន បានសម្រេចផ្តល់អគារសិក្សាថ្មី១ខ្នងបន្ថែមទៀតជូនវិទ្យាល័យ សម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃនេះ ធ្វើឱ្យលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងមាតា បិតា អាណាព្យាបាលសិស្សមានការត្រេកអរជាខ្លាំង ព្រោះជាការផ្តល់បន្ថែមពីលើអ្វីដែលសម្តេចបាន ផ្តល់ជូនវិទ្យាល័យនេះកាលពីពេលកន្លងទៅ។ គួរបញ្ជាក់ថា វិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃដែលស្ថិតក្នុងតំបន់ជាប់ព្រំដែនប្រទេសវៀតណាមត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធ វង្សា សៅទី ហេងសំរិន ដើម្បីផ្តល់កន្លែងសិក្សារបស់ក្មួយៗជាកូនចៅប្រជាពលរដ្ឋនៅក្នុងតំបន់ នេះ ដែលអន្លង់ជ្រៃបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីកចំរើននៅលើគ្រប់វិស័យ ក្នុងនោះក៏មាន វិស័យសិក្សាធិការផងដែរក្រោមការយកចិត្តទុកដាក់ពីក្រុមការងារចុះជួយមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានក្រុមការងារចុះជួយខេត្តត្បូង ឃ្មុំ។

      មានប្រសាសន៍ទៅកាន់អង្គពិធីបញ្ចុះបឋមសិលានេះ សម្តេចពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ការពិតណាស់ប្រទេសកម្ពុជាយើងមានភ័ព្វសំណាងជាងប្រទេសសនានា

នៅក្នុងតំបន់ និងសកលលោក ជាពិសេសប្រទេសជឿនលឿន ដែលមកទល់ពេលនេះសាលារៀនភាគច្រើន នៅមិនទាន់បើកដំណើរការឱ្យសិស្សមករៀនដោយផ្ទាល់នៅសាលាដូច ក្មួយៗនៅទីនេះឡើយ គឺដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ សម្តេចបានបន្តថា យើងទាំង អស់គ្នាដឹងហើយថាជំងឺកូវីដ១៩ នេះ ជាជំងឺរាតត្បាតដ៏កាចសាហាវ ដែលបានផ្ទុះឡើងកាលពី ចុងឆ្នាំ២០១៩ ហើយបានឆ្លងរាលដាលយ៉ាងខ្លាំងនៅទូទាំងសកលលោក។ មកទល់ពេលនេះមានអ្នកជំងឺឆ្លងកូវីត-១៩នេះប្រមាណជាង១០០លាននាក់ ហើយអ្នកស្លាប់មានចំនួនរហូតដល់ជាង ២លាននាក់។ ជំងឺនេះបានបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងសង្គម ជាពិសេសលើសុខភាពសាធារណៈ បង្អាក់ការប្រមូលផ្តុំ ប៉ះពាល់លើវិស័យសេវាកម្ម និង ទេសចរណ៍ជាដើម ដែលបានធ្វើឱ្យមនុស្សរាប់សិបលាននាក់បាត់បងការងារ និងធ្លាក់ក្នុងភាព ក្រីក្រ។ ដោយឡែកប្រទេសកម្ពុជាយើងវិញក៏មិនអាចគេចផុតពីមេរោគនេះបានឡើយ តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ធ្វើ ឱ្យយើងអាចគ្រប់គ្រងជំងឺនេះបានយ៉ាងល្អ និងទាន់ពេលវេលា។

សម្តេចប្រធានរដ្ឋសភាបានបន្ថែមថា ទន្ទឹមនឹងភាពជោគជ័យនេះ យើងក៏មិនត្រូវ មានការធ្វេសប្រហែសឡើយខណៈដែលប្រទេសជិតខាងយើង ទំាងប្រទេសថៃ និងវៀតណាម កំពុងមានការឆ្លងរាលដាលក្នុងសហគមន៍ រហូតដល់ពេលនេះមិនទាន់គ្រប់គ្រងបានទំាងស្រុង នៅឡើយ។ មកទល់ពេលនេះជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលយ៉ាងខ្លាំង ទោះបីជាវ៉ាក់សាំង ការពារត្រូវបានរកឃើញនិងចាប់ផ្តើមចាក់ជាបណ្តើរៗ នៅប្រទេសមួយចំនួនក៏ដោយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner