បុរសម្នាក់កំពុងជិះម៉ូតូ ត្រូវរថយន្តស្ទូចបើកលឿនបុកចំពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ រថយន្តស្ទូចមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុកបុរសម្នាក់ កំពុងតែជិះម៉ូតូចំពេញទំហឹង បណ្តាលឲ្យកិនក្បាលស្លាប់នៅនឹងកន្លែងភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមុខវត្តកប់ស្រូវ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ឈាន ឈឺនហឺ អាយុ ១៨ឆ្នាំ មានទីលំនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញ បុរសម្នាក់ជិះម៉ូតូម៉ាក MSX ពណ៌ស លាយខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GA-3144 ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស្ទួចដឹកសសរគ្រឹះមួយគ្រឿងម៉ាក Nissan ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A.2888 ធ្វើដំណើរឡើងចេញពីផ្លូវបេតុងមកពីទិសខាងត្បូង ក្នុងល្បឿនលឿន ស្រាប់តែមកបុកបុរសម្នាក់ ដែលកំពុងជិះម៉ូតូម៉ាក MSX ចំពេញទំហឹងរួចកិនចំក្បាល បណ្តាលឲ្យបែកក្បាលស្លាប់នៅកន្លែងភ្លាមៗ។ បន្ទាប់ពីបង្កគ្រោះថ្នាក់រួចរថយន្តបានបើកគេចចេញពីកន្លែងកើតហេតុទៅទិសខាងលិច រួចក៏បានបត់ចូលតាមផ្លូវលំប្រមាណកន្លះគីឡូម៉ែត្រ ក្នុងភូមិកប់ស្រូវធំមានរោងការមួយកណ្តាលផ្លូវ ក៏បានឈប់រថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ រួចសម្រួលចរាចរណ៍ធ្វើការទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងបាញ់ថ្នាំម៉ូតូរងគ្រោះ និងរថយន្តបង្កយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner