យុវជនវ័យក្មេង ស្រ៊ាន វួចទ្រី សម្រេចចិត្តឃ្លាតឆ្ងាយពីគ្រួសារព្រោះចង់ជោគជ័យជាកីឡាករកាយសម្ព័ន្ធ ដ៏ឆ្នើមមួយរូបសម្រាប់កម្ពុជា
យុវជនវ័យ១៣ឆ្នាំ ស្រ៊ាន វួចទ្រី មកពីខេត្តក្រចេះ ស្រុកព្រះប្រសព្វ ឃុំឬស្សីកែវ បានសម្រេចចិត្តឃ្លាតឆ្ងាយពីស្រុកកំណើត មកហ្វឹកហាត់កីឡាកាយសម្ព័ន្ធ នៅរាជធានីភ្នំពេញ ជាមួយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ។ គិតមកដល់ពេលនេះ ស្រ៊ាន វួចទ្រី បានហាត់ហ្វឹកហ្វឺនរយៈពេល៨ខែហើយ ដើម្បីសម្រេចក្តីស្រម៉ៃក្លាយជាកីឡាករឆ្នើមមួយរូប ត្រៀមដណ្តើមមេដាយជូនកម្ពុជា ពីការប្រកួតលើឆាកអន្តរជាតិនាពេលអនាគត ។

ដោយសារតែក្តីស្រឡាញ់ ស្រ៊ាន វួចទ្រី បានចូលហ្វឹកហាត់កាយសម្ព័ន្ធតាំងពីអាយុ១២ឆ្នាំ នៅខេត្តក្រចេះ បូករួមនិងមានទេពកោសល្យល្អ និងមានឧបនិស្ស័យ ទើបត្រូវបានអគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធ លោក ណយ ផាណា នាំយកមកបណ្តុះណ្តាល នៅរាជធានីភ្នំពេញ ជាមួយគ្រូកម្រិតស្តង់ដារបស់សហព័ន្ធ ។ យុវជនវ័យ១៣ឆ្នាំរូបនេះ បានរៀបរាប់ទាំងស្រក់ទឹកភ្នែកថា ខ្ញុំត្រូវកាត់ចិត្ត ឃ្លាតឆ្ងាយពីឪពុកម្តាយ និងបងប្អូនបង្កើត មកហ្វឹកហាត់នៅភ្នំពេញ ព្រោះចង់ក្លាយជាកីឡាករកាយសម្ព័ន្ធ ដើម្បីសម្រេចក្តីមហិជ្ជតារបស់ខ្លួននាពេលអនាគត ។ ស្រ៊ាន វួចទ្រី លើកឡើងទៀតថា ពេលបានហ្វឹកហាត់នៅភ្នំពេញ ខ្ញុំតែងតែទទួលបានការលើកទឹកចិត្តពីឪពុកម្តាយ ក្ហាយជាកម្លាំងចិត្តជម្រុញឲ្យខ្ញុំខិតខំហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករកាយសម្ព័ន្ធល្បីឈ្មោះមួយរូប នៅកម្ពុជា ។

សូមបញ្ជាក់ថា យុវជន ស្រ៊ាន វួចទ្រី មានប្រភពពីខេត្តក្រចេះ បានចូលហ្វឹកហាត់ តាំងពីអាយុ១២ឆ្នាំ ជាមួយសហព័ន្ធកីឡាវាយសម្ព័ន្ធកម្ពុជា ៕