សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យអាជ្ញាធរ បង្កភាពងាយស្រួល ផ្នែកពាណិជ្ជកម្មនៅតាមព្រំដែន​ជាមួយ​ប្រទេសជិតខាង

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាដល់អភិបាលខេត្តនៅជាប់ព្រំដែន និងក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ត្រូវបង្កលភាពងាយស្រួលដល់ពលរដ្ឋ ក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង នៅតាមព្រំដែនកម្ពុជា-ថៃ,កម្ពុជា-វៀតណាម-និងកម្ពុជា-ឡាវ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមក គឺរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគ្រប់គ្រងការចេញ-ចូល របស់ប្រជាពលរដ្ឋនៅតាមព្រំដែន ហើយបានដាក់គោលដៅច្បាស់លាស់ គឺពង្រឹងការធ្វើចត្តាឡីស័កនៅតាមព្រំដែន ដើម្បីចៀសវាងការនាំចូលនូវជំងឺកូវីដ-១៩ពីក្រៅប្រទេស ចូលមកក្នុងប្រទេស។ ក៏ប៉ុន្តែការដឹកជញ្ជូនទំនិញ និងការរកស៊ីរបស់ប្រជាពលរដ្ឋ នៅតាមព្រំដែនរវាងប្រទេសជិតខាង ជាមួយ កម្ពុជា គឺនៅតែដំណើរការជាធម្មតា។

តាមរយៈសារជាសំឡេងនេះ សម្ដេចតេជោនាយរកដ្ឋមន្ត្រី បានទទួលព័ត៌មានថា មានការដាក់បទបញ្ជាដល់អាជ្ញាធរខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ថា មិនឲ្យប្រជាពលរដ្ឋខ្មែរដឹកជញ្ជូនកសិផលនាំចេញដូចពីមុនទៀតទេ ដោយចាប់ផ្ដើមអនុវត្តចាប់ពីស្អែកតទៅ តែសម្រាប់រថយន្តរបស់ប្រទេសថៃ អាចចូលមកកម្ពុជាបាន។ ប្រសិនបើមានករណីបែបនេះមែន សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យដកនូវបទបញ្ជានេះចេញវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៅតាមព្រំដែន អាចរកស៊ីបានជាធម្មតា ហើយជាពិសេសត្រូវសម្រួលដល់ការនាំចេញរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន ស្របពេលដែលរដូវនេះជារដូវប្រមូលផល។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អ្វីជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋ ដើម្បីធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពាណិជ្ជកម្មតាមព្រំដែន គឺនៅតែដំណើរការធម្មតា»។

បន្ថែមពីលើនេះសម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អភិបាលខេត្តនៅជាប់ព្រំដែនទាំងអស់ ត្រូវមានទំនួលខុសត្រូវរិះរកវិធីធ្វើយ៉ាងណា ជួយសម្រួលដល់ប្រជាពលរដ្ឋនៅតាមព្រំដែន នៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ត្រង់ចំណុចនេះថា «កូវីដវាបានបំផ្លាញយើងហើយ មិនអាចឲ្យមានការបំផ្លាញខាងសេដ្ឋកិច្ចបន្ថែមទៀតទេ»។

សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការធ្វើចត្តាឡីស័ក សម្រាប់ប្រជាពលរដ្ឋដែលឆ្លងកាត់ព្រំដែន។ ក៏ប៉ុន្តែត្រូវបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ អាចរកស៊ីបាននៅតាមព្រំដែន ហើយត្រូវធ្វើយ៉ាងណាពង្រីក នៅការរកស៊ីរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន ឲ្យកាន់តែធំឡើងថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ទីផ្សារនាំចេញរបស់កម្ពុជា គឺពឹងពាក់លើទីផ្សារប្រទេសជិតខាងច្រើន ហើយប្រទេសជិតខាង ក៏នាំចូលមកកាន់ប្រទេសកម្ពុជាក៏ច្រើនដែរ ដែលក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរនៅតាមព្រំដែន ត្រូវធ្វើកិច្ចការនេះដោយមានភាពច្បាស់លាស់៕ 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner