ទីបំផុត! ហ្គាណាជាប្រទេសក្រីក្រដំបូងគេទទួលបានវ៉ាក់សាំងកូវីដ១៩ពីកម្មវិធី COVAX
ហ្គាណាគឺជាប្រទេសដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោកមុនគេបង្អស់ ក្នុងនោះ វ៉ាក់សាំងទាំងនោះត្រូវបានបញ្ជូនដល់ប្រទេសក្រីក្រមួយនេះ នាថ្ងៃពុធ ទី២៤ កុម្ភៈ ២០២១នេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។
យន្តហោះផ្ទុកវ៉ាក់សាំង៦០ម៉ឺនដូស ជាវ៉ាក់សាំងអង់គ្លេស AstraZeneca/Oxford ដែលផលិតដោយវិទ្យាស្ថានSerum របស់ឥណ្ឌាបានទៅដល់រដ្ឋធានី Accra នៃប្រទេសហ្គាណា យោងតាមសេចក្តីប្រកាសរួមរបស់អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិបន្ទាន់សម្រាប់ដើម្បីកុមារអន្តរជាតិនៃអង្គការសហប្រជាជាតិ(UNICEF)។
គួរបញ្ជាក់ថា កម្មវិធី COVAX នេះគ្រោងនឹងផ្តល់វ៉ាក់សាំង២.៣ពាន់លានដូស នៅត្រឹមចុងឆ្នាំ២០២១នេះ ក្នុងនោះ រួមមានទាំង១.៨ពាន់លានដូស សម្រាប់ប្រទេសក្រីក្រ ដោយមិនគិតថ្លៃ។
គួរបញ្ជាក់ថា ប្រទេសហ្គាណាមានប្រជាជនសរុបជាង៣០លាននាក់ បច្ចុប្បន្ន មានអ្នកកើតជំងឺកូវីដ១៩ សរុបជាង៨ម៉ឺនករណី ក្នុងនោះ ស្លាប់៥៨២នាក់៕