ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ដើម្បីពិនិត្យ និងកែសម្រួលលើផែនការយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នា២០២១ ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ដើម្បីពិនិត្យ និងកែសម្រួលលើផែនការយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៥ និងការត្រៀមរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ «កម្ពុជា៖ ជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២»។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ អគ្គនាយករង លោកប្រធាននាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ព្រមទាំងសហការី និងមន្ត្រីនៃនាយកដ្ឋានពាក់ព័ន្ធចំណុះឱ្យអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ។ ដោយយោងលើស្ថានភាពនៃជំងឺកូវីដ-១៩ កិច្ចប្រជុំនេះរៀបចំឡើងជាពីរក្រុមគឺ អ្នកចូលរួមប្រជុំផ្ទាល់ និងសមាជិកអង្គប្រជុំផ្សេងទៀតចូលរួមតាមរយៈអនឡាញ (Zoom)។

ខ្លឹមសារយុទ្ធសាស្ត្រទីផ្សារ ដែលក្រុមការងារបានរៀបចំឡើងឆ្លើយតបនឹងវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៥ គឺផ្តោតលើយុទ្ធសាស្ត្រចំនួន ៥ គឺ យុទ្ធសាស្ត្រពង្រីកទីផ្សារគោលដៅអាទិភាព ផែនការយុទ្ធសាស្ត្រពង្រឹងគុណភាព និងអភិវឌ្ឍន៍ផលិតផលឆ្លើយតបតាមតម្រូវការទីផ្សារ ផែនការយុទ្ធសាស្ត្រជំរុញការធ្វើការដំណើរនិងការតភ្ជាប់ និងផែនការយុទ្ធសាស្ត្របង្កើនការផ្សព្វផ្សាយ។

ក្រៅពីពិនិត្យកែសម្រួលលើផែនការយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៥ ក្រុមការងារក៏បានពិភាក្សាគ្នាផងដែរអំពីការត្រៀមរៀបចំកម្មវិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ “កម្ពុជា ជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២” ដែលគ្រោងនឹងរៀបចំនៅខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner