“មេខ្យល់”នាំពលករឆ្លងដែនខុសច្បាប់ ចំនួន៣៩នាក់ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងកសាងសំណុំរឿង ដោយបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ពីបទនាំពលករឆ្លងដែនខុសច្បាប់

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែង នៅក្នុងឱកាសចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងាយរងគ្រោះចំនួន៥០គ្រួសារ ក្នុងស្រុកគាស់ក្រឡ និងចុះពិនិត្យមើលការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST មួយខ្សែ នៅក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ប្រវែងជាង១១គម.កាលពីពេលថ្មីៗនេះថា៖ នៅក្នុងវិធានការទប់ស្កាត់ នូវការនាំពលករឆ្លងដែនខុសច្បាប់ពីសំណាក់ពួកមេខ្យល់ទាំងនោះ។អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានបង្កើននូវកម្លាំង និងដាក់ពង្រាយកម្លាំងសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃដែលស្ថិតជាប់ភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីធ្វើការចាប់ខ្លួននិងស្វែងរកពពួកមេខ្យល់ទាំងនោះ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ដោយមិនមានការលើកលែងឲ្យឡើយ ។

ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានថ្លែងដោយគូសបញ្ជាក់ទៀតថា៖ ពួកមេខ្យល់ដែលតែងតែនាំពលករនាំចេញចូលលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅតាមបណ្តាច្រករបៀងនានាជាប់ខេត្តបាត់ដំបង ហើយត្រូវបានកងកម្លាំងសមត្ថកិច្ចចម្រុះឈរជើងនៅតាមគោលដៅទាំងនោះ រួមទាំងអាជ្ញាធរស្រុកជាប់ព្រំដែនទាំង៣ រួមមាន៖ស្រុកកំរៀង ស្រុកភ្នំព្រឹកនិងស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ និងបានបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ នូវ ក្នុងអំឡុង នៃ វិបត្តិជំងឺកូវីដ-19 ដែលរហូតមកដល់ពេលនេះ មានចំនួន ៣៩នាក់ ហើយ លើសំណុំរឿង ចំនួន២១ករណី ។

ដោយឡែកតាមការគូសបញ្ជាក់ពី លោកស្រី រស់ ជីវី ស្នងការរងខេត្តបាត់ដំបង ទទួលបន្ទុកការជួញដូរមនុស្ស និងការពារអនិតិជន ក៏បានឲ្យដឹងដែរថា៖ ពួកមេខ្យល់ដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានទាំងអស់នោះ គឺភាគច្រើនត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅពេលនាំពលករលួចឆ្លងដែនខុសច្បាប់ តាមច្រកនានានិងឆ្លងអូរនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកទាំង៣ខាងលើនេះ។លោកស្រីស្នងការរងនគរបាលខេត្តរូបនេះ ក៏បានសង្កត់ធ្ងន់ឲ្យដឹងទៀតថា៖ ជាក់ស្ដែងកម្លាំងសមត្ថកិច្ច បាននិងកំពុងតែបន្តនិងស្វែងរកមុខសញ្ញាពួកមេខ្យល់មួយចំនួនទៀត ដែលនៅសេសសល់ និងកំពុងលាក់ខ្លួនសម្ងំទាំងនៅក្នុងស្រុកនិងកំពុងលាក់ខ្លួនប្រទេសជិតខាង ដើម្បីចាត់វិធានការច្បាប់។

កន្លងទៅថ្មីៗនេះផងដែរ ពលករដែលវិលត្រឡប់ពីថៃ ដែលមានគ្នីគ្នាចំនួន០២នាក់ ត្រូវបានមេខ្យល់នាំចេញពីប្រទេសថៃឆ្លងចូលមកស្រុកខ្មែរវិញដោយបញ្ឆោតឲ្យធ្វើដំណើរចូលក្នុងលូទឹកស្អុយវារចេញពីប្រទេសថៃដើម្បីគេចវេសពីកម្លាំងសមត្ថកិច្ចនៅតាបន្ទាត់ព្រំដែនក្នុងចម្ងាយប្រមាណ៣០០ទៅ៤០០ម៉ែត្រ ទើបឆ្លងរួចផុតចូលមកដល់ដីខ្មែរ ដើម្បីគេចវេសពីការធ្វើចត្តាឡីស័ក ហើយត្រូវបានកងកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនបាននិងរក្សាទុក នៅអធិការដ្ឋាននគបាល នៃស្រុកកំរៀង ដើម្បីបំពេញនីតិវិធីច្បាប់។

លោកស្រីស្នងការរង ក៏បានបន្តទៀតថា៖ ការកំណត់នូវមុខសញ្ញា និងការតាមចាប់ខ្លួនពួកមេខ្យល់ទាំងនោះមានផលលំបាកមួយចំនួន។ ព្រោះតែពួកទាំងនោះ មានការបំលាស់ទីមិនច្បាស់លាស់ ខណៈការចាប់ខ្លួនពួកគេទាំងនោះ ធ្វើការចាប់ខ្លួនបាន តាមរយៈនគរបាលវរៈការពារព្រំដែន កងទ័ព និង កម្លាំងកងរាជអាវុធហត្ថ ជាដើម…. ។

តាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា នៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២១ ក៏មានពលករឆ្លងដែនមកពីប្រទេសថៃ តាមច្រកព្រំដែននានាជាប់ខេត្តបាត់ដំបង សរុបចំនួន ៣២៤នាក់។និងកំពុងដាក់ឲ្យធ្វើចត្តាឡីស័កមានចំនួន៣៧៤៥
នាក់។ក្នុងនេះផងដែរ អាជ្ញាធរខេត្តបាត់ដំបង ក៏បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន០២បន្ថែមទៀត និងគ្រោងតម្លើងរោងតង់ នៅតាមមណ្ឌលដែលមានស្រាប់ពី៣០ទៅ៥០រោងតង់បន្ថែមទៀតនៅតាមបណ្តាស្រុកជាប់ព្រំដែនក្នុងខណៈកំណើនពលករឆ្លងដែនវិលត្រឡប់ពីប្រទេសថៃកាន់តែច្រើនឡើងជាប្រចាំថ្ងៃ កន្លងមកនេះ៕ ( អត្ថបទ-រូបភាព៖ អិក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner