លោក ឆន ឆៃយុទ្ធ ៖ កុំឱ្យសាលារៀនតាមខេត្តផ្អាកដំណើរការ ម្តាយឪពុកសិស្សកុំគិតថាហានិភ័យកូវីដ-19 មានកម្រិតទាប

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ ឥទ្ធិពលនៃការឆ្លងរីករាលដាលជំងឺកូវីដ-19 ពីព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ ធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡា សម្រេចចិត្ត​ផ្អាក​ដំណើ​រ​ការ​គ្រឹៈ​ស្ថាន​សិក្សាសាធារណៈ និ​ង​​ឯកជនទាំង​អស់​នៅ​រាជ​ធានី​ភ្នំ​ពេញ និងខេត្តកណ្តាល។ ទន្ទឹមគ្នានេះ ក្រសួងអប់រំក៏ផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងអស់នៅក្រុងព្រះ​សី​ហនុ​ និងស្រុកស្ទឹងហាវ នៅ​ខេត្ត​ព្រះ​សី​ហ​នុ រយៈពេលពីរសប្តាហ៍ផងដែរ។ តាមរយៈព្រឹត្តិការណ៍នេះ គ្មាន​នរណាម្នាក់អាចសន្មត់ជាក់លាក់បានឡើយថា ការឆ្លងកូវីដ-19 នៅសហគមន៍នឹងត្រូវបញ្ចប់នៅពេលណា ខណៈ​រាជ​រដ្ឋា​ភិបាល និងស្ថានប័នជំនាញពាក់ព័ន្ធកំពុងខិតខំដោះស្រាយ ដើម្បី​បញ្ចប់​ការ​ឆ្លង​រីករាល​ដាល​នៅ​ក្នុងសហគមន៍។ ស្របគ្នានេះ ដើម្បីកុំឱ្យសាលារៀនផ្អាកដំណើរការ ម្តាយឪពុកឬអ្នកអាណាព្យាបាលសិស្សដើរតួនាទីយ៉ាងសំខាន់ មិនត្រូវគិតថាហានិភ័យកូវីដ-19 មានកម្រិតទាប ត្រូវចូលរួមជាមួយសាលា​​រៀន​អនុវត្ត​សុវត្ថិ​ភាព​សុខ​ភាព​សិក្សា។ នេះបើតាម លោក ឆន ឆៃយុទ្ធ ប្រធានសម្របសម្រួលបច្ចេកទេសផ្នែកបច្ចេកវិទ្យាសម្រាប់ការអប់រំ នៃអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ហៅកាត់ថា ខេប។

ក្នុងបទសម្ភាសន៍ជាមួយ AMS លោក ឆន ឆៃយុទ្ធ មានប្រសាសន៍ថា ក្រៅពីសាលារៀនម្ដាយឪពុកដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំនិងគិតគូរដល់សុវត្ថិភាពសិក្សារបស់កូនៗ។ ម្ដា​យ​​​ឪពុកត្រូវចូលរួមយ៉ាងសកម្មជាមួយសាលារៀន ដើម្បីអនុវត្តវិធានសុវត្ថិភាពសិក្សា ឬគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដែលក្រសួងអប់រំ យុវជន និងកីឡា ដាក់ឱ្យសាលារៀនក្នុងខេត្កនីមួយៗអនុវត្តន៍។

លោក ឆន ឆៃយុទ្ធ ៖ “អ្វីដែលក្រសួងអប់រំធ្វើ និងអ្វីដែលពួកយើងជាអង្គការដៃគូរកំពុងធ្វើ គឺជំរុញឱ្យសាលារៀនទាំងអស់អនុវត្តវិធានសុវត្ថិភាពសិក្សាតាមការណែនាំរបស់រាជរដ្ឋា​ភិបាល ប៉ុន្តែយើង​សង្កេត​ខ្ញុំ​ឃើញ​ថា​ ឪពុកម្តាយសិស្សមួយចំនួនកំពុងតែធ្វេសប្រហែសដោយគិតថា អាហ្នឹងមិនមានបញ្ហា មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ មិនទាន់ចូលរួមជា​មួយ​សាលា​រៀន​។ ទន្ទឹមគ្នាហ្នឹង សាលារៀន មាននាយក​សាលា​ជាដើម​ត្រូវ​ផ្សព្វ​ផ្សា​យ​ព័ត៌មានហ្នឹងឱ្យបានទូលំទូលាយ សុំឱ្យមានកិច្ចសហការណ៍រពីម្តាយឪពុក… ម្តាយឪពុកសុំកុំគិតថាហានិភ័យកូវីដ​-19 មានកម្រិតទាប យើងត្រូវចូលរួមទាំងអស់គ្នា”។

សម្រាប់យន្តការបញ្ជៀសមិនឱ្យសាលារៀននៅតាមបណ្តាខេត្តផ្អាកដំណើរការសិក្សាក្នុងស្ថានភាពនេះ លោក ឆន ឆៃយុទ្ធ ប្រធានសម្របសម្រួលបច្ចេកទេស​ផ្នែកបច្ចេក​វិទ្យាសម្រាប់​ការអប់រំ បាន​ចាត់​ទុក​សកម្ម​ភាព​រឹត​បន្តឹង​ការ​អនុវត្តវិធានទាំងឡាយដែលក្រសួងអប់រំបានដាក់ចេញឱ្យបានម៉ឺងម៉ាត់ជាកាតព្វកិច្ចដែលសាលារៀនត្រូវធ្វើ។ “បើយើងរឹតបន្តឹងគោលការ​សុវត្ថិភាពហ្នឹង ចង់មិនចង់ម្តាយឪពុកត្រូវចូលរួម ឬយលដឹងបន្ថែម ! ខ្ញុំឧទាហរណ៍ថា កូនគាត់ក្តៅខ្លួន ហៀរសំបោរ អត់ពាក់ម៉ាស់ សាលាត្រូវហៅឪពុកម្តាយឱ្យចូលរួមសហការ​ជួយ​កូន​ ! ប្រសិនបើឪពុកម្តាយមិនជួយពីរបីដងសាលាអាចព្រមានឪពុកម្តាយ យើងគិតមើលបើបិទសាលាដូចនៅភ្នំពេញ​និងខេត្តកណ្តាលប៉ះពាល់ខ្លាំងដល់ការសិក្សារបស់ក្មេង គ្មាន​នរ​ណា​ចង់បានបែបហ្នឹងទេ វាប៉ះពាល់ទាំងអស់គ្នាតែម្តង”។

អ្នកជំនាញអប់រំរូបនេះ បានបន្ថែមថា ក្នុងដំណាក់រួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19 ឪពុកម្ដាយដើរតួនាទីយ៉ាងសំខាន់ជាគ្រូបង្រៀនកូនតាមរូបភាពដែលអាចធ្វើទៅបាន​។ ឪពុកម្ដាយមិនត្រឹមតែបង្រៀនពីវិធីថែទាំសុខភាព វិធីការពារសុខភាព និងវិធានការពារកុំឱ្យឆ្លងកូវីដ-19 នោះទេ ប៉ុន្តែត្រូវធ្វើខ្លួនជាគ្រូបង្រៀនកូនប្រចាំថ្ងៃបន្ថែមទៅលើការសិក្សា​របស់​កូននៅក្នុងសាលា ដោយសារបទពិសោធន៍មួយឆ្នាំកន្លងទៅការសិក្សាហាក់ដូចជាមិនជាប់លាប់។

លោក ឆន ឆៃយុទ្ធ ៖ “មួយវិញទៀត ខ្ញុំឃើញកម្មវិធីសិក្សាជាប្រភេទវីដេអូបង្រៀនជាច្រើន ត្រូវបានក្រសួងអប់រំបង្កើតឡើង ក៏ប៉ុន្តែអាចថាការផ្សព្វផ្សាយព័ត៌មានពីកម្មវិធីអប់រំទាំងនោះនៅមិនទាន់បានទូលំទូលាយនៅឡើយ ដែលជាហេតុធ្វើឱ្យកុមារមួយចំនួនមិនអាចសិក្សាជាប់លាប់។ ទន្ទឹមគ្នានេះ វីដេអូប្រៀនទាំងនោះបានទៅដល់សិស្សានុសិស្សនៅតាមតំបន់ជនបទ ឬតំបន់ដាច់ស្រយាលមួយចំនួននៅមានកម្រិតនៅឡើយ។ ខ្ញុំសង្ឃឹមថាស្ថាប័នពាក់ព័ន្ធ ក្រសួងអប់រំ ក៏ដូចជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាដើម អាចពិចារណាទៅលើចំណុចនេះ ឬមានវិធីសាស្ត្រណាមួយ បញ្ចុះតម្លៃសេវាអ៊ីនធឺណិតជួយដល់សិស្សានុសិស្សក្នុងស្ថានភាពនេះ” ។

គួរបញ្ជាក់ដែរថា តាមរយៈបទពិសោធន៍នៃការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនក្នុងពេលកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងព័ត៌មាន អង្គការដៃគូរអប់រំ បានបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយសារអប់រំសុខភាពនៅតាមគ្រឹះស្ថានសិក្សា ព្រមទាំងបង្កើតកម្មវិធីបង្រៀនផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ដើម្បីជួយដល់ការសិក្សារបស់សិស្ស។ ស្របគ្នានេះ ដើម្បីឱ្យគុណភាពសិក្សារបស់សិស្សានុសិស្សមានប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានអំពាវនាវឱ្យមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សចូលរួមលើកកម្ពស់ការសិក្សារបស់កូននៅតាមផ្ទះក្នុងដំណាក់កាលនៃ​រីក​រាល​ដាល​កូវីដ​-19 ផងដែរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner