ប្រជាពលរដ្ឋ៣០០នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅខណ្ឌមានជ័យ ទទួលបានអំណោយពី សម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ប្រជាពលរដ្ឋជាង៣០០នាក់ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្រោយពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០ខែកុម្ភៈ» ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ទទួលសាច់ជ្រូក និងអង្ករពីដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាអ្នកដឹកនាំចែកអំណោយនេះដោយផ្ទាល់។
ឯកឧត្តម ឃួង ស្រេង ថ្លែងថា អំណោយទាំងនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ១០គីឡូក្រាម និងសាច់ជ្រូកចំនួន២គីឡូក្រាម។
មន្ត្រីរដ្ឋបាលខណ្ឌមានជ័យ ថ្លែងថា រដ្ឋបាលខណ្ឌមានជ័យ មានមណ្ឌលព្យាបាល និងធ្វើចត្តាឡីស័កមួយ មានអ្នកជំងឺស្នាក់នៅព្យាបាល ចំនួន៥៤នាក់ (គិតត្រឹមថ្ងៃទី០២ ខែមីនា) និងមានទីតាំងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ចំនួន០៥ទីតាំង ស្មើនឹង៤៧០នាក់ ក្នុងនោះ បរទេស៣៤នាក់។
ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កទាំងនេះ មានប្រជាពលរដ្ឋ៩២នាក់ បានធ្វើយកសំណាកទៅពិនិត្យចំនួន០២លើករួចមកហើយ គឺនៅថ្ងៃទី២៦ ដោយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ និងនៅថ្ងៃទី២៧ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ៕
