សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាបណ្តុំចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ សម្រាប់កូនខ្មែរសិក្សាស្វែងយល់
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សារមន្ទីរព្រះនរោត្តមសីហនុអង្គរមិនត្រឹមតែជាទីកន្លែងពិព័រណ៍នូវកុលាលភាជន៍ ផ្នូរសពបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ រួមទាំងបដិមាជាច្រើនសម្រាប់ទស្សនាប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលផ្តុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។
លោក ប៉ែន ចំរ៉ុង នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានលើកឡើងថា អ្នកទស្សនាអាចទទួលបាននូវចំណេះដឹងដ៏កម្រ តាមរយៈការចូលមកទស្សនាពិព័រណ៍នៅសារមន្ទីព្រះនរោត្តមសីហនុ-អង្គរ។ ជាពិសេសសម្រាប់យុវជន កុលបុត្រខ្មែរដែលចំណេះដឹងទាំងនេះគឺមានតម្លៃជាទីបំផុត។ លោកសង្កត់ធ្ងន់ថា យុវជនជា សសរទ្រូងរបស់ប្រទេសជាតិ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវ និងចូលរួមក្នុងកិច្ចការថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ។ ដូច្នេះ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លើកទឹកចិត្ត និងបើកទូលាយដល់គ្រឹះស្ថានអប់រំផ្សេងៗដឹកនាំសិស្សានុសិស្សឱ្យមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់យល់ពីតួនាទីរបស់សារមន្ទីរ និងបានឃើញបុរាណវត្ថុផ្ទាល់ភ្នែក ដែលបានមកពីការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា អង្គការស្ថាប័នអន្តរជាតិធ្វើការងារជួសជុល អភិរក្ស និងស្រាវជ្រាវនៅក្នុងតំបន់អង្គរ។
លោក ប៉ែន ចំរ៉ុង បន្ថែមថា ក្រោយពេលមានការអប់រំបេតិកភណ្ឌបានទូលំទូលាយ មានប្រជាពរដ្ឋ និងសប្បុរសជនបានចូលរួមផ្តល់នូវបុរាណវត្ថុដូចជាបដិមា និងកុលាលភាជន៍មកសារមន្ទីរជាហូរហែរ។ សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើន រួមទាំងបានចូលរួមចំណែកថែរក្សា ការពារ អភិរក្សជាមួយអាជ្ញាធរជាតិអប្សរា និងសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕