ប្រើពេល៣៣ម៉ោងក្នុងការប្រែក្លាយសណ្ឋាប្រណិតមួយនៅរាជធានីភ្នំពេញឲ្យក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជម្ងឺប្រមាណ ៥០០នាក់

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមទំព័រហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី៨មីនាឆ្នាំ២០២១ បានសរសេរថា រួមគ្នាយើងអាចធ្វើបាន។ លោកបានបន្តថា ក្នុងរយៈពេលតែ ៣៣ ម៉ោងប៉ុណ្ណោះយើងបានរួមគ្នាសម្រេចនូវបេសកកម្មដ៏ធំមួយ គឺការកែប្រែសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) ដែលជាសណ្ឋាគារដ៏ធំមួយនៅភ្នំពេញ ហើយដែលបានបិទទ្វារមិនដំណើរការអាជីវកម្មអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ ឲ្យក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ដែលអាចព្យាបាលអ្នកជម្ងឺប្រមាណ ៥០០នាក់។ ចាប់ពីល្ងាចថ្ងៃទី៦មីនា ឆ្នាំ២០២១ ក្រោយទទួលបានបទបញ្ជារបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការប្រមូលផ្តុំ និងចុះរៀបចំដោយផ្ទាល់នៅទីតាំងអគារសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ដោយបានប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលនឹងត្រូវរៀបចំផ្ទេរចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ)។ សមាសភាពចម្រុះ ដែលបានចូលរួមសម្រេចដោយជោគជ័យនូវបេសកកម្មក្នុងពេលដ៏ខ្លីនេះ រួមមាន ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល, កម្លាំងកងទ័ព, កងរាជអាវុធហត្ថ, កងនគរបាលជាតិ, មន្ត្រីជំនាញផ្នែកពាក់ព័ន្ធនានា និងក្រុមការងារស្ម័គ្រចិត្ត ព្រមទាំងការចូលរួមសហការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងគណៈគ្រប់គ្រងសណ្ឋាគារផងដែរ។
ការងារត្រៀមរៀបចំនោះ បានបញ្ចប់រួចរាល់ជាស្ថាពរនៅម៉ោង២និង៣០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី៨មីនា ឆ្នាំ២០២១។ លោកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ
ក្រុមការងារទាំងអស់ពីអង្គភាពកងទ័ព កងរាជអាវុធហត្ថ នគរបាលជាតិ ក្រសួងសុខាភិបាល ក្រសួងការងារ សាលារាជធានីភ្នំពេញ អគ្គិសនីយកម្ពុជា(EDC) ក្រុមហ៊ុនឯកជន និងមិត្តភ័ក្ត្រទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំនោះ។ លោកបានបញ្ជាក់ថា បើគ្មានការចូលរួមយ៉ាងសកម្មរបស់ពួកគាត់ទាំងអស់គ្នាទេក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ ជាមួយគ្នានោះ លោកបាន ថ្លែងអរគុណចំពោះម្ចាស់សណ្ឋាគារ The Great Duke ដែលបានអនុញ្ញាតអោយរាជរដ្ឋាភិបាលខ្ចីសណ្ឋាគារដ៏ធំមួយនេះដោយឥតគិតថ្លៃសម្រាប់ប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។ លោកបានបន្តថា ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាលក្នុងការប្រមូលផ្តុំធនធានមនុស្ស, សម្ភារៈ, បរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន បម្រើដល់ការជួយសង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងសហគមន៍។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner