សម្ដេចប្រធានរដ្ឋសភាផ្ញើសារអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា

អត្ថបទដោយ៖
Kien Sereyvuth

ទំព័រហ្វេសប៊ុករបស់សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៨មីនាឆ្នាំ២០២១ បានផ្ញើសារអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា។ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានសរសេរថា ថ្ងៃនេះជាខួបលើកទី១១០ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩»។ ប្រធានបទនេះបង្ហាញយ៉ាងច្បាស់ពីតម្លៃនិងតួនាទីស្រ្តី ដែលមិនអាចខ្វះបាននៅក្នុងសង្គមជាតិ នៅគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងបរិការណ៌មានវិបត្តិឬហានិភ័យអ្វីមួយ។ ជាក់ស្តែងនៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកំពុងរាតត្បាតនេះកម្ពុជាកាន់តែមិនអាចខ្វះបាននូវវត្តមានអ្នកគ្រូពេទ្យដែលជាទ័ពជួរមុខក្នុងសមរភូមិដែលយើងមិនស្គាល់ពីសត្រូវច្បាស់នៅឡើយនោះ។ សម្ដេចហេង សំរិន បានចាត់ទុកវីរភាពរបស់អ្នកគ្រូពេទ្យនៅក្នុងពេលនេះ មិនត្រឹមជាអ្នកគ្រូពេទ្យមើលថែអ្នកជំងឺនោះទេ តែពួកគាត់ប្រៀបដូចជាមាតា ជាភរិយា បងនិងជាប្អូនស្រី ដែលមើលថែ ផ្តល់ភាពកក់ក្តៅ កម្លាំងចិត្តដល់ប្រជាពពលរដ្ឋដែលងាយនឹងរងគ្រោះទំាងអស់។ សម្ដេចប្រធានរដ្ឋសភា បានបន្តថា ជារៀងរាល់ឆ្នាំនៅក្នុងឱកាសដ៏មានតម្លៃនេះសម្ដេចតែងតែទទួលជួបប្រតិភូស្រ្តីមកពីវិស័យផ្សេងៗទំាងនៅក្នុងជួររាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងធុរកិច្ច ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព សំណូមពរ និងបានផ្តល់អនុសាសន៍សំដៅលើកកម្ពស់តម្លៃស្រ្តីឱ្យស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៌ប្រកបដោយចីរភាព (SDG)។ ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ននីតិប្បញត្តិ សម្ដេចតែងតែគំាទ្រដល់ការបង្កើតច្បាប់និងយន្តការនានាដើម្បីលើកកម្ពស់តួនាទីស្រ្តីនៅលើគ្រប់វិស័យ ជាអាទិ៍វិស័យនយោបាយ អប់រំ សង្គម សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។
ជាមួយគ្នានោះ សម្ដេចសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងក្រៃលែងដល់រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងអង្គការជាតិនិងអន្តរជាតិទាំងអស់ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខមាលភាពស្ត្រី និងកុមារ ហើយសម្ដេចមានជំនឿជាក់ជាក់យ៉ាងមុតមាំថា ទោះបីជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ នេះក៏ដោយ ក៏ទាំងអស់គ្នាបន្តខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការរួមគ្នាបន្ថែមទៀតសំដៅលើកកម្ពស់ស្រ្តីឱ្យកាន់តែមានភាពប្រសើរថែមទៀត។ ជាមួយគ្នានោះ សម្ដេចប្រធានរដ្ឋសភា បានថ្វាយព្រះពរ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ ព្រះមហាក្សត្រ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុក្ខដាក់អំពីសុខទុក្ខ នឹងជីវភាពរបស់កូនចៅ ពិសេសការលើកកម្ពស់សមភាពយែនឌ័ររបស់ស្ត្រី និងក្មេងស្រីនៅព្រះរាជាណាចក្រកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner