កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានឡោមព័ទ្ធក្រុមអ្នកប្រឆាំងតវ៉ា និងបញ្ជាដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកចំនួន០៥
មីយ៉ាន់ម៉ា៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានឡោមព័ទ្ធក្រុមយុវជនជាបាតុកររាប់រយនាក់ពេញមួយយប់ថ្ងៃចន្ទម្សិលមិញ ក្នុងសង្កាត់មួយកន្លែង នៅទីក្រុងរ៉ង់ហ្គូន ហើយគំរាមចូលតាមចាប់ខ្លួនពួកគេដល់ក្នុងផ្ទះ ខណៈសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិបានអំពាវនាវឱ្យយោធាអនុញ្ញាតឱ្យក្រុមបាតុករចាកចេញពីការឡោមព័ទ្ធ ។
បាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា ដោយបំពានបម្រាមគោចរ នៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីបង្ហាញការគាំទ្រដល់ក្រុមយុវជន ដែលកំពុងត្រូវបានឡោមព័ទ្ធក្នុងសង្កាត់ សានឆង (Sanchaung) ។ យោធាមីយ៉ាន់ម៉ាបានប្រើប្រាស់គ្រាប់បែកផ្សែង ដើម្បីបំបែកហ្វូងបាតុករក្នុងសង្កាត់ សានឆង Sanchaung ហើយសាក្សីក៏បានលឺស្នូរគ្រាប់កាំភ្លើងដែរ ។
ស្របពេលជាមួយគ្នានោះដែរ យោធាមីយ៉ាន់ម៉ាក៏បានបញ្ជាដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកចំនួន០៥ទៀតផង ក្នុងនោះរួមមាន មីហ្ស៊ីម៉ា (Mizzima), DVB, ឃីតធីត (Khit Thit Media), Myanmar Now និង 7Day News ៕ ប្រភព៖ Reuters