សម្តេចតេជោ បន្តអំពាវនាវដល់ជនរួមជាតិ អនុវត្តន៍តាមវិធានសុខាភិបាលឱ្យបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឲ្យបានល្អប្រសើរ
ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប អនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឲ្យបានល្អប្រសើរ ដើម្បីចៀសវាងការពារពីជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ បើមិនមានការចាំបាច់ទេ គឺ “កុំចេញក្រៅផ្ទះ” ហើយប្រសិនបើចេញក្រៅផ្ទះ ត្រូវតែពាក់ម៉ាសឲ្យបានម៉ត់ចត់ ព្រោះឥឡូវនេះ យើងមិនដឹងថា ជំងឺកូវីដ-១៩ ពិតប្រាកដនៅទីណានោះទេ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន១០៥នាក់ និងមានអ្នកជាសះស្បើយ ៨៨នាក់ ។ ករណីវិជ្ជមានថ្មី និងជាសះស្បើយខាងលើនេះ សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ សរុប ១៤៣០ករណី ក្នុងនោះ អ្នកជំងឺ៨១៤នាក់ បានជាសះស្បើយ និងមានស្លាប់ម្នាក់ ។
ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៩១៥នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ៣១៩នាក់ផងដែរ ៕ ដោយវណ្ណលុក