បទពិសោធន៍តែងនិពន្ធល្ខោនវិទ្យុទទួលបានជ័យលាភីលេខ១ ជំរុញចិត្ត ស៊ុយ លីនប៉ាវ ឱ្យស្រឡាញ់ការងារតែងនិពន្ធកាន់តែខ្លាំង
ភ្នំពេញ៖ អត្ថបទល្ខោនវិទ្យុមួយមានចំណងជើងថា “ជនត្រូវគេបំពាន” បានជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងសរសេរអត្ថបទល្ខោនវិទ្យុទាក់ទងនឹងប្រធានបទ “ការបៀតបៀនស្រ្តីលើប្រព័ន្ធអ៊ីនធឺណេត” រៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សម្រាប់ឆ្នាំ២០២១។ យុវជន ស៊ុយ លីនប៉ាវ មានអាយុម្ភៃពីរឆ្នាំ ជានិស្សិតផ្នែកស្ថាបត្យកម្ម សិក្សាឆ្នាំទី៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្កើតស្នាដៃតែងនិពន្ធនេះ។
ខ្លឹមសារនៃស្នាដៃល្ខោនវិទ្យុថ្មោងថ្មីដំបូងរបស់ ស៊ុយ លីនប៉ាវ មានបំណងបង្ហាញឱ្យឃើញសកម្មភាពមួយចំនួននាំឱ្យកើតមានរូបភាពបៀតបៀនស្រ្តីលើប្រព័ន្ធអ៊ីនធឺណេត ព្រមទាំងផ្តល់ដំណោះស្រាយផ្សេងៗដល់ជនរងគ្រោះនៅក្នុងដំណើរសាច់រឿង។

តាមរយៈបទពិសោធន៍និពន្ធល្ខោនវិទ្យុទទួលបានជ័យលាភីលេខ១ នៅពេលនេះ បានជំរុញចិត្តយុវជន ស៊ុយ លីនប៉ាវ កាន់តែខ្លាំងក្នុងការងារតែងនិពន្ធ។ លីនប៉ាវ បាននិយាយថា “លទ្ធផលជោគជ័យកន្លងទៅបានជំរុញទឹកចិត្តខ្ញុំយ៉ាងខ្លាំងនៅក្នុងវិស័យមួយនេះ ! បើរំឭកទៅ ដើមឡើយខ្ញុំចូលចិត្តសរសេររឿងកំប្លែងខ្លី និងរឿងប្រលោមលោកខ្លីបែបកំសាន្តសប្បាយតែប៉ុណ្ណោះ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ ខ្ញុំចាប់អារម្មណ៍ខ្លាំងនឹងរឿងអប់រំខ្លី ព្រោះរឿងបែបនេះធ្វើឱ្យខ្ញុំអភិវឌ្ឍន៍គំនិត និងពិចារណាដោះស្រាយបញ្ហាបានស៊ីជម្រៅ”។
រៀនបណ្តើរសរសេរ និងតែងនិពន្ធអត្ថបទផ្សេងៗបណ្តើរ យុវជនរូបនេះ មើលឃើញឱកាសយ៉ាងច្រើនពីការងារតែងនិពន្ធ។ ជុំវិញស្នាដៃជោគជ័យខាងលើ ស៊ុយ លីនប៉ាវ បានបន្តរៀបរាប់ថា តែងនិពន្ធអត្ថបទល្ខោនវិទ្យុមួយអាចកើតឡើងទៅបានអាស្រ័យលើភាពប៉ិនប្រសប់របស់អ្នកនិពន្ធ វិធីសាស្ត្រតែងនិពន្ធ បូកផ្សំនឹងសិល្បៈបង្ហាញគំនិត ឬចេតនាបង្ហាញរូបភាពអ្វីមួយរបស់ស្មេរទៅកាន់សាធារណជន។ អ្នកដែលមានចំណង់ចំណូលចិត្តតែងនិពន្ធ អាចធ្វើកិច្ចការទាំងអស់នេះបាន។

ស៊ុយ លីនប៉ាវ ៖ “ក្តីស្រមៃខ្ញុំតែងផ្លាស់ប្ដូរនិច្ច ពេលឱកាសថ្មីមកដល់! អាចនិយាយម្យ៉ាងទៀតថា ខ្ញុំមិនទាន់បានរកឃើញទេពកោសល្យពិតប្រាកដរបស់ខ្លួនឯង ដូច្នេះខ្ញុំតែងសាកល្បងបទពិសោធន៍ថ្មីៗ ដើម្បីស្វែងយល់ខ្លួនឯងឱ្យកាន់តែច្បាស់… តែខ្ញុំចង់ក្លាយជាអ្នកនិពន្ធមួយរូប”។
យុវជនមានទីកន្លែងកំណើតនៅខេត្តកំពង់ធំរូបនេះ បានរំលឹកដល់ការសម្រេចចិត្តតែងនិពន្ធអត្ថបទល្ខោនវិទ្យុលើដំបូងរបស់ខ្លួនថា សម្រេចចិត្តចូលរួមប្រកួតប្រជែងសរសេរអត្ថបទរឿងល្ខោនវិទ្យុ មានគោលបំណងធំមួយ គឺចង់សាកល្បងស្នាដៃនិងទេពកោសល្យរបស់ខ្លួន។
ពន្លកអ្នកនិពន្ធរូបនេះ បានឱ្យដឹងថា រូបគេមានសង្ឃឹមយ៉ាងមុតមាំក្នុងការងារតែងនិពន្ធ ដោយសារទទួលបានការគាំទ្រនិងលើកទឹកចិត្តពីរៀមច្បងនិងអ្នកនិពន្ធជាច្រើនរូប រួមមានអ្នកស្រី ម៉ីសន សុធារី, អ្នកស្រី អ៊ុច ថាវី, ឯកឧត្តម ព្រឿង ប្រណិត, លោក ឡឹក ជំនោរ, អ្នកស្រី ប៉ុល ពិសី, លោកគ្រូអ្នកគ្រូនៅក្នុងសមាគមអ្នកនិពន្ធខ្មែរ, ព្រមទាំងរៀមច្បងក្នុងអាជីពជាច្រើនរូបទៀត។
សូមបញ្ជាក់កាលពីឆ្នាំ២០១៩ កន្លងទៅ ស៊ុយ លីនប៉ាវ ធ្លាប់បានទទួលជ័យលាភីកិត្តិយសក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ព្រះនាងឥន្ទ្រទេវី ផ្នែកប្រលោមលោកខ្លី។ លីនប៉ាវ ធ្លាប់បានសរសេររឿងខ្លីមួយចំនួនដូចជា រឿងខ្លី “ម៉ែ! ខ្ញុំចង់រស់” ទទួលបានជ័យលាភីលេខ១ ពានរង្វាន់អក្សរសិល្ប៍រៀបចំពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទោសនៃសុរា”, ប្រលោមលោកខ្លី “មានលុយបាត់ម៉ែ” រង្វាន់កិត្តិយសនៃពានរង្វាន់ព្រះនាងឥន្ទ្រទេវី របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៩។ ស៊ុយ លីនប៉ាវ ធ្លាប់ចូលរួមបោះពុម្ពរឿងខ្លី “កូនអ្នករើសសំរាម” ជាមួយសមូហកម្មមន្តទឹកខ្មៅ ក្រោមចំណងជើងសៀវភៅ “ខ្មាសខ្លួនឯង” ក្នុងឆ្នាំ២០១៩ និងរឿងខ្លី “បណ្ដឹងគីង្គក់” ចូលរួមបោះពុម្ពជាមួយសមូហកម្មមន្តទឹកខ្មៅ ក្រោមចំណងជើងសៀវភៅ “ព្រៃរំដួល” កាលឆ្នាំ២០១៨ និងមានស្នាដៃជាទៀតដែលមានការគាំទ្រខ្លាំងអំពីមហាជន៕
