សិង្ហបុរី ៖ បដិវត្តថ្មីពីការប្រើប្រាស់កាត ATM ទៅជាបច្ចេកវិទ្យាសំគាល់ផ្ទៃមុខវិញដើម្បីអាចដកដាក់លុយ

បរទេស៖ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះដោយកាសែតចិនដេលីបានសរសេរថាធនាគារមួយនៅក្នុងប្រទេសសិង្ហបុរីមានឈ្មោះថា OCBC គឺបានចាប់ផ្តើមដំណើរការនៃការប្រើប្រាស់បច្ចេកវិទ្យាសំគាល់ផ្ទៃមុខរបស់អតិថិជនរបស់ខ្លួនជំនួសឲ្យកាត ATM នៅពេលដែលពួកគេចង់ធ្វើការដកឬដាក់លុយចេញពីទូធនាគារ។

OCBC បានប្រកាសថាផែនការធំដែលខ្លួនកំពុងចង់បាននោះគឺបញ្ចប់ទៅទាំងស្រុងនូវការប្រើប្រាស់កាត ATM ចំពោះអតិថិជនទាំងអស់របស់ខ្លួន ហើយចាប់ពីថ្ងៃសុក្រស្អែកនេះតទៅទូ ATM របស់ធនាគារចំនួន 8 ទីតាំងនឹងចាប់ផ្តើមអនុវត្តនូវមុខងារថ្មីដ៏អស្ចារ្យមួយនេះហើយ។

លើសពីនេះ OCBC ក៏នឹងមានគម្រោងពង្រីកមុខងារថ្មីនេះទៅកាន់ទូរ ATM របស់ខ្លួនចំនួន 550 កន្លែងទៀតផងដែរនៅទូទាំងប្រទេសសិង្ហបុរីទាំងមូល។ បន្ទាប់ពីកិច្ចការងារនេះរួចរាល់ខ្លួនក៏នឹងមានផែនការក្នុងការបំពាក់បច្ចេកវិទ្យាសំគាល់ផ្ទៃមុខនៅទូរ ATM ផ្សេងទៀតសម្រាប់រាល់ប្រតិបត្តិការធនាគារដែលអាចធ្វើបានដូចជាផ្ទេរលុយដកលុយដាក់លុយនិងការបង់ថ្លៃសេវារដ្ឋនានាផង។

នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការរបស់ធនាគារ OCBC បានបញ្ជាក់ថា បច្ចេកវិទ្យាសំគាល់ផ្ទៃមុខនឹងផ្លាស់ប្តូររបៀបនៃការប្រើប្រាស់ទូរ ATM របស់អ្នកប្រើប្រាស់ទាំងស្រុង ហើយមិនត្រឹមតែមិនចាំបាច់កាន់​កាត ATM ជាប់ខ្លួននោះទេវានឹងធ្វើឲ្យការដក និងដាក់លុយរបស់អតិថិជនកាន់តែមានសុវត្ថិភាព ជាពិសេសគេចផុតពីការក្លែងបន្លំនានាដែលធ្លាប់កើតមានកន្លងមក៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner