ដើមត្រីមាសទី១ការនាំចេញរបស់អង់គ្លេសទៅអឺរ៉ុបធ្លាក់ចុះដល់ទៅជាង 40 ភាគរយ
បរទេស ៖ យោងតាមទិន្នន័យរបស់ការិយាល័យទទួលកិច្ចការងារស្ថិតិជាតិរបស់អង់គ្លេស (ONS) បានបង្ហាញថា ទំនិញនាំចេញរបស់ចក្រភពអង់គ្លេសចូលទៅក្នុងទីផ្សារអឺរ៉ុបបានធ្លាក់ចុះរហូតទៅដល់ 40.7 ភាគរយកាលដើមត្រីមាសទី1កន្លងទៅនេះខណៈដែលការនាំចូលមកក្នុងប្រទេសក៏ធ្លាក់ចុះដល់ទៅ 28.8ភាគរយផងដែរ។
តួលេខនេះត្រូវបានគេជឿជាក់ថាគឺជាចំនួនធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានឡើយតាំងពីឆ្នាំ1997 ហើយក៏ជាតួលេខលើកដំបូងផងដែរគិតចាប់តាំងតែពីពេលដែលអង់គ្លេសបានសម្រេចចិត្តចាកចេញពីប្លុកអឺរ៉ុប។ ជាទំហំទឹកប្រាក់នៃការនាំចេញរបស់អង់គ្លេសទៅកាន់ទីផ្សារអឺរ៉ុបបានធ្លាក់ចុះប្រមាណ5.6ពាន់លានផោននៅក្នុងអំឡុងខែមករា ខណៈដែលការនាំចូលមានការធ្លាក់ចុះរហូតទៅដល់ 6.6 ពាន់លានដុល្លារ។ ក្រុមហ៊ុនគណនេយ្យដ៏ធំដែលមានឈ្មោះថា KPMG បានលើកឡើងថា ការចាកចេញពីប្លុកអឺរ៉ុប ឬ Brexit គឺជាបញ្ហាដ៏ធំបំផុតដែលនាំឲ្យទំហំពាណិជ្ជកម្មរវាងអង់គ្លេស និងអឺរ៉ុបមានការធ្លាក់ចុះបែបនេះ។ ទោះជាយ៉ាងណាក្ដី ផ្ទុយពីទីផ្សារអឺរ៉ុប សម្រាប់ការធ្វើពាណិជ្ជកម្មរវាងអង់គ្លេស និងបណ្តាទីផ្សារនៅតាមប្រទេសដទៃទៀតក្រៅពីអឺរ៉ុប គឺមានកំណើនប្រមាណ 1.7 ភាគរយនៅក្នុងខែជាមួយគ្នានេះ៕