បុរសម្នាក់ បើករថយន្តម៉ាស់ស្ដាបុកពីក្រោយគូថរថយន្តឃ្លុបហ៊ីណូចំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តម៉ាកម៉ាស់ស្ដា ក្នុងល្បឿនលឿន បុកពីក្រោយគូថរថយន្តឃ្លុបម៉ាកហ៊ីណូចំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅលេីស្ពានជ្រោយចង្វារ រក្នុងភូមិដេីមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឃ្លុបម៉ាកហ៊ីណូមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-2136 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយគ្នា៣នាក់ ធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកម៉ាស់ស្តា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4719 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន ឡើងស្ពានជ្រោយចង្វារ ក៏ស្រាប់តែជ្រុលទៅបុកចំពីក្រោយគូថរថយន្តឃ្លុបម៉ាកហ៊ីណូមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-2136 ពេញទំហឹង បណ្ដាលឲ្យរថយន្តម៉ាកម៉ាស់ស្តារងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តឃ្លុបម៉ាកហ៊ីណូវិញរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោកមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការសម្រួលចរាចរណ៍កុំឲ្យមានការកក់ស្ទះ ហើយឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាត្រូវរូវក៏យល់ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង៕ ដោយ/ ឆៃហួត