វ៉ាក់សាំង Sinovac ចំនួន១លាន៥សែនដូស ដែលកម្ពុជាបញ្ជាទិញ នឹងមកដល់កម្ពុជាថ្ងៃទី២៦ ខែមីនាខាងមុខ
ភ្នំពេញ៖ វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស របស់សាធារណរដ្ឋប្រជាមានិតចិន ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីមិត្តចិន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ China Southern ខណៈវ៉ាក់សាំងស៉ីណូហ្វាម សម្រាប់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលនឹងមកដល់តាមក្រោយ។
ពិធីទទួលវ៉ាក់សាំងប្រភេទ Sinovac នេះនឹងធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្តម វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា។ ចំណែកឯភាគីចិន តំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។
– សម្រាប់ក្រសួងសុខាភិបាល វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន នៅសល់៤០ម៉ឺនដូសទៀត (លើកទីមួយ៦០លានដូស) នៅពេលឆាប់ៗខាងមុខនេះនឹងមកដល់កម្ពុជាដែរ ដើម្បីបង្រ្គប់១លានដូស។
– សម្រាប់ក្រសួងការពារជាតិ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយបន្ថែមរបស់សាធារណៈរដ្ឋប្រជាមានិតចិន ចំនួន៣០ម៉ឺនដូសថែមទៀត ពោលជាជំនួយវ៉ាក់សាំងលើកទី២ បន្ថែមពីលើជំនួយ១លានដូស ដែលប្រទេសចិនផ្តល់ជូនកម្ពុជាកន្លងទៅ តាមរយៈក្រសួងការពារជាតិរបស់ចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នឹងមកដល់ប្រទេសកម្ពុជា នេះបើតាមសម្ដេចពិជ័យសេនា ទៀ បាញ់។ សម្ដេចពិជ័យសេនា នឹងអញ្ជើញទៅទទួលដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តំណាងសម្ដេចតេជោ ហ៊ុន សែន។
លិខិតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ផ្ញើទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បញ្ជាក់ថា វ៉ាក់សាំង នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជា នាវេលាម៉ោង១៩៖០០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ បានប្រកាសថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលរដ្ឋាភិបាលបានទិញពីមិត្តចិន នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនាខាងមុខ៕
