ក្រុមហ៊ុន ភ្នំពេញព្រីខាស ផ្លេន ប្រគល់ម៉ាស ៤០ម៉ឺនម៉ាសជូនមករដ្ឋបាលរាជធានី ដើម្បីរួមចំណែក បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន ភ្នំពេញព្រីខាស ផ្លេន(phnom penh precast plants) តំណាងលោកឧកញ៉ាជឹង ធានសេង បាននាំយកម៉ាសចំនួន៤០ម៉ឺនម៉ាសប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងបានធ្វើអោយមានមនុស្សស្លាប់ដោយជម្ងឺនេះចំនួន៨នាក់ហើយ។
ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
លោកកើត ឆែ អភិបាលរងរាជធានី ក្នុងឱកាសនោះបានមានប្រសាសន៍ថា៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ភ្នំពេញព្រីខាស ផ្លេន(phnom penh precast plants) ដែលបានឧបត្ថម្ភ ម៉ាស់ ចំនួន៤០ម៉ឺនម៉ាសនេះ ជូនមករដ្ឋបាលរាធានីភ្នំពេញ ដើម្បីចាត់វិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩។
លោកបន្តថា ៖កាយវិការដ៏ល្អ ប្រកបដោយមនុស្សធម៌ លើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី គេរជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះនភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)នេះ។ គួរបញ្ជាក់ថា ៖គិតត្រឹមព្រឹកថ្ងៃទី២៦ មិនានេះមាន អ្នកជំងឺកូវីដ-១៩ ចំនួន៨នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ដែលក្នុងនោះរួមមាន៖ ទី១ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)។ ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ទី៨៖ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕