កិច្ចប្រជុំស្ដីពី ការបែងចែកក្រុមការងារគ្រប់គ្រង ការចុះឈ្មោះ និងប័ណ្ណវ៉ាក់សាំង ក្នុងក្របខណ្ឌការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ សម្រាប់មន្ត្រីរាជការ និងបុគ្គលិកអប់រំនៃគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ទូទាំងប្រទេស

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ ដើម្បីចូលរួមការពារ ទប់ស្កាត់ មេរោគរាតត្បាតជាសកលកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំតាមអនឡាញ ស្ដីពីបែងចែកក្រុមការងារគ្រប់គ្រង ការចុះឈ្មោះ និងប័ណ្ណវ៉ាក់សាំង ក្របខណ្ឌការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការ និងបុគ្គលិកអប់រំនៃគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ទូទាំងប្រទេស។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឺម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ជាប្រធាន មន្ទីរអប់រំ រាជធានីខេត្តទូទាំងប្រទេស។

គោលបំណងនៃកិច្ចប្រជុំគឺធ្វើការផ្សព្វផ្សាយណែនាំ អំពីតួនាទី និងភារកិច្ច ដល់ក្រុមការងារក្នុងការរៀបចំសម្ភារៈបរិក្ខារ និងមធ្យោបាយចាំបាច់សម្រាប់ការងារដែលជាការទទួលខុសត្រូវតាមទីតាំងចាក់វ៉ាក់សាំង ការរៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំង ការទទួល ការបណ្ដុះបណ្ដាលសម្រាប់ក្រុមការងាររបស់ក្រសួងអប់រំ សម្ភារៈ បរិក្ខារ និងទីតាំងក្នុងការចាក់វ៉ាក់សាំង ដោយក្រុមការងាររបស់ក្រសួងសុខាភិបាល។

លោកជំទាវបានស្នើសុំទៅដល់ លោក លោកស្រី ដែលជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា តាមបណ្តាខេត្តនានា ត្រូវបញ្ជូនឈ្មោះ ដែលជាចំនួនសរុបនៃបុគ្គលិកអប់រំ និងរៀបចំចាត់ចែងទីតាំងសម្រាប់ការចាក់វ៉ាក់សាំង ព្រមទាំងស្នើសុំដល់ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ក្នុងការជ្រើសរើសទីតាំង សាលារៀនមួយ ធ្វើជាគំរូ សម្រាប់ទីតាំងនៃការចាក់វ៉ាក់សាំង។

ជាចុងក្រោយ លោកជំទាវ បានថ្លែងអំណរគុណ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានគណៈកម្មការ អនុគណៈកម្មការ ប្រធានក្រុម និងសមាជិកនៃក្រុមការងារគ្រប់គ្រងការចុះឈ្មោះ និងប័ណ្ណវ៉ាក់សាំង ព្រមទាំង លោក លោកស្រី ដែលជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ទទួលបាននូវសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner