កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១.៥លានដូសទៀតហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាយើង

អត្ថបទដោយ៖
ធី ដា

នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិនចំនួន ១.៥លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ នាព្រឹកមិញនេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីចិនតំណាងដោយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីនៃក្រសួងសុខាភិបាលផងដែរ។

វ៉ាក់សាំង Sinovac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានតម្លៃ១០ដុល្លារក្នុង១ដូស។ វាមានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំង ស៉ីណូហ្វាម (Sinopharm) នោះទេ ហើយជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ប្រមាណ៤លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ។ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់ជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។

ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់ (Covax)។ ក្រៅពីវ៉ាក់សាំង Sinovac ដែលទើបមកដល់ ១.៥លានដូសនេះ តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជា នាពេលខាងមុខនេះផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner