អាជីវករ ក្នុងផ្សារធំថ្មីដែលមានជីវភាពខ្វះខាតជិត២០០នាក់ ទទួលបានអំណោយជាអង្ករពីសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖អាជីវករ បុគ្គលិកអនាម័យ កម្មករលីសែង ម៉ូតូឌុប និងអ្នកធាក់ស៊ីក្លូដែលមានជីវភាពខ្វះខាត និងកំពុងប្រកបរបររកស៊ីនៅក្នុងផ្សារធំថ្មី ចំនួន១៩៨នាក់ ទទួលបានអំណោយជាអង្ករពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីអំណោយជាអង្ករនេះ បានធ្វើឡើងនៅក្នុងបរិវេនផ្សារធំថ្មី នៅព្រឹកថ្ងៃទី២៩ ខែមីនានេះក្រោមអធិបតីភាព លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី រួមជាមួយ មន្ត្រីពាក់ និងកម្លាំងមួយចំនួនផងដែរ។

ក្នុងឱកាសអញ្ជើញផ្តល់អំណោយនោះ លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី បានបញ្ជាក់ថា ៖អំណោយជាអង្ករនេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់មក ដើម្បីឲ្យចែកជូនដល់បងប្អូន អាជីវករ បុគ្គលិកអនាម័យ កម្មករលីសែង ម៉ូតូឌុប និងអ្នកធាក់ស៊ីក្លូដែលមានជីវភាពខ្វះខាត និងកំពុងប្រកបរបររកស៊ីនៅក្នុងផ្សារធំថ្មី ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។

លោកស្រី ប៉ុន ដានី បានបន្តថា ៖សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះឡើយ។ ហើយថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែអំណោយនេះអាចជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ។

ជាមួយគ្នានោះ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ ក៏អំពាវនាវអោយង្កើនការប្រុងប្រយ័ត្ន អនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស ឧស្សាហ៍លាងដៃនឹងអាកុលឬសាប៊ូ សម្អាតអនាម័យខ្លួនប្រាណ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបន្តទប់ស្កាត់នូវការឆ្លងរាលដាលនូវជំងឺកូវីដ–១៩នៅក្នុងប្រទេសកម្ពុជា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner