វិភាគ ៖ សង្ត្រាមត្រជាក់នៅតែបន្តមានឥទ្ធិពលដល់សេដ្ឋកិច្ចអាមេរិកយ៉ាងដូចម្តេចមកដល់ពេលបច្ចុប្បន្ន?

យើងបានដឹងហើយថាសង្រ្គាមត្រជាក់គឺជាបញ្ហាប្រឈមចំពោះមុខផ្នែកនយោបាយសេដ្ឋកិច្ច និងយោធារវាងប្រទេសមូលធននិយមមានអាមេរិកដែលជាអ្នកដឹកនាំ ព្រមទាំងរុស្សីផងដែរ ដែលបានបន្តអូសបន្លាយតាំងតែពីឆ្នាំ 1945 ដល់ឆ្នាំ 1991 ពោលគឺជិត 50 ឆ្នាំ។

តើអ្នកណាខ្លះជាអ្នកពាក់ព័ន្ធ?

គេនៅចាំបានថាបន្ទាប់ពីសង្គ្រាមលោកលើកទី 2 សហភាពសូវៀតបានបង្កើតរបបនិយមកុម្មុយនិស្តនៅតាមប្រទេសជាប់ព្រំដែនចំនួន 6 នៅអឺរ៉ុបខាងកើតដែលមានដូចជា អាល់បានី ប៊ុលហ្គារី ឆេកូស្លូវ៉ាគី ហុងគ្រី ប៉ូឡូញ និង រ៉ូម៉ានី។ ក្រុមនេះមាននិន្នាការប្រឆាំងនឹងអាមេរិកនិងសម្ព័ន្ធមិត្តដែលមានដូចជា បារាំង អាល្លឺម៉ង់ខាងលិច អ៊ីតាលី និង ហ្គ្រិច ជាដើម។

នៅចំណុចកំពូលបំផុតរបស់ខ្លួនសហភាពសូវៀតបានដាក់បញ្ចូលប្រទេសដល់ទៅ 14 នៅពីក្រោមអំណាច និងឥទ្ធិពលរបស់ខ្លួនដែលរួមមាន៖ប្រទេសអាមេនី អាហ្សែបែហ្សែន បេឡារុស្ស អេស្តូនៀ ហ្សកដានី កៀហ្ស៊ីស៊ីស្ថាន ឡាតវីលីទុយអានីម៉ុលដាវីស្ថាន តាហ្ស៊ីគីស្ថាន តូមិននីស្ថានអ៊ុយក្រែន និងអ៊ូសបេគីស្ថាន។

ប្រទេសចិនដែលបានក្លាយជាប្រទេសកុម្មុយនិស្តកាលពីឆ្នាំ 1948 បានចាប់ដៃគូជាមួយនឹងរុស្សីក្នុងការគាំទ្រយ៉ាងខ្លាំងទៅដល់ប្រទេសកូរ៉េខាងជើងកុម្មុយនិស្ត និងបានរៀបចំផែនការលុកលុយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកគឺកូរ៉េខាងត្បូងនៅឆ្នាំ1950 ដែលវាបានបង្កទៅជាសង្គ្រាមកូរ៉េរហូតមកទល់សព្វថ្ងៃ។ ក្រោយមកក៏កើតមានសង្គ្រាមផ្សេងទៀតរវាងអាមេរិកជាមួយនឹងវៀតណាមកុំម្មុយនីស្តដែលខ្លួនសង្ឃឹមថាអាចរាំងខ្ទប់ការកើនឡើងនៃរបបកុម្មុយនីស ប៉ុន្តែជាលទ្ធផល អាមេរិកបានត្រឹមដើរចេញពីសង្គ្រាមនេះនៅឆ្នាំ1975 ដោយសារបរាជ័យលើវៀតណាមខាងជើង ។

តើសង្គ្រាមត្រជាក់កើតឡើងយ៉ាងដូចម្តេច?

អ្នកជំនាញជាច្រើនបានមើលឃើញថាសង្គ្រាមត្រជាក់មានឬសគល់ចេញពីសង្គ្រាមលោកលើកទី 2 ពីព្រោះថានៅចុងបញ្ចប់នៃសង្គ្រាមក្នុងឆ្នាំ 1945 នៅក្នុងសន្និសីទមួយដែលមានឈ្មោះថា Potsdam បានក្លាយទៅជាពេលវេលាដែលប្រទេសអាល្លឺម៉ង់ និងរដ្ឋធានីប៊ែរឡាំងក៏ដូចជាអូទ្រីស និងរដ្ឋធានីវីយែនត្រូវបានបែកចែកជាពីរ។

គ្រានោះភាគីដែលពាក់ព័ន្ធដែលត្រូវបានគេដឹងថាមានរួមទាំងសហភាពសូវៀត និងសហរដ្ឋអាមេរិក ព្រមទាំងបារាំងផង។ នៅក្នុងសន្និសីទនោះលោកប្រធានាធិបតី Harry Truman បានលើកឡើងបែបបង្កប់អត្ថន័យគំរាមកំហែងទៅកាន់មេដឹកនាំសូវៀតលោក Joseph Stalin ថាសហរដ្ឋអាមេរិកបានសាកល្បងគ្រាប់បែកបរមាណូដោយជោគជ័យ។ ជាលទ្ធផលវាបានធ្វើឱ្យទំនាក់ទំនងរវាងសម្ព័ន្ធមិត្តអតីតសង្គ្រាមលោកលើកទី 2 និងបានចាប់ផ្តើមកើតឡើងនូវការស្អប់ខ្ពើមគ្នា ហើយសង្រ្គាមត្រជាក់ និងការស៊ើបការណ៍រវាងប្រទេសទាំងពីរក៏ចាប់ផ្តើមផ្ទុះឡើងពីពេលនោះតែម្តង។

តើអ្វីខ្លះដែលជាផលប៉ះពាល់ និងការគំរាមកំហែងទៅដល់ពិភពលោក?

ផលប៉ះពាល់នៃសង្រ្គាមត្រជាក់ ត្រូវបានគេមើលឃើញនៅទូទាំងពិភពលោកប្រហែល75 ឆ្នាំបន្ទាប់ពីការចាប់ផ្តើម ហើយឥទ្ធិពលទាំងនោះត្រូវបានគេមើលឃើញមានសកម្មភាពខ្លាំងជាងគេនៅក្នុងសកម្មភាពសេដ្ឋកិច្ចមួយចំនួនរបស់ប្រទេសទាំងពីរ ជាពិសេសគឺអាមេរិក៖

ការប្រណាំងប្រជែងវិស័យស្រាវជ្រាវទីអាវកាស៖

ចាប់តាំងតែពីពេលចាប់ផ្តើមសង្គ្រាមត្រជាក់ ណាសា របស់អាមេរិកបានខិតខំធ្វើអ្វីច្រើនជាងការចុះចតបុរសម្នាក់នៅលើភពព្រះច័ន្ទជាលើកដំបូង។ មកដល់ឆ្នាំ 2020 ណាសាបានផ្ដល់មូលនិធិស្រាវជ្រាវចំនួន 12 ព្រមទាំងប្រាក់វិនិយោគរាប់សិបលានដុល្លារទៀតសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា។

ការពង្រឹងពាណិជ្ជកម្មជាមួយនឹងចិន៖

សង្គ្រាមត្រជាក់បានចាប់ផ្តើមរលាយបន្តិចម្តងៗនៅក្នុងឆ្នាំ 1969 នៅពេលដែលអាមេរិកបានជ្រើសយកវិធីសាស្ត្រមួយគឺការបង្កើនទំនាក់ទំនងជាមួយនឹងកុម្មុយនីសចិនវិញ។ ក្រៅតែពីមិនបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ទ្វីបអាស៊ីបន្ថែមលើកលែងតែការគំរាមកំហែងនុយក្លេអ៊ែរ។ រដ្ឋាភិបាលអាមេរិកបានអនុញ្ញាតឱ្យប្រធានាធិបតី Richard Nixon ក្នុងការកាត់បន្ថយការចំណាយលើវិស័យការពារជាតិនិងបើកទំនាក់ទំនងកាន់តែទូលាយជាមួយប្រទេសចិន។ ជាលទ្ធផលការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសមហាអំណាចដែលមានទឹកប្រាក់សរុប 558 ពាន់លានដុល្លារកាលពីឆ្នាំ 2019 ។

អាវុធនុយក្លេអ៊ែរ៖

ធាតុផ្សំដ៏សំខាន់នៃសង្រ្គាមត្រជាក់គឺជាការគំរាមកំហែងគ្នាដោយអាវុធនុយក្លេអ៊ែរដែលអាមេរិកនិងសូវៀតបានអភិវឌ្ឍនិងផលិត។

សង្គ្រាមត្រជាក់បានបែងចែកអឺរ៉ុបជាពីរ ដោយម្ខាងក្លាយទៅជាប្រទេសទីផ្សារសេរី និងម្ខាងទៀតជាប្រទេសប្រកាន់ទីផ្សារកុម្មុយនិស្ត។ ដោយសារតែទាំងសហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរ ដូចនេះប្រទេសផ្សេងទៀតយល់ថាពួកគេចាំបាច់ត្រូវមានអាវុធប្រហាក់ប្រហែលគ្នានេះ។ ទីបំផុតមកដល់បច្ចុប្បន្នក្រៅតែពីសហរដ្ឋអាមេរិក និងរុស្សី សូម្បីតែប្រទេសបារាំង អ៊ីស្រាអែល ប៉ាគីស្ថាន ចិន ឥណ្ឌា និងកូរ៉េខាងជើងសុទ្ធតែមានគ្រាប់ក្បាលនុយក្លេអ៊ែរផងដែរ។

បង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយពហុភាគី៖

ចប់សង្គ្រាមលោកទី 2 អាមេរិកចាប់ផ្តើមបង្កើនកិច្ចការងារនៃកិច្ចសហប្រតិបត្តិការដើម្បីទទួលបានការគាំទ្រ និងពង្រីកឥទ្ធិពលឲ្យបានកាន់តែខ្លាំងឡើងជាងសូវៀត ជាក់ស្តែងអាមេរិកបានចាក់បញ្ចូលជំនួយប្រមាណជា 12 ពាន់លានដុល្លារភ្លាមចូលទៅក្នុងប្លុកអ៊ឺរ៉ុបខាងលិចនៅក្រោយចប់សង្គ្រាមដើម្បីជួយកសាងសេដ្ឋកិច្ចឡើងវិញព្រមទាំងដើម្បីរារាំងឥទ្ធិពលរបស់កុម្មុយនីស។ កិច្ចសហប្រតិបត្តិការបែបនេះនៅតែត្រូវបានឃើញអាមេរិកបន្តធ្វើរហូតមកទល់បច្ចុប្បន្ន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner