ត្រឹមតែរៀបចំបរិយាកាសក្នុងផ្ទះឱ្យបានស្អាតល្អ ក៏ជួយសុខភាពផ្លូវចិត្តមួយចំណែកក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩
ពេលនេះអាចនិយាយបានថា ការរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩កំពុងរំខានដល់សេចក្តីសុខនិងសុភមង្គលរបស់មនុស្សគ្រប់រូប និងនៅគ្រប់ក្រុមគ្រួសារ។ ឥទ្ធិពលកូវីដប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព សុខភាព មុខរបរ ទំនាក់ទំនង ការសិក្សា ឱកាសការអភិវឌ្ឍន៍ផ្សេងៗ ព្រមទាំងបង្កើតបញ្ហាសុខភាពផ្លូវចិត្តដល់សមាជិកគ្រួសារ។ តាមយោបល់អ្នកជំនាញសុខភាពផ្លូវចិត្តយល់ថា បញ្ជៀសបញ្ហាហ្មងសៅផ្លូវចិត្តក្នុងដំណាក់កាលនេះ សមាជិកគ្រួសារទាំងអស់ត្រូវគិតគូរនិងរៀបចំបរិយាកាសរស់នៅក្នុងផ្ទះឱ្យបានស្អាតល្អ ទើបជាចំណែកសំខាន់ជួយឱ្យសុខភាពផ្លូវចិត្តរឹងមាំ និងមានអារម្មណ៍រីករាយ។
អ្នកនាង យីម សុធារី ចិត្តវិទូនិងជាទីប្រឹក្សាផ្នែកជម្លោះនិងសន្តិភាព មានប្រសាសន៍ថា ត្រឹមតែរៀបចំបរិយាកាសរស់នៅក្នុងផ្ទះឱ្យបានស្អាត ក៏ជួយសុខភាពផ្លូវចិត្តឱ្យបានល្អមួយចំណែកក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។ អ្នកសុខភាពផ្លូវចិត្តរូបនេះ យល់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ មនុស្សនឹងមានបញ្ហាសុខភាពផ្លូវចិត្តដោយសារតែបារម្ភពីសុវត្ថិភាពសុខភាព ធុញថប់នឹងបរិយាកាសរស់នៅក្នុងផ្ទះ ឬសមាជិកគ្រួសាររស់នៅមិនចុះសម្រុងគ្នា។
អ្នកជំនាញសុខភាពផ្លូវចិត្តរូបនេះ បានបញ្ជាក់ថា “នៅពេលផ្ទះមានខ្យល់អាកាសចេញចូលល្អបរិសុទ្ធ មានក្លិនល្អ មិនមានសំរាម ដើរមិនមានធូលីដីជាប់ជើង វាធ្វើឱ្យយើងសប្បាយចិត្ត ទទួលអារម្មណ៍រីករាយ ហើយមានសុខភាពល្អ… យើងត្រូវគិតទាំងផ្ទះបាយ បន្ទប់ទទួលភ្ញៀវ ត្រូវតែស្អាតនិងមានអនាម័យ”។
អ្នកនាង យីម សុធារី បានបន្តទៀតថា សមាជិកគ្រួសារ បងប្អូន សាច់ញាតិ អ្នកជិតខាង ក៏ជាអ្នករួមចំណែកលើកកម្ពស់សុខុមាភាពផ្លូវចិត្តឱ្យបានល្អដែរ។ “ប្រសិនបើមនុស្សបង្កបរិយាកាសស្និទ្ធស្នាលរវាងគ្នានិងគ្នា រួសរាយរាក់ទាក់ ចេះគោរពស្រឡាញ់ មានឯកជនភាពរៀងខ្លួន នោះសុខភាពផ្លូវចិត្តរបស់សមាជិកគ្រួសារល្អទៅតាមហ្នឹងដែរ ជាពិសេសបើចេះយោគយល់អធ្យាស្រ័យគ្នា ជួយគ្នាទៅវិញទៅមកក្នុងការបង្កើតបរិស្ថានមួយដែលល្អ វានឹងធ្វើឱ្យយើងកាន់តែមានសុខភាពល្អ ហើយពេញចិត្តនិងការរស់នៅរបស់យើង”។
ទន្ទឹមនឹងរៀបចំផ្ទះសម្បែងឱ្យមានរបៀបរៀបរយល្អជួយដល់សុខភាពផ្លូវចិត្ត ប្រយោជន៍មួយទៀតដែលសមាជិកគ្រួសារទទួលបាន គឺបរិយាកាសការងារល្អ ឬបរិយាកាសសិក្សាពីផ្ទះល្អ។ ប្រសិនបើបរិស្ថានផ្ទះរៀបចំមិនបានល្អ វានឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ការងារ និងការសិក្សាយ៉ាងខ្លាំង។
“កាលណានៅផ្ទះ ធ្វើការនៅផ្ទះ គឺត្រូវតែបញ្ចប់កិច្ចការតាមការកំណត់ ! តែនៅពេលដែលមានមនុស្សច្រើនរញេរញ៉ៃធ្វើការអត់បាន នោះការងារមិនរលូនឡើយ ហើយបន្ថែមសម្ពាធផ្លូវចិត្តកាន់តែខ្លាំងថែមទៀត។ យើងគួរបែងចែកពេលវេលារៀងៗខ្លួន អ្នករៀនក៏រៀន អ្នកធ្វើការក៏ធ្វើការ ពេលជុំគ្នាអាចនិយាយគ្នា ស្ដាប់គ្នាទៅវិញទៅមក ផ្ដល់ពេលវេលាឱ្យគ្នា រក្សាគម្លាតឱ្យគ្នា កុំបន្ថែមសម្ពាធឱ្យគ្នាទៅវិញទៅមក” អ្នកនាង យីម សុធារី បានបញ្ជាក់ដូច្នេះ ។
តាមដំបូន្មានអ្នកឯកទេសសុខភាពផ្លូវចិត្តបានឱ្យដឹងថា នៅផ្ទះក្នុងដំណាក់កាលកូវីដ-១៩ សមាជិកគ្រួសារត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ ទទួលទានចំណីអាហារជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ ហើយនៅពេលដែលសុខភាពល្អផ្លូវកាយល្អ នោះសុខភាពផ្លូវចិត្តក៏ល្អប្រសើរដែរ។ បន្ថែមពីនេះ សមាជិកគ្រួសារគួរហាត់ប្រាណឱ្យបានទៀងទាត់ ថែរក្សាអនាម័យខ្លួន និងសម្អាតកន្លែងរស់នៅជាប្រចាំ។ ប្រសិនបើមានអារម្មណ៍ឯកា គួរប្រើប្រាស់មធ្យោបាយទាក់ទងសួរសុខទុក្ខពីចម្ងាយជាប្រការល្អបំផុត ដើម្បីរក្សាទំនាក់ទំនង ផ្តល់ភាពកក់ក្តៅ និងអាចជួយសម្រួលផ្លូវចិត្តឱ្យប្រសើរឡើង៕