លោក នឹម ឈុន្នី ៖ ការអប់រំជាផ្នែកសំខាន់ ដើម្បីឱ្យជីវិតមនុស្សមានភាពពេញលេញ
ដើមឆ្នាំ២០១៩ ជាពេលវេលាដែលលោក នឹម ឈុន្នី ចាប់ផ្ដើមសរសេរសៀវភៅមួយក្បាលចំណងជើងថា “សមាធិដើម្បីថាមពលជីវិត” ដែលខ្លឹមសារផ្តោតសំខាន់ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ស្នាដៃនេះទទួលបានប្រជាប្រិយភាពនិងគាំទ្រយ៉ាងខ្លាំងពីយុវជនកម្ពុជា រហូតដល់អ្នកអានមួយចំនួនបានកែប្រែទម្លាប់រស់នៅរបស់ខ្លួនស្របតាមគន្លឹះអប់រំនៅក្នុងសៀវភៅរបស់លោក។
ក្រៅពីនិពន្ធខ្លឹមសារជីវិតតាមរយៈសំណេរលើសន្លឹកសៀវភៅ លោក នឹម ឈុន្នី ក៏ជាសហស្ថាបនិក VIPASSA ជាក្រុមហ៊ុនដែលបង្រៀនភាពជាអ្នកដឹកនាំ និងសមាធិផងដែរ។ លោក នឹម ឈុន្នី បានចំណាយពេលវេលាបួសរៀនរយៈពេលជាង ១៦ឆ្នាំ និងបានលាចាកសិក្ខាបទនៅក្នុងឆ្នាំ២០១០។ លោក នឹម ឈុន្នី បានចាត់ទុកបទពិសោធន៍អប់រំនេះជាផ្នែកមួយដ៍សំខាន់ធ្វើឱ្យជីវិតមានភាពពេញលេញ កសាងសន្តិភាពផ្លូវចិត្ត និងជួយឱ្យមនុស្សក្លាយជាអ្នកដឹកនាំល្អ។
ផ្តើមជីវិតទទួលការអប់រំដំបូងជាកូនសិស្សនៅសាលាវត្ត បានបួសរៀន និងបានបន្តការសិក្សានៅសាលាពុទ្ធសាសនាអន្តរជាតិអន្តរជាតិនៅប្រទេសថៃ និងសាលាមួយចំនួននៅអាស៊ីអាគ្នេយ៍រហូតដល់បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នេះជាជីវិតមួយដែលមានខ្លឹមសារដោយផ្សារភ្ជាប់ទ្រឹសស្តីព្រះពុទ្ធសាសនានិងការអប់រំ។ និយាយពីអតីតកាល នៅក្នុងឆ្នាំ១៩៩៥ ដើម្បីទទួលបានឱកាសសិក្សាលោក នឹម ឈុន្នី សម្រេចចិត្តសាងផ្នួសនៅអាយុ ១២ឆ្នាំ គង់នៅវត្តសេរីមង្គល ហៅវត្តក្សេរ ស្ថិតនៅខេត្តកំពង់ចាម។ រយៈពេលមួយវស្សា (១ឆ្នាំ) បានផ្លាស់ប្ដូរទៅសិក្សាភាសាបាលីនៅវត្តឥន្ទីបូ នៅខេត្តកណ្ដាល និងបានបន្តការសិក្សាថ្នាក់អនុវិទ្យាល័យនៅទីក្រុងតាខ្មៅ គង់នៅវត្តប្រជុំនទី (វត្តក្រពើហារ)។
នៅក្នុងទស្សនៈអប់រំជីវិតផ្ទាល់ខ្លួនលោក នឹម ឈុន្នី យល់ឃើញថា ជីវិតរបស់មនុស្សម្នាក់ៗអាចផ្លាស់ប្ដូរនិងកាន់តែល្អប្រសើរឡើង អាស្រ័យដោយការខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងតាំងចិត្តឱ្យបានមុះមុត ទើបសម្រេចគោលបំណងបានពិតប្រាកដ។
លោក នឹម ឈុន្នី បាននិយាយថា ៖ “នៅពេលខ្ញុំបានបួសជាសង្ឃ ជីវិតរបស់ខ្ញុំស្ទើតែផ្លាស់ប្ដូរ ៣៦០ដឺក្រេ ខ្ញុំចាប់ផ្ដើមគិតថា មានតែការសិក្សា ទេ ទើបជីវិតរបស់ខ្ញុំល្អប្រសើរ ហើយចាប់ផ្តើមតាំងចិត្តទាំងពីពេលនោះ មកវាកម្លាំងចិត្តឱ្យខ្ញុំហ៊ានពុះពារគ្រប់បែបយ៉ាង”។
អ្នកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបន្ថែមថា ការសិក្សាក៏មិនមែនសំដៅលើការសិក្សាក្នុងប្រព័ន្ធទាំងស្រុងនោះទេ សូម្បីតែការសិក្សាពីរឿងរ៉ាវនៅក្នុងដំណើរជីវិតក៏ជាផ្នែកមួយនៃការរៀនសូត្រផងដែរ។ លោកជឿជាក់ថា ដើម្បីជួយខ្លួនឯងនិងជួយសង្គមបានទាល់តែមនុស្សមានចំណេះដឹង ហើយចំណេះដឹងរមែងទទួលបានពីការសិក្សា។
គ្រូបង្វឹកផ្នែកសមាធិដែលមានវ័យ ៣៨ឆ្នាំ មានប្រសាសន៍បន្តថា “កូនគេអ្នកមាន មានគ្រួសារគេឧបត្តម្ភច្រើន ចំណែកយើងអ្នកក្រត្រូវពឹងលើការតស៊ូប្រឹងប្រែង។ ខ្ញុំរៀនភាសាអង់គ្លេស ខ្ញុំមានសំណាងដោយសារមានគ្រូស្ម័គ្រចិត្តមកបង្រៀននៅក្នុងវត្ត ហើយបានលោកគ្រូនៅវត្តក្រពើហារជួយសម្រួលការរស់នៅទីក្រុងភ្នំពេញ”។ “ដើម្បីឱ្យជីវិតរីកចម្រើន និងរឹងមាំបាន អាស្រ័យដោយមនុស្សចេះបើកចិត្តឱ្យទូលាយចំពោះមនុស្សជុំវិញខ្លួន ហើយកុំព្យាយាមប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ត្រូវរៀនប្រចាំថ្ងៃ រៀនគ្រប់ទីកន្លែងនិងគ្រប់កាលៈទេសៈទាំងអស់” លោក នឹម ឈុន្នី ។
ឆ្នាំ២០១៤ លោក ឈុន្នី បានចូលរួមកម្មវិធីសិក្សា Leadership and Economic Empowerment នៅសិក្សាសហរដ្ឋអាមេរិក រយៈពេលប្រាំមួយសប្ដាហ៍ និងបានបំពេញការងារនៅក្រុមហ៊ុនបណ្ដុះបណ្ដាលមួយក្នុងប្រទេសកាណាដា។ បន្ទាប់មកលោកក៏បានទទួលពានរង្វាន់ First Prize Winner ASEAN Social Boot Camp និងបានក្លាយជានាយកប្រតិបត្តិក្លឹបសហគ្រិនមូលដ្ឋាន(Grassroots Entrepreneur)។
បច្ចុប្បន្ននេះ លោកគឺជានាយកប្រតិបត្តិក្លឹបសហគ្រិនមូលដ្ឋាន(Grassroots Entrepreneur) និងជាគ្រូបង្វឹកនៅអ៊ីមផែកហាប់ ភ្នំពេញ (Impact Hub Phnom Penh) បានតាមបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្រៀនភាពជាដឹកនាំ ការនិយាយជាសាធារណៈ និងការជំរុញលើកទឹកចិត្ត។ លោក នឹម ឈុន្នី កំពុងរៀបចំនិទានរឿងព្រេងបុរាណប្រចាំសប្ដាហ៍ ផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម ដើម្បីឱ្យសាធារណជនស្តាប់ជាគតិអប់រំសម្រាប់ជីវិត។ លោកមានគម្រោងបង្កើតមជ្ឈមណ្ឌលអប់រំសម្រាប់ប្រជាជនខ្មែរ និងសាលាបណ្ដុះបណ្ដាលការអប់រំបែបបុរាណ អប់រំផ្លូវចិត្ត និងមណ្ឌលអប់រំបែបវប្បកម្ម៕