សម្តេច ហេង សំរិន៖ សូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆំាងកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុត

អត្ថបទដោយ៖
ធី ដា

សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ មានប្រសាសន៍នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច ថា វ៉ាក់សំាងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។ ដូច្នេះសូមជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។

សម្តេចអគ្គមហាពញាចក្រី ហេងសំរិន បានលើកឡើងថានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទំាងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សំាងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទំាងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។

ជាមួយគ្នានេះ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចបានវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៍មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទំាងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។

ក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភានៅតែទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទំាងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទំាងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង។

ក្នុងថាថ្លែងក្នុងពេលនេះដែរ សម្តេចបានសំណូមពរដល់ជនរួមជាតិទំាងអស់បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឲ្យបានហ្មត់ចត់ជាទីបំផុត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner