រដ្ឋបាលខេត្ត ផ្អាកការចេញចូលទីតាំងមួយផ្នែក នៃតំបន់ទំបន់រលក ក្រុងព្រះសីហនុ និងដាក់ជាតំបន់ចត្តាឡីស័ក ក្រោយរកឃើញអ្នក ឆ្លងកូវីដជាបន្ដបន្ទាប់

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានសម្រេចផ្អាកជាបណ្ដោះអាសន្នការចេញ-ចូល ទីតាំងមួយផ្នែកនៃភូមិ៣ (តំបន់ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលមានទីតាំងនៅក្រុម ទី៩, ១២, ១៣, ១៤ និងក្រុមទី១៥ ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដជាបន្ដបន្ទាប់ ហើយប៉ះពាល់ប្រជាពលរដ្ឋ១៣គ្រួសារ។

ឯកឧត្តម គួច ចំរើន បានសម្រេចថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩បន្ដទៀត រដ្ឋបាលខេត្តបានសម្រេចបិទតំបន់នោះជាបន្ទាន់ចាំបាច់ ពីផ្នែកខាងកើត និងផ្នែកខាងជើង សាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា មិត្តភាពកម្ពុជា ជប៉ុន ទៅដល់សងខាងផ្លូវរថភ្លើងផ្នែកខាងក្រោយសាលា រហូតដល់ផ្លូវរថភ្លើងលេខ២៦០ ដោយមិនអនុញ្ញាតឲ្យមានការចេញចូលតំបន់នោះបន្ដទៀតឡើយ។

បើតាមរដ្ឋបាលខេត្តអភិបាលខេត្ត ក្រុមការងារស្រាវជ្រាវ  និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ នឹងចុះស្រាវជ្រាវសម្ភាសន៍អ្នកពាក់ព័ន្ធក្នុងទីតាំងនោះ ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់ ដើម្បីធ្វើតេស្ដរកវីរុសកូវីដ១៩។

បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋ ក្នុងតំបន់នោះ ជាបណ្ដោះអាសន្ន និងរៀបចំដាក់ជាតំបន់ចត្តាឡីស័ក ចាប់ពីថ្ងៃទី៣០ ខែមីនានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ហើយប្រជាពលរដ្ឋទាំងអស់ត្រូវតែយកសំណាកតេស្ដ និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner