កូវី១៩៖ វៀតណាមនឹងទទួលវ៉ាក់សាំងជិត១លានដូស ពីកម្មវិធីកូវ៉ាក់ ដើមខែមេសានេះ
វ៉ាក់សាំងក្រោមយន្តការ Covax របស់អង្គការសុខភាពពិភពលោកចំនួន ៨១ម៉ឺន១ពាន់២០០ដូស លើកដំបូង នឹងបញ្ជូនមកដល់ប្រទេសវៀតណាម នៅដើមខែក្រោយនេះ នេះបើតាមវិទ្យាស្ថានជាតិទទួលបន្ទុកអនាម័យនិងរោគរាតត្បាតរបស់វៀតណាម ហៅកាត់ថា NIHE ។
នាយកវិទ្យាស្ថាន Dang Duc Anh បានបញ្ជាក់ កាលពីថ្ងៃអង្គារ៍ ទី៣០ មីនាម្សិលមិញថា កញ្ចប់វ៉ាក់សាំងដំបូងនៃយន្តការនេះនឹងត្រូវបញ្ជូនទៅទុកក្នុងវិទ្យាស្ថាន NIHE បន្ទាប់មក ក្រសួងសុខាភិបាលនឹងបន្តយកទៅចែកចាយសម្រាប់ការចាក់ដល់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ តាមគម្រោងពីមុន យន្តការវ៉ាក់សាំងកូវ៉ាក់គ្រោងបញ្ជូនទៅវៀតណាម១លាន៣៧ម៉ឺនដូស ជាវ៉ាក់សាំង AstraZeneca នៅត្រឹមថ្ងៃទី២៥ មីនា ប៉ុន្តែដោយសារតែកង្វះខាតលើការដឹកជញ្ជូននោះ មានត្រឹមជាង៨០ម៉ឺនដូសនេះប៉ុណ្ណោះត្រូវបញ្ជូនទៅ នៅក្នុងដំណាក់កាលដំបូង។
តំណាងអង្គការប្រចាំវៀតណាមបានឲ្យដឹងថា យន្តការកូវ៉ាក់នៅតែធានាថា នឹងបញ្ជូនវ៉ាក់សាំងជាង៤លានដូសមកដល់វៀតណាមនៅត្រឹមចុងខែឧសភា បើទោះបីជាខ្វះខាតលើការដឹកជញ្ជូនក៏ដោយ។ វៀតណាម មកទល់ពេលនេះ ទើបទទួលបានវ៉ាក់សាំង១១៧០០០ដូសពីក្រុមហ៊ុន AstraZeneca ដែលខ្លួនបញ្ជាទិញ៕