គណៈរដ្ឋមន្ត្រីថៃឯកភាពគម្រោងកាត់ថ្ងៃធ្វើចត្តាឡីស័កទេសចរបរទេស មកត្រឹម៧ថ្ងៃ
អំឡុងកិច្ចប្រជុំ កាលពីថ្ងៃទី៣០ មីនា ម្សិលមិញ គណៈរដ្ឋមន្ត្រីថៃបានសម្រេចឯកភាពលើគម្រោងរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ថៃ (CCSA) ស្តីពីការបើកប្រទេសវិញ ដោយអនុញ្ញាតឲ្យទេសចរបរទេសចូលប្រទេស ធ្វើចត្តាឡីស័ក ត្រឹម៧ថ្ងៃ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។
អ្នកនាំពាក្យរាជរដ្ឋាភិបាល Anucha Burapachaisri បានឲ្យដឹងថា គម្រោងការនេះគឺសំដៅលើការបន្ថយពេលវេលាធ្វើចត្តាឡីស័កទៅនៅត្រឹម៧ថ្ងៃ សម្រាប់ទេសចរបរទេសណាដែលបានចាក់វ៉ាក់សាំងរួចរាល់ ក្នុងការធ្វើដំណើរកម្សាន្តទៅភូកេត ក្រាប៊ី ផាងង៉ា ប៉ាតាយ៉ា និងឈៀងម៉ៃ។ ចាប់ពីថ្ងៃទី១ កក្តដា ទេសចរណាដែលបានចាក់វ៉ាក់សាំងរួចអាចទៅលេងភូកេត ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ចាប់ពីខែតុលា វិធានការធ្វើចត្តាឡីស័កនឹងត្រូវលើកលែងចេញ នៅក្រាប៊ី ផាងង៉ា ប៉ាតាយ៉ា និងឈៀងម៉ៃ។
លោកបន្តថា យោងតាមការបន្ធូរបន្ថយដំណាក់កាលបែបនេះ ថៃនឹងដកចេញការរឹតបន្តឹងចត្តាឡីស័កទាំងស្រុងតែម្តង សម្រាប់ទេសចរបរទេស នៅត្រឹមឆ្នាំក្រោយ៕