ខេត្តស្វាយរៀងប្រកាសការរកឃើញថ្មី៩នាក់ថែមទៀត
ខេត្តស្វាយរៀងទើបប្រកាសការរកឃើញអ្នកវិជ្ជមានកូវីដចំនួន៩នាក់ថែមទៀត ដែលបានឆ្លងពីវិស្វករជាតិចិន ឈ្មោះ នីគីង វ៉េ។ ការរកឃើញមនុស្ស៩នាក់ថ្មីទៀតដែលបានឆ្លងជម្ងឺកូវីដនេះ បានប្រញាប់ឲ្យរដ្ឋបាលខេត្ត ស្វាយរៀង បានចេញសេចក្តីអំពាវនាវស្វែងរកមនុស្សជាប់ពាក់ព័ន្ធមនុស្សទាំង៩ដែលទើបរកឃើញថ្មីនៅថ្ងៃនេះ ។ ក្នុងចំណោមមនុស្សទាំង៩ដែលគេទើបរកឃើញនេះ គឺ៨នាក់ជាជនជាតិចិន ធ្វើការនៅក្រុមហ៊ុន China Hui Shang Construction and Trade Co.LTD ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងក្រុមហ៊ុន Evergrand Bicycle (Cambodia) Co .LTD ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ស្ថិតនៅក្រុងបាវិត។ ចំណែកអ្នកទី៩ គឺ ជាជនជាតិខ្មែរអាយុ៣៧ឆ្នាំជាអ្នកបើកបររថយន្តឈ្នួលរស់នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង។ អ្នកវិជ្ជមានកូវីដថ្មីទាំងនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយជ្រំ។ រដ្ឋបាលខេត្តស្វាយរៀង បានជួនដំណឹងថាគេកំពុងស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដថ្មីទាំងនេះ ថែមទៀតជាមួយនឹងសេចក្តីអំពាវនាវដល់អ្នកដែលជាប់ពាក់ពន្ធ័ ឬដឹងខ្លួនថា បានប៉ះពាល់ដោយផ្ទាល់ ឬដោយ ប្រយោលជាមួយមនុស្សឆ្លងថ្មីទាំង៩នាក់នោះ ចាប់ពីថ្ងៃទី១៣មីនាឆ្នាំ២០២១មក ត្រូវធ្វើចត្តាឡីស័កនៅតាម ផ្ទះរបស់ខ្លួនរយៈពេល១៤ថ្ងៃ។ ប្រសិនជាមានការប្រែប្រួលសុខភាព ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬ ទាក់ទងទៅកាន់លេខទូរសព្ទ័ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត៕