ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក
នៅព្រឹកថ្ងៃពុធទី ៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ នឹងសួរសុខទុក្ខពលករថៃ ដែលកំពុងស្នាក់នៅ នឹងធ្វើចត្តាឡីស័ក ។
ក្នុងឱកាសចុះពិនិត្យនិងសួរសុខទុក្ខពលករនេះដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ដោយធ្វើការណែនាំ ទៅដល់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ នឹងកំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុនសែន ៣កុំនឹង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង ។
ជាមួយគ្នានេះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំបន្ថែមទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់លើការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហើយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដើរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈពេល១៤ថ្ងៃត្រូវអនុវត្តអោយបានល្អប្រសើរ ដើម្បីអោយសហគមន៍របស់យើង យកឈ្នះកូវីដ១៩ ៕ដោយ -រ៉ាវុធ