ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារបញ្ជាក់ថា ក្នុងរយៈពេល៣ខែ ដើមឆ្នំា២០២១នេះ ជំនាញរកឃើញរថយន្តកែឆ្នៃខុសលក្ខណៈ​បច្ចេកទេស​ជាង១,៣០០គ្រឿង

អត្ថបទដោយ៖
ជា សេឌី

គិតត្រឹមរយៈពេល០៣ខែ ដើមឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាលចរាចរណ៍ និងអាជ្ញាធរស្រុករវៀង បានចុះអនុវត្តសកម្មភាពរឹតបន្តឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលបើកបរនៅតាមដងផ្លូវ ដោយបានរកឃើញរថយន្តល្មើសតូច-ធំ សរុបចំនួន ១,៣១៣      គ្រឿង។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា ត្រឹមរយៈពេល៣ខែ ឆ្នាំ២០២១នេះ ពោលចាប់ពីដើមខែមករា ដល់ចុងខែមីនានេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែឆ្នៃ ខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានរកឃើញរថយន្តល្មើសច្បាប់បើកបរតាមដងផ្លូវសរុប១,៣១៣គ្រឿង ក្នុងនោះមានរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកទំនិញខុសលក្ខណៈបច្ចេកទេស តរានខាងក្រោយ តភ្លើងបំភ្លឺខុសបច្ចេកទេស និងគ្មានឯកសារគ្រប់គ្រាន់។ លោកបន្តថា ដោយអនុវត្តន៍តាមការណែនាំពី ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត តែងចុះធ្វើសក្មភាពត្រួតពិនិត្យ យានយន្តនៅតាមដងផ្លូវក្នុងភូមិសាស្ត្រខេត្ត ក្នុងទិសដៅត្រួតពិនិត្យទប់ស្កាត់រថយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស រថយន្តដឹកសំពីងសំពោង រថយន្តតរានខាងក្រោយ និងរថយន្តតភ្លើងបំភ្លឺផ្លូវខុសបច្ចេកទេសជាដើម។

លោកប្រធានមន្ទីរ បន្ថែមថា ចំពោះរថយន្តដែលល្មើស នឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំង តូច-ធំ ដែលក្រុមការងារឃាត់បានគឺត្រូវបានអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងពិន័យទៅតាមច្បាប់ជៀសវាងការប្រព្រឹត្តិខុសលើកក្រោយៗទៀត។

ជាមួយគ្នានោះ លោក សំ លាងទ្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដូចពាក្សស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមាន គ្រោះថ្នាក់ចរាចរណ៍» ហើយជាពិសេសសូមចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ដែលកំពុងតែចម្លងចូលសហគមន៍ ដោយត្រូវអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង៣ការពារ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner