ប្រទេសអាស៊ាន មានករណីឆ្លងកូវីដ-១៩ ជាង១ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន១ម៉ឺន៥ពាន់៣៤៩ ករណី និងការស្លាប់ថ្មីមានចំនួន៥៥២នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីចំនួន៧២ ករណី ក្នុងនោះការឆ្លង ក្នុងសហគមន៍មាន៧១ករណី, និង១ករណីទៀតជាការឆ្លងលើអ្នកដំណើរមកពី ក្រៅប្រទេស។
កម្ពុជាក្នុងរយ:ពេល២៤ម៉ោង មានការស្លាប់ថ្មីម្នាក់ផងដែរ ដែលនាំឲ្យការស្លាប់សរុបបានកើនឡើងដល់ ២២ នាក់ហើយ។ កម្ពុជាគិតត្រឹមថ្ងៃទី៦ខែមេសា ឆ្នាំ២០២១ ការឆ្លងកូវីដ១៩ មានសរុបចំនួន២ពាន់៨២៤ករណី, ចំណែកការព្យាបាលជាសះស្បើយមានចំនួន១ពាន់៧៩៤នាក់រាប់បញ្ចូលការព្យាបាលជាសះស្បើយ៤៧នាក់ ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា រួមមាន ៧ប្រទេស ក្នុងនោះគឺ ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ និងវៀតណាម។ ចំណែកប្រទេស ដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន៤ប្រទេស គឺប្រទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, កម្ពុជា និង ប្រទេសម៉ាឡេស៊ី។