ត្រាំអះអាងថា លោកដឹងពីសុខភាពរបស់លោក គីម ជុនអ៊ុន តែនិយាយមិនបាន
ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកដឹងពីសុខភាពរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ប៉ុន្តែបដិសេធមិនបញ្ជាក់ឲ្យច្បាស់ជាងនេះ។ ជាការបញ្ជាក់ ខណៈដែលមានការសង្ស័យថាលោក គីម ឈឺធ្ងន់ ហើយសារព័ត៌មានខ្លះ ហ៊ានចុះផ្សាយថា លោក គីម បានស្លាប់ហើយ ប៉ុន្តែសារព័ត៌មានរដ្ឋកូរ៉េខាងជើង មិនទាន់បានបញ្ជាក់ច្បាស់លាស់ទេ។ ការសង្ស័យនេះ ក្រោយពេលលោក គីម មិនមានវត្តមានក្នុងកម្មវិធីជាតិសំខាន់ៗ តែខាងកូរ៉េខាងត្បូងឯណោះវិញ ថាលោក គីម សុខភាពល្អទេ ហើយការអវត្តមាននេះ គឺគ្រាន់តែចង់គេចពីជំងឺកូវីដ១៩។
ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន ថ្មីៗនេះ លោកត្រាំថា «ខ្ញុំមានគំនិតដ៏ល្អមួយ ប៉ុន្តែខ្ញុំមិនអាចនិយាយពីរឿងនេះបានទេ ឥលូវ ខ្ញុំគ្រាន់តែជូនពរឲ្យលោក (គីម) មានសុខភាពល្អ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយ គីម ជុងអ៊ុន »
លោកត្រាំបន្តថា «ខ្ញុំសង្ឃឹមថា គាត់សុខសប្បាយធម្មតា ខ្ញុំដឹងថា គាត់មានសុខភាពយ៉ាងណា អ្នកនឹងបានដឹងពីរឿងនេះ ក្នុងពេលអនាគតដ៏ខ្លី» លោកបន្ថែមទៀតថា « គ្មាននរណាម្នាក់ដឹងថា គាត់នៅទីណាទេ»
យ៉ាងណាក៏ដោយ ក្រោយសន្និសីទសារព័ត៌មាន១ថ្ងៃ ពោលគឺថ្ងៃម្សិលមិញនេះ លោកត្រាំបែរអះអាងថា អាម៉េរិកមិនប្រាកដថា ប្រភពព័ត៌មានដែលថាសុខភាពរបស់លោកគីមដុនដាបខ្លាំងនោះ ពិតឬមិនពិតទេ៕