ទូតម៉ាឡេស៊ីនៅកម្ពុជា សហការជាមួយ Tourism Malaysia ប្រគល់កាដូលើកទឹកចិត្តដល់អង្គភាពជួរមុខ ប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 របស់កម្ពុជា
ភ្នំពេញ៖ ស្ថានទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយក្រុមប្រឹក្សាផ្សព្វផ្សាយទេសចណ៍ម៉ាឡេស៊ី «Tourism Malaysia» បានបង្កើតកម្មវិធី «យើងយកចិត្តទុកដាក់ យើងចែករំលែក» ប្រគល់ជាកាដូលើកទឹកចិត្តដល់បណ្តាអង្គភាពជួរមុខចំនួន ៥ ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ដើម្បីបង្ហាញពីភាពសាមគ្គីគ្នា រវាងស្ថាប័នសុខាភិបាល និងសហគមន៍។ កម្មវិធីនេះ គឺជាគំនិតផ្តួចផ្តើមបង្កើតឡើងដោយលោក Eldeen Husaini Bin Mohd Hashim ឯកអគ្គរាជទូត នៃស្ថានទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែលមានស្ថានភាពធ្ងន់ធ្ងរដូចជា ករណីជំងឺកូវីដត១៩ ឯកអគ្គរាជទូត នៃស្ថានទូតម៉ាឡេស៊ី បានលើកទឹកចិត្ត ដល់ប្រជាជនកម្ពុជា ទាំងមូលយកចិត្តទុកដាក់ថែរក្សាការពារសុខភាពឱ្យបានខ្ពស់នៅទីកន្លែង ដែលមានសុវត្ថិភាព និងចូលរួមផ្សព្វផ្សាយបន្តៗគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឱ្យបាត់ពីពិភពលោកយើងមួយនេះ ហើយយើងម្នាក់ៗ ទាមទារម្រូវឱ្យប្រមូលចូលរួមទាំងកម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវ ដែលប៉ះពាល់ដល់អាយុជិវិត។
លោក Eldeen Husaini Bin Mohd Hashim បានថ្លែងថា បុគ្គលម្នាក់ៗអាចប្រឆាំងនឹងជំងឺនេះបាន ប៉ុន្តែយើងមិនអាចផ្តួលវាបានទេ ប្រសិនបើយើងគ្រប់គ្នា មិនបោះបង់ចោលនូវទំលាប់ភាពរើសអើង ហើយងាកមករួបរួមសាមគ្គីគ្នាវិញទេនោះ។ យើងព្យាយាមឱ្យមនុស្សទាំងអស់ គ្នាយល់ថាបើទោះបីជាយើងមានសាសនា ឬក៏ជំនឿខុសពីគ្នាក៏ពិតមែនតែជំងឺនេះ វាមិនបានកើតឡើងខុសភាពគ្នារវាងអក្នមាន ឬអ្នកក្រ សុខភាពល្អ ឬមិនល្អ តែវាគឺជាសត្រូវរបស់យើងម្នាក់ៗ។ លោក បន្តថា នៅក្រោមកម្មវិធី «យើងយកចិត្តទុកដាក់យើងចែករំលែក» មានន័យថាយើង យកចិត្តទុកដាក់ ចំពោះអ្នកគ្រប់គ្នាដែលយើងអាចជួយបាន។ ដូចដែលយើងជ្រាបហើយ ថាប្រទេសម៉ាឡេស៊ី ក៏ដូចជាប្រទេសកម្ពុជាដែរ ប្រជាជនមានជំនឿ និងគោរពសាសនាផ្សេងៗ គ្នាហើយកម្មវិធីរបស់យើងបានបង្កើតឡើង ដើម្បីបង្ហាញដល់ប្រជាជនដែលគោរពជំនឿខុសៗ គ្នាយល់ដឹងពីមិត្តភាពម៉ាឡេស៊ី។ យើងនៅទីនេះជាមួយគ្នា, ការរួបរួមគ្នា នឹងអាចកំចាត់មេរោគនេះបាន ហើយវាក៏ជាសារចែករំលែកដែលយើង កំពុងតែអនុវត្ត តាមរយៈកម្មវិធីសប្បុរសធម៌នានានេះ។
លោក Eldeen Husaini Bin Mohd Hashim ក៏បានសរសីរផងដែរថា ប្រជាជនកម្ពុជាមានការគោរព និងអនុវត្តតាមច្បាប់ និងបទបញ្ជាដែលរាជរដ្ឋាភិបាលបានកំណត់ ដើម្បីកុំឱ្យមានការរាតត្បាតពីមេរោគនេះ ជាទ្រង់ទ្រាយធំ។ បន្ថែមពីនេះ ការជួយសំណេះសំណាលនេះ គឺដើម្បីចូលរួមគាំទ្រ លើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។ កម្មវិធីនេះ បានចាប់ផ្តើមកាលពីថ្ងៃទី២៧ ដល់២៨ ខែមេសា ហើយអង្គភាពទាំង ៥ ដែលទូតម៉ាឡេស៊ី និងTourism Malaysia បាននាំកាដូប្រគល់ជូននាពេលនោះរួមមាន៖ អង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, មន្ទីពេទ្រមិត្តភាពខ្មែរ សូវៀត, មជ្ឈមណ្ឌលជាតិផ្តល់ឈាម, មន្ទីពេទ្រកុមារ គុន្ធបុប្ផា និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕