រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសែនព្រេន និងប្រារព្វនូវពិធីកិច្ចសាសនាប្រោះព្រំ ដើម្បីបើកឲ្យធ្វើចរាចរប្រើប្រាស់នូវស្ពានថ្មថ្មី ” ១៣ មករា “ដែលមានតម្លៃប្រមាណ ៦០ម៉ឺនដុល្លារ ជាបណ្តោះអាសន្ន

អត្ថបទដោយ៖
Kien Sereyvuth

    រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំនូវពីធីសែនម្ចាស់ទឹកម្ចាស់ដី និងពិធីកិច្ចសាសនាដោយមានវត្តមានព្រះសង្ឃចំនួន២អង្គ ដើម្បីប្រារព្វពិធីសូត្រប្រោះព្រំទឹកមន្ត ដើម្បីជាកិច្ចបើកឲ្យដំណើរក្នុងការធ្វើចរាចរយានជំនិះ នៅលើស្ពានថ្មថ្មី “១៣មករា” ជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី១១ ខែមេសាឆ្នាំ២០២១នេះទៅ រហូតដល់រង់ចាំការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ ក្រោយពីបញ្ចប់នូវវិបត្តិនៃការរាតត្បាតពីជម្ងឺឆ្លងកូវីដ19 និងមានការធូរស្រាលពីការឆ្លងរីករីរាលដាលក្នុងសហគមន៍កម្ពុជា។នៅលើផ្ទាំងសិលាចារឹកនៅជាបនិងក្បាលស្ពានទាំងសងខាងពីការកំណត់ឈ្មោះស្ពានថ្មថ្មី “ស្ពាន១៣មករា” គឺដើម្បីរំលឹកនិងជាថ្ងៃរំដោះខេត្តបាត់ដំបង ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម “ប៉ុលពត”។ ហើយស្ពាននេះ ក៏ជាចំណងដៃដ៏ថ្លៃថ្លាពីសប្បុរសជនខ្មែររស់នៅប្រទេសស្វីស តាមរយៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានចាប់ផ្តើមសាងសង់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ជាស្ថាពរ ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១។

      ក្នុងកិច្ចប្រារព្វនូវពិធីនេះ ក៏មានវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ឯកឧត្តមខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាទីប្រឹក្សាសម្តេចក្រឡាហោមឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងវត្តមានឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញនិងថ្នាក់ដឹកនាំបណ្តាមន្ទីរនានាជុំវិញខេត្តមួយចំនួន។

              កន្លងទៅនេះសម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា៖ការសាងសង់នូវស្ពានថ្មថ្មីនេះ មានតម្លៃ សរុបប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក និងមានរចនាបថដូចស្ពានថ្មចាស់ដែលនៅទន្ទឹមក្បែរគ្នានេះ។ ហើយស្ពានថ្មីនេះមានបណ្តោយប្រវែង១០២ម៉ែត្រទទឹង៨ម៉ែត្រ ជាអំណោយ របស លោក គៅ ហុង និងលោកស្រី ហ៊ែកស៊ឹម មៀរីយ៉ាំ និងលោក ហេងគឹមឡេង និងលោកស្រី កូយ សុខមាន ដែលជាសប្បុរសជនខ្មែរ រស់នៅប្រទេសស្វីស និងមានស្រុកកំណើត នៅខេត្តបាត់ដំបង ដោយផ្តល់តាមរយៈសម្តេចផ្ទាល់។

       កន្លងទៅក្នុងពេលកំពុងសាងសង់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ធ្លាប់បានគូសបញ្ជាក់ធឲ្យដឹងផងដែរថា៖ស្ពានថ្មីនេះ អាជ្ញាធរខេត្តគ្រោងដាក់ស្ពាននេះឲ្យប្រើប្រាស់ជាស្ពានឆ្លងឯកទឹសក្នុងការធ្វើចរាចរណ៍ទូទៅគឺជា”ស្ពានឯកទឹស”នៅក្បែរទន្ទឹមគ្នាស្ពានថ្មចាស់ ដែលស្ថិតនៅទន្ទឹម គ្នានៅចំពីមុខសាលាខេត្តចាស់ ជាមួយគ្នានេះដែររដ្ឋបាលខេត្តបាត់ដំបង ក៏បានផ្តោតការវាយតម្លៃនិងរំពឹងទុកថា៖ ក្រោយពីការសាងសង់ស្ពានថ្មីនេះរួចរាល់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនោះ ស្ពាននៅទីនេះ និងក្លាយជាស្ពាន ឆ្លងឯកទិស ដោយធ្វើចរាចរយានជំនិះឆ្លងស្ពានពីទិសខាងលិចទៅទសខាងកើត។ដោយឡែកស្ពានសម្តេចតេជោ ហ៊ុនសែន នៅទល់មុខមន្ទីររតនាគារខេត្ត ក៏ក្លាយជាស្ពានឯកទឹសផងដែរ។ ដោយកំណត់ទិសឲ្យឆ្លងស្ពានពីទិសខាងកើតទៅទឹសខាងលិចវិញ។

     លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានឲ្យដឹងថា៖ ការបើកឲ្យដំណើរការជាបណ្តោះអាសន្ននូវស្ពានថ្មថ្មី១៣មករានៅពេលនេះគឺពិតជាផ្តល់នូវសារៈសំខាន់និងផលប្រយោជន៍ ក្នុងការកាត់បន្ថយបានការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងបាត់ដំបង បានល្អប្រសើរមួយកម្រឹតថែមទៀត។ ជាមួយគ្នានេះផងដែរ លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលធ្លាប់ចេញចូលធ្វើដំណើរឆ្លងកាត់ស្ពានសម្តេចតេជោកន្លងមក ដែលអាចធ្វើដំណើរឆ្កងកាត់ទៅមកកន្លងមកនោះ គឺ៖ ចាប់ពីថ្ងៃនេះតទៅសូមបងប្អូនធ្វើដំណើរ មុននិងឆ្លងស្ពានត្រូវពិនិត្យនូវស្លាកសញ្ញាកំណត់ជាស្ពានឆ្លងឯកទិសវិញ និងស្លាកសញ្ញាចរាចរណ៍ បញ្ចៀសទិស ដូចជាហាមបត់ឆ្វេង ឬបត់បត់ស្តាំ និងហាមឃាត់ការឆ្លងស្ពានបញ្ច្រាស់ទិសជាដើម…។ល។ ហើយការកំណត់ទិសចរាចរ មួយរយៈខ្លីនេះ សមត្ថកិច្ចតាមដងផ្លូវនិងធ្វើការអប់រំពន្យល់បងប្អូនដែលបើកបរយានជំនិះឲ្យបានស្វែងយល់ពីការកំណត់ទិសធ្វើដំណើរ និងឆ្លងស្ពានទាំង២ ខាងលើនេះផងដែរ នៅមុនពេលធ្វើការផាកពិន័យ ពីការបើកបរដោយមិនគោរពនូវស្លាកចរាចរ ដែលបានកំណត់តាមដងផ្លូវ ៕ ( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner